ក្រុមហ៊ុន AZ មានភាពអាថ៌កំបាំងរឿងបង់ប្រាក់ចូលថវិកាជាតិ បានពីអាជីវកម្មប្រមូលប្រាក់ពីរថយន្តឆ្លងកាត់ផ្លូវជាតិ៤ ស្ថាប័នជាតិគួរពិនិត្យឡើងវិញ
ភ្នំពេញ ៖ក្រុមហ៊ុន AZ របស់លោកឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ ត្រូវបានល្បីល្បាញគេស្គាល់ដោយសារក្រុមហ៊ុនមួយនេះមានវាសនាដ៏ចម្លែកទទួលបានផ្លូវជាតិលេ៤ទាំងមូលដែលមិនបានចេញដើមទុន១កាក់១សេនសោះក្នុងការធ្វើផ្លូវនោះ បានមានសិទ្ធិអំណាចយ៉ាងពេញដៃក្នុងការប្រមូលលុយយ៉ាងស្រួលបំផុតពីប្រជាពលរដ្ឋ និងពាណិជ្ជករដែលបានបើកបររថយន្តលើផ្លូវនោះ ។ ជាក់ស្តែង ការផ្តល់សិទ្ធិឲ្យក្រុមហ៊ុន AZ របស់លោកឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ ដាក់បញ្ជរប្រមូលលុយ ពីរថយន្តធ្វើដំណើរឆ្លងកាត់ ផ្លូវជាតិលេខ៤ ដែលត្រូវបានសាងសង់ឡើង ក្រោមមូលនិធីសប្បុរសធម៌ របស់ប្រជាជនអាមេរិកកាលពីថ្ងៃទី២៦ ខែមីនាឆ្នាំ២០០១ ដោយគ្មានការដេញថ្លៃតែវាបានធ្វើឲ្យមានការភ្ញាក់ផ្អើលទូទាំងប្រទេស។ ក្នុងលក្ខខណ្ឌដែលក្រុមហ៊ុន AZ Distribution Co.Ltd ត្រូវបានក្រសួងសាធារណការ និងដឹកជញ្ជូន បានសម្រេចប្រគល់ផ្លូវជាតិលេខ៤ ឲ្យខ្លួនជាអ្នកគ្រប់គ្រង ដោយមិនបានបញ្ជាក់ អំពីតម្លៃប្រចាំឆ្នាំ សម្រាប់បង់ចូលថវិកាជាតិក្រោមលេសថែទាំជួសជុលផ្លូវជាតិលេខ៤ នោះក្រុមហ៊ុន AZ បានមាន ឱកាសកេញប្រវញ្ចថវិកាជាតិជាងដប់ឆ្នាំមកហើយ ។
ប្រជាពលរដ្ឋក៏ដូចជា ក្រុមហ៊ុនរកស៊ីដឹកជញ្ជូន ដែលមិនសប្បាយចិត្ត បាននិយាយថាក្រុមហ៊ុន AZ បានសាងសង់ ទីតាំងបញ្ជរយកលុយចំនួន ៤ កន្លែង នៅតាមបណ្តោយ ផ្លូវជាតិលេខ៤ គឺនៅរាជធានីភ្នំពេញ ក្រុងកំពង់ស្ពឺ ស្រែអំបិល និងនៅបរិវេណ ខេត្តព្រះសីហនុ ។ នៅតាមទីតាំងយកប្រាក់នីមួយៗ គឺតម្រូវឲ្យអ្នកដំណើរបង់លុយ ០.៦៧ ដុល្លារ សម្រាប់រថយន្ត ជាលក្ខណៈគ្រួសារ បានន័យថារថយន្ត ដែលធ្វើដំណើរពីភ្នំពេញ ទៅខេត្តព្រះសីហនុ ត្រូវបង់ថ្លៃផ្លូវសរុប ទាំងអស់ចំនួន ២.៦៨ ដុល្លារអាមេរិក ។ យោងតាមប្រភពមួយ បានលើកឡើងថា ២២ភាគរយ នៃការបង្ខំ ឲ្យរថយន្តបង់លុយទាំងអស់ គឺទុកជាថវិការបស់រដ្ឋសម្រាប់ការស្ថាបនាផ្លូវឡើងវិញចឹងមានន័យថាជាង៧០ភាករយទៀតនៅក្នុងដៃក្រុមហ៊ុន? ។
