អគារសាលាមតេយ្យ ទ្រុតទ្រោម១កន្លែង ត្រូវគេវាយកំទេចចោល លោកនាយកសាលា និងអាជ្ញាធរកំពុង ស្វែងរកមុខអ្នកវាយអគារ អោយមកទទួលខុសត្រូវ
ខេត្តកំពង់ឆ្នាំង៖ មនុស្ស២ទៅ៣នាក់ កំពុងត្រូវបានលោកនាយកសាលា និងអាជ្ញាធរឃុំ ស្រុកស្វែងរកមុខអោយមកបក ស្រាយបំភ្លឺ និងអោយទទួលខុសត្រូវក្នុងការលួចវាយអគារថ្មសាលាមតេយ្យទ្រុតទ្រោមមួយកន្លែងតាមទំនើងចិត្ត ដែល ជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ នៃមន្ទីរអប់រំខេត្ត។ ការវាយអគារសាលាមតេយ្យទ្រុតទ្រោមខាងលើនេះ បានកើត ឡើងនៅវេលាម៉ោង៣ និង៣០នាទីរសៀល ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៥ ស្ថិតនៅក្នុងភូមិចំការឃ្លៃ ឃុំស្វាយជ្រុំ ស្រុក រលាប្អៀរ។
នៅព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៥ លោក សោម វឺន អភិបាលស្រុករលាប្អៀរបាននិយាយអោយដឹងថា៖ ទាក់ទងនឹងរឿងខាងលើនេះនៅថ្ងៃទី០៣ ខែកុម្ភៈនេះ លោកបានទទួលរបាយការណ៍មួយច្បាប់របស់លោក អូង ចាន់បូណ៌ ប្រធានការិយាល័យអប់រំយុវជន និងកីឡាស្រុករលាប្អៀរ បានរាយការណ៍អោយដឹងថា៖នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៥ ក្រុមការងារចំរុះបានចុះត្រួតពិនិត្យដី និងអាគារទ្រុតទ្រោមរបស់មតេយ្យសាលាស្វាយជ្រុំ ដែលត្រូវបាន គេវាយបំផ្លាញរួចអស់ទៅហើយ ដែលសាលាមតេយ្យនេះមានទំហំ៥២៣ម៉ែត្រការ៉េ អគារមានសភាពបែកបាក់ នៅតែគ្រឹះសសរ និងជញ្ជាំងបន្តិចបន្តួចគ្មានដំបូលទេ ប៉ុន្តែបានបញ្ជូលក្នុងបញ្ជីសារពើភ័ណ្ឌជាទ្រព្យសម្បត្តិរដ្ឋ រួចហើយ។
នៅក្នុងរបាយការណ៍នេះលោក ជា ណុំ ជានាយករងសាលាបឋមសិក្សាស្វាយ ជ្រុំបានអោយដឹងថា៖ កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៥ ប្រពន្ធលោក អៀ គុយម៉ុង ហៅក្តាន់ បានមកសុំធ្វើការឈូសឆាយទីធ្លា នេះដើម្បីយកកន្លែងធ្វើបុណ្យ តែលោក ជា ណុំ បានប្រាប់ថាគាត់មិនហានអនុញ្ញាត ធ្វើការឈូស ឆាយទេ។ លុះដល់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៥ វេលាជាងម៉ោង៥ល្ងាចលោកគ្រូ នុត សារ៉ា បានឃើញគ្រឿងចក្រ កំពុងធ្វើ សកម្មភាពឈូសឆាយអគារនោះ រាបដល់ដីទៅហើយ។នៅព្រឹកថ្ងៃទី២៨ លោក ស៊ីវ ចាន់ផល នាយកសាលាបឋមសិក្សា ស្វាយជ្រុំបានធ្វើលិខិត ជូនដំណឹងទៅលោកមេឃុំស្វាយជ្រុំ ជួយចាត់ចែង និងអញ្ជើញសាម៉ីជនមកបំភ្លឺ ព្រោះថាដី សាលាម តេយ្យនេះជាទ្រព្យ សម្បត្តិរបស់រដ្ឋ ពុំមានលោកគ្រូណាម្នាក់មានសិទ្ធលក់ដីសាលាមតេយ្យនេះឡើយ ទោះបីអាគារនោះទ្រុតទ្រោមគ្មាន សិស្សរៀនក៍ដោយ។
