លោក អ៊ុយ វិត រងការរិះគន់ថា កំពុងគៃបន្លំយកប្រាក់ពន្ធរដ្ឋដោយចាត់តាំងឱ្យបក្ខពួក ប្រលុយក្រោមតុ ពីឈ្មួញនាំចូលទំនិញពីប្រទេសថៃចូលតាម ច្រកភ្នំដី និងច្រករបៀង
ខេត្តបាត់ដំបង៖ ៖ ក្រុមឈ្មួញតូចតាចបានបង្ហើបឲ្យដឹងថា ទោះជាមានការផ្លាស់ប្តូរ មន្ត្រីមួយចំនួន សំដៅធ្វើការកែទម្រង់ យ៉ាងណាក៏ដោយ ក៏ឈ្មួញមានលុយ មានអំណាច នៅតែមានឱកាស ដឹកជញ្ជូន ទំនិញគេចពន្ធ ឆ្លងកាត់ច្រកភ្នំដី ស្ថិតក្នុងភូមិគីឡូលេខ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ដោយរលូន ហើយករណីខ្លះ លោក អ៊ុយ វិត ប្រធានការិយាល័យគយ និងរដ្ឋាករច្រកទ្វារភ្នំដី បានឃុបឃិត ជាមួយឈ្មួញ ដោយបញ្ជាឲ្យមន្ត្រីស្និទៗ ក្រោមឱវាទ ប្រមូលលុយពីឈ្មួញ ពីប្រភពទំនិញឃុបឃិតឱ្យមានការបង់ពន្ធមិនគ្រប់ និងទំនិញគេចពន្ធ យកទៅចែកគ្នាច្រកហោប៉ៅ។ ។ លោក អ៊ុយ វិត មានបទពិសោធគ្រប់គ្រាន់រឿងប្រព្រឹត្តអំពើពុករលួយតាំងពីនៅជាប្រធានច្រកទ្វារអន្តរជាតិជាំស្រងាំ ខេត្តឧត្តរមានជ័យមកម្ល៉េះ។ លោក អ៊ុយ វិត ត្រូវបានមន្ត្រីមួយចំនួនក្នុងស្ថាប័នគយរិះគន់ថា ជាមន្ត្រីគយ ពូកែរកលុយយកមកអភិវឌ្ឍន៍មុខតំណែងបានជាបន្តបន្ទាប់។
មន្ត្រីពាក់ព័ន្ធប្រចាំនៅមាត់ច្រកនោះបានទម្លាយឲ្យដឹងថា បន្ទាប់ពីលោក អ៊ុយ វិត ទទួលបានសិទ្ធិចាត់ចែងកិច្ចការគយច្រកភ្នំដី បានប្រើអំណាចផ្ទាល់ខ្លួន ដោយអួតអាងជាហូរហែ យកឈ្មោះថ្នាក់លើ ថាជាខ្សែទុយោរបស់ខ្លួន មកគាបសង្កត់បន្លាចមន្ត្រីថ្នាក់ក្រោមឱ្យខ្លាច ឆ្លៀតបង្កើតបក្ខពួកឃុបឃិតជាមួយឈ្មួញនាំទំនិញពីប្រទេសថៃ បើកភ្លើងខៀវឲ្យមានទំនិញគេចពន្ធ និងទំនិញបង់ពន្ធមិនគ្រប់ហូរចូលកាន់តែច្រើនឡើងៗ ដើម្បីប្រមូលប្រាក់ពីពួកឈ្មួញច្រកហោប៉ៅ ។ ប្រភពបញ្ជាក់ថាភាពធូររលង់នោះបង្កើតឱ្យមានការរត់ពន្ធទំនិញនាំចូលពីប្រទេសថៃកាន់តែអនាធិបតេយ្យលើសជំនាន់លោក ជា វុទ្ធី ទៅទៀត។ ករណីនេះលោក គុណ ញឹម អគ្គនាយកកយ និងរដ្ឋាករកម្ពុជាគួរត្រួតពិនិត្យភាពអសកម្មរសប់លោក អ៊ុយ វិត ជាបន្ទាន់ ព្រោះអ្វីៗដែល លោក អ៊ុយ វិត និងបក្ខពួកកំពុងប្រព្រឹត្តនេះគឺផ្ទុយអំពីគោលការណ៍ប្រមូលពន្ធរបស់អគ្គនាយកដ្ឋានគយ ដែលធ្វើឱ្យបាត់បង់ប្រាក់ពន្ធចំណូលរដ្ឋគួរឱ្យញាក់សាច់។
