បារាំងផ្តល់ហិរញ្ញប្បទាន ដល់គម្រោង អគ្គិសនីកម្មជនបទ
Monday 03/11/2014 Time : 02 : 00 pm
ភ្នំពេញ៖ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) ផ្តល់ហិរញ្ញប្បទាន ដល់គម្រោងមីក្រូហិរញ្ញវត្ថុបៃតងដែលនឹងអនុញ្ញាតឲ្យពលរដ្ឋកម្ពុជា២៥ ០០០គ្រួសារទទួលបាន ឧបករណ៍ផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យនៅតាមទីជនបទ។
យោងតាម សេចក្ដីប្រកាសព័ត៌មានរបស់ AFD នៅថ្ងៃ ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៤ បានឲ្យដឹងថា តាមរយ: កម្មវិធីនេះ AFD បន្តសកម្ម ភាពរបស់ខ្លួនក្នុងវិស័យអាទិភាពមួយ របស់រាជរដ្ឋាភិបាលកម្ពុជាគឺការផ្គត់ផ្គង់អគ្គិសនីនៅតាមទីជនបទ។
កិច្ចព្រមព្រៀងហិរញ្ញប្បទាន សម្បទានចំនួនបីដែលមានទឹកប្រាក់សរុប៦លានដុល្លារ (ប្រមាណ៤,៧លានអឺរ៉ូ) ត្រូវបានចុះហត្ថលេខាកាលពីថ្ងៃសុក្រ ទី៣១ តុលា ២០១៤ រវាង AFD និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជាចំនួនបី គឺ ក្រេឌីត ធនាគារ ភូមិ និងវីសិនហ្វាន់ ។ ឥណទាន នេះគឺជាការបំពេញ បន្ថែមទៅលើជំនួយឥត សំណងចំនួន ២លានអឺរ៉ូ របស់សហគមន៍អឺរ៉ុប ដែលត្រូវបានផ្តល់ឲ្យក្នុង ក្របខ័ណ្ឌមូលនិធិ Asian Investment Facility (AIF)។
AFD នឹងអនុញ្ញាត ឲ្យគ្រឹះស្ថានហិរញ្ញវត្ថុទាំងបីផ្តល់កម្ចីបន្តដល់អតិថិជនរបស់ខ្លួន ដែលរស់នៅតំបន់គ្មានបណ្តាញអគ្គិសនីរដ្ឋ ឬឯកជនដើម្បីឲ្យពួកគាត់អាច មានលទ្ធភាពទិញឧបករណ៍ ផលិតថាមពលប្រើពន្លឺព្រះអាទិត្យ។ចំណែកមូលនិធិ AIF វិញមានគោលដៅលើក កម្ពស់ការយល់ដឹង របស់អតិថិជនអំពីឧបករណ៍ផលិតថាមពលប្រើពន្លឺព្រះអាទិត្យ៕
ដោយៈ សូសៀង
រៀបចំដោយៈ ភក្ដី
By: khmeronlinenews.com
http://ift.tt/eA8V8J