បន្ទាប់ពីតាមទាន់ ឃើញប្តីដេកលើគ្រែជាមួយស្រីស្នេហ៍ ប្តីលុតជង្គង់សុំក្តីមេត្តាតែបែរជាប្រពន្ធនៅតែយកកាំភ្លើងអាកា AK បាញ់ទម្លាយពោះ ដួលដាច់ផ្ងាររបូសធ្ងន់
ខេត្តឧត្តរមានជ័យ៖ ប្រពន្ធរបស់មន្ត្រីយោធាម្នាក់ ខឹងប្តីយកស្រីស្នេហ៍ទៅដេកអោប នៅក្នុងបន្ទាយ ដោយក្តៅក្រហាយពេក ទ្រាំមិនបានយកកាំភ្លើង AKស្វាយបត់របស់ប្តី បាញ់ប្តីចិត្តក្បត់ចំនួន៥គ្រាប់ របួសធ្ងន់ហូរឈាមដាបតែត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកអន្លង់វែងរបួសធ្ងន់ពេកក៏បានបញ្ជូនបន្តទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខេត្តសៀមរាប ។ ហេតុការណ៍ផ្ទុះផ្ទុះអាវុធ ចេញពីភ្លើងប្រចណ្ឌនេះ បានកើតឡើងនៅវេលាម៉ោង១០និង៣០នាទី ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៤ ស្ថិតត្រពាំងបី ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ។
លោក មុត ម៉េង នាយរងប៉ុស្តិ៍ព្រះប្រឡាយ នៃវរសេនាតូចការពារព្រំដែនលេខ៩០៥ និងលោក យ៉ាន យ័ន មន្ត្រីយោធាប្រចាំកងអនុសេនាធំលេខ៤ ផ្នែកសឹករងស្រុកត្រពាំងប្រាសាទ ប្រចាំការនៅត្រពាំងបីបានឲ្យដឹងថា៖ ជនរងគ្រោះឈ្មោះ ណែម វ៉ាង ភេទប្រុស អាយុ២៩ឆ្នាំ ជាទាហានភូមិភាគ៤ ប្រចាំភូមិត្រពាំងបី ដែលត្រូវប្រពន្ធឈ្មោះ តាន ធារី អាយុ៣១ឆ្នាំ ទីលំនៅបច្ចុប្បន្នរស់នៅទីរួមស្រុកត្រពាំងប្រាសាទ បានយកកាំភ្លើង AKស្វាយបត់របស់ប្តីដែលទុកនៅក្នុងរថយន្តបាញ់ចំនួន៥គ្រាប់ តែត្រូវចំនួន២គ្រាប់ បណ្តាលឲ្យរបួសធ្ងន់សន្លប់នៅនឹងកន្លែងកើតហេតុ ។
លោកនាយរងប៉ុស្តិ៍ និងលោក យ៉ាន យ័ន ក៏បានបន្តថា តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុពីប្រជាពលរដ្ឋបានប្រាប់ថា ដំបូងគេឃើញប្រពន្ធជនរងគ្រោះជិះម៉ូតូឌុបមកពីផ្ទះនៅទីរួមស្រុកត្រពាំងប្រាសាទមកលេងប្តី តែពេលមកដល់ក៏ឃើញប្តីកំពុងដេកអោបស្រីផ្សេងនៅក្នុងបន្ទាយ ស្ត្រីជាប្រពន្ធមិនមានមាត់ករអ្វីទេទំនងភ្នំភ្លើងបានផ្ទុះពីខាងក្នុងទៅ ហើយ ក្តៅណាស់ ហើយក៏ដើរទៅយកចង្ក្រានហ្គ្រាសទៅវាយកញ្ចក់រថយន្តរបស់ប្តី យកកាំភ្លើង AKស្វាយបត់ រីឯប្តីជាជនរងគ្រោះដឹងថា ប្រពន្ធខ្លួនឃើញទាន់ ក៏នាំស្រីស្នេហ៍ទៅលាក់ក្នុងបន្ទប់បន្ទាយ រួចចាក់សោរពីក្រៅ ព្រោះខ្លាចប្រពន្ធរករឿងស្រីស្នេហ៍ រួចហើយក៏បានដើរទៅលត់ជង្គង់សំពះសុំអង្វរកុំឲ្យប្រពន្ធកុំរករឿង ព្រោះ ខ្លាចកើតជារឿងវែងឆ្ងាយ។
លោក យ៉ាន យ័ន ក៏បានបន្តថា ពេលនោះស្ត្រីជាប្រពន្ធក៏មានការខឹងសម្ប៉ានឹងប្តីខ្លាំងពេក ដែលយកស្រីទៅដេកថ្នាក់ថ្នមនៅលើគ្រែជាមួយគ្នា ឃើញនឹងភ្នែកស្រស់ៗ យ៉ាង នេះទប់មិបបានឡើយ ក៏បាញ់ចំនួន៥គ្រាប់ តែត្រូវចំប្តីចំនួន ២គ្រាប់ ទម្លាយកបាលពោះ ធ្លាយទៅគូទក្រោយ បណ្តាលឲ្យខ្ចាយហូរឈាមដួលអុកគូទនឹងដីសន្លប់នៅនឹងកន្លែង។ ហើយភ្លាមៗនោះស្ត្រីដៃដល់ជាប្រពន្ធ ក៏បានទំលាក់កាំភ្លើងចោលរួចរត់គេចខ្លួនបាត់ ក៏ប៉ុន្តែសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវតាមឃាត់ខ្លួនហើយ។
ជនរងគ្រោះឈ្មោះ ណែម វ៉ាង បន្ទាប់ពីកើតហេតុដែលត្រូវប្រពន្ធកាត់ទោដោយបាញ់សម្លាប់តែសំណាងណាស់បានត្រឹមតែរបួសនោះ ត្រូវបានស្រីស្នេហ៍ និងអ្នកជិតខាងនាំយកទៅមន្ទីរពេទ្យបង្អែកស្រុកអន្លង់វែង តែដោយសារស្ថានភាពរបួសធ្ងន់ធ្ងរពេកគ្រូពេទ្យក៏បញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យខេត្តសៀមរាប ដើម្បីសង្គ្រោះបន្តទៀត៕ ចាន់ សុភា