នៅព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៥ អ្នកយកព័ត៌មានយើងបានជួបសម្ភាសផ្ទាល់ជាមួយ លោក យី ភួន មេឃុំស្វាយជ្រុំនៅក្នុងសាលាឃុំស្វាយជ្រុំ លោកបានបញ្ជាក់អោយដឹងថា៖ ការលួចឈូសឆាយអគារ សាលាមតេយ្យ ស្វាយជ្រុំនេះ លោកមិនបានដឹងឡើយ។ ក្នុងរឿងនេះក៍មានប្រជាពលរដ្ឋជាច្រើននាក់បានសង្ស័យ និងរិះគន់ថា លោក ឃុបឃិតលក់ដីនេះជាមួយលោកគ្រូៗអោយគេហើយ ទើបគេហានឈូសឆាយអាគារសាលាមតេយ្យនេះ។ ក្នុងរឿង នេះលោកសូមបញ្ជាក់អោយច្បាស់ថា លោកមិនបានឃុបឃិតលក់ដីសាលាខនេះឡើយ ប្រសិនបើមានការពាក់ព័ន្ធ ក្នុងការលក់ដីនេះមែននោះ លោកនឹងចេញមុខទទួលខុសត្រូវចំពោះមុខច្បាប់មិនរាថយឡើយ។
នៅល្ងាចថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៥ លោក អៀ គុយម៉ុង ហៅក្តាន់ និងប្រពន្ធឈ្មោះ ឃូ សុខឆេង រស់នៅភូមិ ស្វាយជ្រុំថ្មី ឃុំស្វាយជ្រុំ ដែលត្រូវបានរងការចោទប្រកាន់ក្នុងរឿងឈូសផ្តួលសាលាមតេយ្យខាងលើនេះ បានបំភ្លឺអោយ អ្នកយកព័ត៌យើងដឹងថា៖ លោកទាំង២នាក់ប្តីនិងប្រពន្ធមិនមែនជាអ្នកអោយគេវាយឈូសឆាយទេ។ សាលានេះជា ដីចំណីផ្លូវ បើរដ្ឋកសាងផ្លូវចេញពីអាក់ផ្លូវជាតិ៣០ម៉ែត្រតាមគំរោងមែននោះ គឺប៉ះដីសាលានេះទាំងអស់ គ្មានសល់មួយ ម៉ែត្រឡើយ ហើយលោកក៏មិបានទិញដីសាលាមតេយ្យនេះពីអ្នកណាដែរ។ កន្លងមកអាគារទ្រុតទ្រោមនេះ ជាសំបុកអ្នក ជក់គ្រឿងញៀនរៀងរាល់យប់ ដែលប្រជាពលរដ្ឋក្នុងភូមិសុំអោយលោកគ្រូៗវាយចោលយូរហើយ ខ្លាចបាក់សង្កត់ ក្មេងៗ។
ទាក់ទងនិងរឿងនេះកាលពីថ្ងៃទី២៥ ខែមករា ស្ត្រីឈ្មោះ ឃូ សុខឆេង បានជូនបងស្រីម្នាក់ឈ្មោះធី (ប្រពន្ធលោក កែន ជាជំទប់ទី២ឃុំស្វាយជ្រុំ)ជាអ្នករាប់អានគ្នាក្នុងភូមិ ដែលមានផ្ទះនៅពីក្រោយសាលានោះ ទៅសុំលោក ជា ណុំ នាយករងសាលាបឋមសិក្សាស្វាយជ្រុំ វាយអាគារទ្រុតទ្រោមនេះចោល ដើម្បីយកកន្លែងធ្វើរោងបុណ្យក្នុងពេលខាងមុខ ពេលនោះលោកជា ណុំ បានយល់ព្រមតែមិនបានធ្វើលិខិតស្នាមអីទេ ហើយនៅពេលស្ត្រីឈ្មោះធី ជួលគ្រឿង ចក្រមកវាយនៅល្ងាចថ្ងៃទី២៧ ខែមករា ម្ចាស់គ្រឿចក្រមិនទាំងយកថ្លៃឈ្នួលវាយអាគារនោះថែមទៀតផង តែបែរជាលោកជា ណុំ ថាមិនដឹងមិនអនុញ្ញាតិទៅវិញ។លោក អៀ គុយម៉ុង បានបញ្ជាក់ទៀតថា លោកគ្រាន់តែជាអ្នក ជួយរកជួលគ្រឿងចក្រអោយស្ត្រីឈ្មោះធី តែប៉ុណ្ណោះមិនមែនជាអ្នកអោយគេវាយអាគារសាលានេះទេ ចំណែកប្រពន្ធ គាត់(ឈ្មោះ ឃូ សុខឆេង)គ្រាន់តែជាអ្នកជូន ស្ត្រីឈ្មោះធី ដែលជាអ្នករាប់អានគ្នាទៅសុំលោក ជាណុំ នាយករង សាលាស្វាយជ្រុំប៉ុណ្ណោះ។ រឿងនេះមិនពាក់ព័ន្ធជាមួយគ្រួសារលោកទេ អ្នកចោទលោកខុសការពិតហើយ៕ ដោយ រិទ្ធិ ជ័យ