សូមបញ្ជាក់ដែរថាលោក ស៊ុន ឆ័យ ដែលជាអតីតប្រធាន ផ្នែកកិច្ចការសារធារណៈ និងដឹកជញ្ជូននៃសភាជាតិ នៃគណបក្សសមរង្ស៊ីធ្លាប់បានចោទប្រកាន់ថា ការផ្ទេរកម្មសិទ្ធិរដ្ឋ ទៅជាកម្មសិទ្ធិឯកជននេះ គឺជាអំពើពុករលួយ ព្រោះផ្លូវជាតិលេខ៤នេះ ស្ថិតក្រោមកិច្ចព្រមព្រៀង ស្ថាបនា សហប្រតិបត្តិការ និងចែករំលែក ប៉ុន្តែនៅពេលនេះ វាបានផ្ទុយពីកិច្ចព្រមព្រៀង នេះទៅវិញ ។ កន្លងមក សភាជាតិ ក៏បានស្នើឲ្យ សម្តេច ហ៊ុន សែន លុបចោលគម្រោង កិច្ចសន្យារយៈពេល ៣៥ ឆ្នាំ មួយជាមួយក្រុមហ៊ុនក្នុងស្រុក លើគម្រោងថែទាំ ផ្លូវជាតិលេខ៤ ដោយចោទប្រកាន់ថា ក្រុមហ៊ុននេះ ត្រូវបានជ្រើសឡើង ដោយគ្មានទម្រង់ការ ច្បាស់លាស់ ។
លោក អ៊ឹង ប៊ុនហូវ នាយកក្រុមហ៊ុន AZ ត្រូវបានគេទទួលស្គាល់ថា ជាឈ្មួញដ៏មានអំណាចឥទ្ធិពល ទ្រព្យសម្បត្ដិ បន្ទាប់ពីមានសំណាង បានទទួលសិទ្ធិ គ្រប់គ្រងផ្លូវជាតិលេខ៤ យកប្រាក់ពីរថយន្ដធ្វើដំណើរលើដងផ្លូវនេះ ប៉ះពាល់ជីវភាពរបស់ ប្រជាពលរដ្ឋយ៉ាងធ្ងន់ធ្ងរ ។ កន្លងមកក្នុងរាជរដ្ឋាភបាលអាណត្តិទី៤លោក អ៊ឹង ប៊ុនហូវ ទទួលបានការតែងតាំងជារដ្ឋលេខាធិកាក្រសួងសាធារណការ និងដឹកជញ្ជូនទទួលបន្ទុកស្ពានថ្នល់ថែមទៀតដែលជាឱកាសមាសរបស់គាត់។ ព្រោះបច្ចុប្បន្ននេះ ក្នុងមួយថ្ងៃៗ មានរថយន្ដ ឆ្លងកាត់ប៉ុស្តិ៍បញ្ជរលើផ្លូវជាតិលេខ៤ រាប់ម៉ឺនគ្រឿង ក្នុងនោះរថយន្ដធុនធំដឹកទំនិញ ដែលមានរាប់រយក្រុមហ៊ុន មួយគ្រឿង ត្រូវបង់ប្រាក់ចាប់ពី ១៨ ដុល្លារឡើងទៅ គឺចំណូលទាំងនេះ ធ្លាក់ចូលក្រុមហ៊ុន AZ ។
