ជនជាតិម៉ុងតាញ៉ាដែល កំពុងលាក់ខ្លួនក្នុងព្រៃ ខេត្តរតនគិរីកំពុងជួបផលលំបាក
Friday 28/11/2014 Time : 09 : 03 am
រតនគិរី៖ ជនជាតិដើមភាគតិចរស់នៅភាគកណ្ដាលប្រទេសវៀតណាម ដែលគេហៅថាជនជាតិម៉ុងតាញ៉ា ប្រមាណ ១៣នាក់ដែលរត់មកសំងំលាក់ខ្លួនក្នុងព្រៃខេត្តរតនគិរីប្រមាណ១ខែកន្លងទៅនេះ នៅមិនទាន់ទទួលបានជំនួយសង្គ្រោះនៅឡើយ។ពួកគេបីនាក់ក្នុងចំណោម ១៣នាក់ កំពុងមានជំងឺគ្រុនចាញ់ហើយត្រូវការព្យាបាលជាបន្ទាន់។
ទាក់ទិនបញ្ហានេះដែរជនជាតិដើមភាគតិចខ្មែរដែលដឹងពីកន្លែងលាក់ខ្លួនរបស់ក្រុមម៉ុងតាញ៉ាសុំមិនឲ្យបញ្ចេញឈ្មោះអះអាងថា ក្រុមម៉ុងតាញ៉ា ១៣នាក់នោះបានលាក់ខ្លួនជាពីរក្រុមផ្សេងគ្នាហើយពួកគេនៅតែព្រួយបារម្ភពីសុវត្ថិភាពនិងត្រូវការជំនួយសង្គ្រោះបន្ទាន់ពីមន្ត្រីឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន ហៅកាត់ យូ.អិន.អេច្ឆ..ស៊ី.អ (UNHCR)។
ប្រជាពលរដ្ឋដដែលកត់សំគាល់ថាពួកគេទទួលបានអាហារតិចតួចបំផុតពីប្រជាពលរដ្ឋជនជាតិដើមខ្មែរអ្នកធ្វើចម្ការក្នុងព្រៃជាអ្នកផ្ដល់ឲ្យ។ការផ្ដល់ស្បៀងអាហារមិនបានគ្រប់គ្រាន់ គឺមួយថ្ងៃហូបបានមួយពេលចំណែកថ្ងៃខ្លះមិនមានអាហារបរិភោគដោយសារអ្នកផ្តល់អាហារមិនហ៊ានចូលទៅកន្លែងលាក់ខ្លួនពួកគេព្រោះសមត្ថកិច្ចមូលដ្ឋានដាក់កម្លាំងឃ្លាំមើល។
ឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន ហៅកាត់ថាយូ.អិន.អេច្ឆ.ស៊ី.អ អះអាងថាពួកគេកំពុងពិភាក្សាគ្នាដើម្បីស្វែងរកជនភៀសខ្លួនម៉ុងតាញ៉ា។
មន្ត្រីនាំពាក្យប្រចាំតំបន់នៃឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន អ្នកស្រី វីវៀន តាន់ (Vivian Tan) ឲ្យដឹងតាមសារអេឡិចត្រូនិកច ឬអ៊ីម៉ែល (email) នៅថ្ងៃ ទី២៧ វិច្ឆិកាថាឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនកំពុងបន្តពិភាក្សា ដើម្បីព្យាយាមនាំយកជនភៀសខ្លួនម៉ុងតាញ៉ាចេញពីទីកន្លែងដែលពួកគេកំពុងលាក់ខ្លួននៅខេត្តរតនគិរី។អ្នកស្រីបន្តថា លុះណាតែពួកគេត្រូវបានយកចេញពីក្នុងព្រៃសិនទើបពួកគេអាចទទួលបានការគាំពារទៅតាមដំណើរការនៃសិទ្ធិសុំជ្រកកោនបាន។
លើសពីនេះ អ្នកស្រី វីវៀន តាន់ ក៏អំពាវនាវទៅរដ្ឋាភិបាលកម្ពុជាកុំឲ្យចាប់បញ្ជូនជនភៀសខ្លួនម៉ុងតាញ៉ា ត្រឡប់ទៅប្រទេសវៀតណាមវិញព្រោះថា ពួកគេអាចប្រឈមនឹងគ្រោះថ្នាក់៕
ដោយៈ និរតី
រៀបចំដោយៈ ចំរើន
By: khmeronlinenews.com
http://ift.tt/eA8V8J