ក្រុមចោរមានគ្នាយ៉ាងតិច៤នាក់ចូលធ្វើសកម្មភាពភ្ជង់ប្លន់នៅខេត្តព្រះសីហនុ សង្ស័យករណីប្រឌិតរឿង
ខេត្តព្រះសីហនុ៖ ភាពភ្ញាក់ផ្អើលមួយបានកើតឡើងបន្ទាប់ពីគ្រួសារមួយបានស្រែកឆោឡោថាមានក្រុមខ្មាន់កាំភ្លើងមួយក្រុមមានគ្នា៤នាក់បានមកភ្ជង់យកទ្រព្យសម្បត្តិរបស់ពួកគាត់អស់ជាច្រើន។ ហេតុការណីនេះបានកើតឡើងកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៥ នៅក្នុងក្រុម៦ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
យោងតាមការបញ្ជាក់ពីក្រុមគ្រួសារជនរងគ្រោះដែលប្តីមានឈ្មោះ ង៉ែត ប៊ុនស្រេង អាយុ ៣៨ឆ្នាំ និងប្រពន្ធឈ្មោះ លឹម សាមួយ អាយុ៤០ឆ្នាំ បានអោយដឹងថា ក្រុមចោរប្លន់ប្រដាប់អាវុធមួយក្រុមដែលគេសង្ស័យថាមានគ្នាយ៉ាងតិច៤នាក់ បានធ្វើសកម្មភាពប្រើកាំភ្លើងខ្លីចូលមកភ្ជង់ប្លន់យកមាស ប្រាក់ ពីប្រជាពលរដ្ឋមួយគ្រួសារ ដែលប្រកបអាជីវកម្មទិញ លក់ផលនេសាទសមុទ្រ ដោយជនរងគ្រោះបានអះអាងថា បានបាត់បង់ប្រាក់ដុល្លារជាង១ម៉ឺនដុល្លារ ប្រាក់បាត៨ពាន់បាត ប្រាក់រៀល២លានរៀល និងគ្រឿងអលង្កាមួយចំនួនទៀត ។
ក្នុងករណីនេះ ជនរងគ្រោះមិនមានរងរបួស ឬប៉ះពាល់ដល់អាយុជីវិតដោយសារតែគ្រាប់កាំភ្លើងនោះទេ ហើយក្រោយប្លន់បានសម្រេច ក្រុមជនល្មើសបានជិះរថយន្តគេចខ្លួន ។ ប៉ុន្តែនៅពេលបន្តិចក្រោយមក បន្ទាប់ពីមានករណីនៃសកម្មភាពប្លន់ប្រដាប់អាវុធកើតឡើង សមត្ថកិច្ចបានអះអាងថា គឺជារឿង មិនពិតនោះទេ គ្រាន់តែជារឿងប្រឌិតរបស់២នាក់ប្តីប្រពន្ធនេះតែប៉ុណ្ណោះ ។
ដោយឡែកលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបញ្ជាក់ថា រឿងនេះយោងតាមការស្រាវជ្រាវជំហានដំបូង បានដឹងថា អាចជារឿងមិនពិតទេ ព្រោះយើងទទួលព័ត៌មានច្រើនជុំវិញកន្លែងកើតហេតុមិនមានអីភ្ញាក់ផ្អើល ហើយក៏គ្មានឃើញឡានណាចតដូចភិនភាគអះអាង នោះទេ ហើយគេបំភ្លឺពីប្រវត្តិបច្ចុប្បន្នរបស់គាត់ហើយ ដូច្នេះយើងសន្និដ្ឋានថាជារឿងមិនពិត យើង ធ្វើការស្រាវជ្រាវបន្តទៀត៕ សមុទ្រខៀវ
http://ift.tt/1IDiWat