កន្លងទៅអ្នកឧកញ៉ា សុខ គង់ អគ្គនាយកក្រុមហ៊ុនសូគីមិចធ្លាប់ បានថ្លែងប្រាប់ អ្នកកាសែតថា ក្រុមហ៊ុន AZ យកលុយពីប្រជាពលរដ្ឋ និងក្រុមហ៊ុនផ្សេងទៀត ស្រួលអីក៏ស្រួលម្ល៉េះ ដោយ គ្រាន់តែរថយន្ដដឹកប្រេង របស់ក្រុមហ៊ុនសូគិមិច ក្នុងមួយខែៗក៏បង់រាប់ម៉ឺនដុល្លារ ពីការឆ្លង កាត់ផ្លូវជាតិលេខ៤ ។ ក្រុមហ៊ុនដឹកជញ្ជូនជាច្រើនទៀត បានលើកឡើងថា រថយន្ដមួយគ្រឿងដឹកទំនិញបង់ប្រាក់ ១៨ដុល្លារ មានរាប់ម៉ឺនរាប់សែនគ្រឿង ក្នុងមួយថ្ងៃៗ ហើយករណីដឹកលើសទម្ងន់ក្នុង ១តោន ក្រុមហ៊ុន AZ ពិន័យចំនួន ៥ម៉ឺនរៀល បើលើស ២តោនពិន័យ ១០ម៉ឺនរៀល ប៉ុន្ដែបើលើស ៣តោន ត្រូវពិន័យ ១៥ម៉ឺនរៀលគុណនឹង២ ស្មើនឹង ៣០ ម៉ឺនរៀលផងដែរ ឃើញថា ក្រុមហ៊ុន AZ ទទួលបានចំណូលច្រើនណាស់ ពីការធ្វើនំអត់ម្សៅ សមល្មមដល់ពេលលុបចោលកិច្ចសន្យា ឬក៏សិក្សាឡើងវិញដោយប្រកាសជាសាធារណៈនូវជំណូលរដ្ឋដែលបានពិក្រុមហ៊ុន AZ ហើយ។
ទោះយ៉ាងណាគេមិនត្រូវគិតរំលងឡើយ ប្រជាពលរដ្ឋស្ទើរតែទូទាំងប្រទេសបានរយៈពេល ១៣ឆ្នាំ នេះ ដែលជារយៈពេលក្រុមហ៊ុនAZ ធ្វើនំអត់ម្សៅ ឈរជើងប្រមូលលុយលើដងផ្លូវជាតិលេខ៤នោះ បានធ្វើឲ្យប្រជាពលរដ្ឋ ដែលបានធ្វើដំណើរលើដងផ្លូវនេះដោយរថយន្តមានការថ្នាក់ថ្នាំងចិត្ត ខឹងសម្បារនឹងក្រុមហ៊ុនAZ រហូតបានធ្វើឲ្យប៉ះពាល់ដល់ប្រជាប្រិយភាពគណបក្សប្រជាជនកម្ពុជាយ៉ាងធ្ងន់ធ្ងរលើលទ្ធផលបោះឆ្នោតនាឆ្នាំ២០១៣កន្លងទៅនេះ។ បច្ចុប្បន្នផ្លូវជាតិលេខ៤នេះ ជាផ្លូវថ្នល់ដែលល្បីល្បាញបង្កគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ៗជាបន្តបន្ទាប់ ដែលប្រជាពលរដ្ឋ ក៏ដូចជាអ្នកបើកបរបានស្តីបន្ទោសទៅក្រុមហ៊ុន AZ Distribution Co. ថាពុំបានយកចិត្តទុកដាក់ កែសម្រួលពង្រីកផ្លូវ ដាក់រនាំងពុះចែកផ្លូវ ដាក់ស្លាកចរាចរណ៍ណែនាំ ឬឲ្យមានការប្រុងប្រយ័ត្នឲ្យបានសមស្របនៅឡើទេ ដែលបញ្ហានេះសក្តិសមណាស់ រដ្ឋសភាជាតិ ជាពិសេសរាជរដ្ឋាភិបាល គួរពិចារណាលើកិច្ចសន្យារយៈពេល ៣៥ឆ្នាំ ក្រុមហ៊ុន AZ Distribution Co.នេះឡើងវិញហើយ៕ កញ្ញាសុភាព