មានការលើកឡើងថា ទំនិញដែលក្រុមឈ្មួញខិលខូច នាំចូលទំនិញគេចពន្ធពីប្រទេសថៃដឹកតាមរថយន្តធំៗចូលមកកម្ពុជាតាមច្រកទ្វារភ្នំដី ភាគច្រើន ជាប្រភេទ ទំនិញគេចពន្ធ និងទំនិញខុសច្បាប់ ដែលជាប្រភពការប្រមូលប្រាក់ពុករលួយចែកគ្នាច្រហោប៉ៅធ្វើមានធ្វើបានរាប់ក្រោមការចាត់ចែកពីលោក អ៊ុយ វិត។ ប្រភពដដែល បានបញ្ជាក់ថា ទំនិញនាំចូល ក្នុងពេលសព្វថ្ងៃនេះ ត្រូវបង់ពន្ធខ្ពស់ តែដោយមានការ ឃុបឃិតគ្នា បង់ពន្ធត្រឹមតែ ៣០ទៅ៤០ ភាគរយប៉ុណ្ណោះ នាំឲ្យរដ្ឋត្រូវខាតបង់ ចំណូលពន្ធ រាប់សិបម៉ឺនដុល្លារ ក្នុងមួយខែៗ។ ក្រៅតែពីប្រើអំណាចប្រព្រឹត្តអំពើពុករលួយកេងបន្លំបំបាត់ពន្ធរដ្ឋ លោក អ៊ុយ វិត បានលួចបើកបង្ហើបច្រករបៀងពីរទៀតដែលនៅក្បែរៗច្រកទ្វារភ្នំដី ដោយចាត់តាំងសាច់ញាតិឲ្យចូលទៅក្បែរទឹកដីថៃ ប្រចាំការ ចាំប្រមូលលុយ រាប់ក្បាលឡានដឹកទំនិញ,ម៉ូតូ ឡាន គ្រឿងចក្រ គេចពន្ធ ឆ្លងកាត់ទីនោះ។ ក្រៅ លោក អ៊ុយ វិត ពីចាត់តាំងឱ្យបក្ខពួកមួយក្រុមទៀតមានគ្នា៣ ទៅ៤នាក់ ដាក់ប៉ុស្តិ៍ជជុះ នៅចំណូចភូមិវាលវង់ ឃុំតាស្តា ក្នុងស្រុកសំពៅលូនដដែលនេះស្ទាក់ឡានដឹកបន្លែ ត្រី សាច់ អីវាន់ ដឹកតាម រថយន្តតូចៗបន្តិចបន្ទួច ដែលទំនិញនេះបានបង់នៅមាត់ច្រកភ្នំដីរួចទៅហើយ ដោយកោសរូសទារ១រថយន្តចាប់ពីរ២ម៉ឺនរៀលទៅ៥ម៉ឺនរៀល ជួនរាប់ម៉ឺនបាត បើហ៊ានធ្វើឱ្យលោកគយខឹង។
ប្រភពបានបង្ហើបឲ្យដឹងថា ក្រៅតែពីប្រព្រឹត្តអំពើពុករលួយខាងលើនេះ មន្ត្រីគយថ្នាក់ទ្រើសៗបីរូបក្រោមបង្គាប់ លោក អ៊ុយ វិត ក៏បានរងគ្រោះដោយលោក អ៊ុយ វិត កាត់យករបបប្រចាំខែអស់គ្មានសល់ចាប់តាំងពីលោក អ៊ុយ វិត មកកាន់តំណែងជាប្រធានគយច្រកភ្នំដីនោះមក។ ដោយឡែកសូម្បីតែ «ទឹកតែ» ខ្លះដែលត្រូវបញ្ជូនទៅសាខា គយខេត្តបាត់ដំបងក៏ត្រូវ លោក អ៊ុយ វិត ហ៊ានបញ្ចប់ដែរ។ ប្រភពបានបញ្ជាក់ថា លោក អ៊ុយ វិត ហ៊ានប្រព្រឹត្តអ្វីៗតាមអំពើចិត្តដូចអ្នកក្លាហានជិះសេះលែងដៃ គឺដោយសារ លោក អ៊ុយ វិត បានអួតអាងខ្លួនថា ជាមិត្តភក្តិនឹង លោក អូន ព័ន្ធមុនីរ័ត្ន បច្ចុប្បន្នជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ យ៉ាងដូច្នេះហើយទើប លោក អ៊ុយ វិត អាចផ្លាស់ពីមេគយនៅច្រកទ្វារអន្តរជាតិជាំស្រងាំ ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ មកកាន់ច្រកទ្វារភ្នំដី ខេត្តបាត់ដំបងបានយ៉ាងងាយស្រួល។ ទោះយ៉ាងណាការទម្លាយព័ត៌មានរឿងរាវមួយចំនួនខាងលើនេះ គេហទំព័រ «ខ្មែរអង្គរ» កំពុងស្វែងរកការបំភ្លឺពី លោក អ៊ុយ វិត ប្រធានការិយាល័យគយ និងរដ្ឋាករច្រកភ្នំដី មិនទាន់បាននៅឡើយទេ៕
លោក អ៊ុយ វិត ប្រធានការិយាល័យគយ និងរដ្ឋាករច្រកទ្វារភ្នំដី
http://ift.tt/2m9U7RX