ចងកសម្លាប់ខ្លួន ព្រោះតូចចិត្តប្រពន្ធរត់ចោលទៅមានប្រុសថ្មី ទុកឲ្យកូនតូច២នាក់កំព្រា
ខេត្តកំពង់ឆ្នាំង៖ ការភ្ញាក់ផ្អើលមួយបានកើតឡើងដោយសារបុរសម្នាក់បានចង ក សម្លាប់ខ្លួនចោលកូនតូចៗ២នាក់ ព្រោះតែតូចចិត្តនឹងប្រពន្ឋរត់ចោលទៅមានប្រុសថ្មីជាង១ឆ្នាំទៅហើយ មិនព្រមវិលមកវិញសោះ។ ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលាម៉ោង៧ និង៣០នាទីព្រឹក ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៥ នៅក្នុងភូមិដូនទយ ឃុំសែប ស្រុកកំពង់ត្រឡាច។
លោក ហ៊ុល វាសនា អធិការនគរបាលស្រុកកំពង់ត្រឡាច បានអោយដឹងថា៖ បុរសធ្វើអត្តឃាតនេះមានឈ្មោះ ហាត ស៊ីថា អាយុ៣៧ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពង់ធំ តែបានមករស់នៅជាមួយប្រពន្ធនៅភូមិឃុំកើតហេតុខាងលើ។ ប្រពន្ធមានឈ្មោះ មាច មុំ អាយុ៣៤ឆ្នាំ គ្រួសារក្រីក្រនេះមានកូន២នាក់ កូនប្រុសបងអាយុ១១ឆ្នាំនិងកូនស្រីប្អូនអាយុ៨ឆ្នាំ ។
បុរសខាងលើនេះជាអ្នកផឹកស្រឹងរាល់ថ្ងៃ និងតែងរករឿងប្រពន្ឋកូនកាលពីជាង១ឆ្នាំមុន ដោយទ្រាំមិន បានប្រពន្ឋរបស់បុរសរូបនោះ បានរត់ចោលប្តីទៅមានប្តីថ្មីនៅខេត្តប៉ៃលិន ដោយបន្សល់ទុកកូន២នាក់ អោយប្តីជាអ្នកមើលថែ ហើយយូៗម្តងបានមកលេងផ្ទះយកប្រាក់មកអោយកូន។ នៅពេលប្តីមកផ្ទះម្តងៗ ប្តីតែអង្វរប្រពន្ឋអោយត្រឡប់មកវិញ តែប្រពន្ឋមិនព្រមឡើយ
ពេលគ្មានប្រពន្ឋនៅជាមួយក្តីបុរសរូបនោះមិនចោលទម្លាប់ផឹកស្រាឡើយ និងពេលស្រវឹងម្តងៗគេតែង វាយធ្វើបាបកូន ធ្វើអោយកូនៗមិនហ៊ានដេកជាមួយ លួចទៅដេកជាមួយអ្នកស្រុកអ្នកជិតខាង។ នៅថ្ងៃ កើតហេតុគេមិនបានដឹងថា បុរសរូបនោះបានចងកសម្លាប់ខ្លួនកាលពីពេលណានោះទេ ស្រាប់តែព្រឹកថ្ងៃ ទី០៥ ខែកុម្ភៈ អ្នកជិតខាងបានអោយកូនៗទៅហៅឪពុកប្រាប់ថាទៅរកត្រី ពេលនោះកូនៗបានទៅហៅឪពុដេកនៅលើផ្ទះ ស្រាប់តែឃើញឪពុកខ្លួនចងកស្លាប់បានទៅហើយ ទើបស្រែកឆោរឡើង។ បុរសរូប នោះបានចងកស្លាប់នៅផ្ទះឪពុកក្មេក ដែលខ្លួនមកដេករាល់ថ្ងៃ តែជាផ្ទះឪពុកក្មេកគាត់ទៅធ្វើការ នៅប្រទេសថៃគ្មានមនុស្សរស់នៅ ចំណែកផ្ទះខ្លួនឯងដំបូលជញ្ជាំងធ្លុះធ្លាយមិនអាចរស់នៅបានទេ។
នៅព្រឹកថ្ងៃទី០៥ ខែកុម្ភះ ឆ្នាំ២០១៥នេះ សមត្ថកិច្ចមូលដ្ឋានបានចុះទៅពិនិត្យសពបុរស ធ្វើអត្តឃាត ដល់កន្លែងកើតហេតុ និងក្រោយពីបានពិនិត្យដឹងថាពិតជាករណីធ្វើអត្តឃាតមែន បន្ទាប់មកសពបុរស រូបនោះសមត្ថកិច្ចបានប្រគលល់ជូនអ្នកជិតខាងក្នុងភូមិជួយរៀបចំធ្វើបុណ្យទានតាមប្រពៃណី។ជាមួយគ្នានេះដែរអាជ្ញាធរមូលដ្ឋាន សូមអំពាវនាវដល់សាច់ញាត្តិបុរសរូបនោះដែលនៅខេត្តកំពង់ធំ និងប្រពន្ធដែលកំពុងរស់នៅខេត្តប៉ៃលិន សូមប្រញាប់វិលមករៀបបុណ្យសពបុរសខាងលើនេះផងព្រោះ គ្មានសាច់ញាតិជិតស្និតទេហើយពេលនេះកូនៗទាំង២នាក់កំពុងតែរស់តែលតោលយ៉ាងកំសត់ទៀតផង ៕ ដោយ រិទ្ធិ ជ័យ