ដោយសារប្រចណ្ឌ មន្ត្រីយោធាល្មោភផឹកស៊ី ស្រវឹងស្រារាល់ថ្ងៃបាន បាញ់សម្លាប់ប្រពន្ធចុង និងកូនស្រីតូច ហើយបាញ់សម្លាប់ខ្លួនឯង
ខេត្តបាត់ដំបង ៖ បុរសជាមន្ត្រីយោធាល្មោភផឹកស៊ី ស្រវឹងស្រារាល់ថ្ងៃ មានប្រពន្ធចុងក្មេងវ័យក្មេងហើយនាងបានសុំលែង កំហឹងបានកើតឡើងជាមួយនឹងភ្លើងប្រចណ្ឌបានបានចេះតែរករឿងនាង រហូតឈានដល់ប្តីអគតិរូបនោះ ការបាញ់សម្លាប់នាង និងកូនស្រី ហើយបុរសជាប្តី បានបាញ់សម្លាប់ខ្លួនតាមក្រោយ បន្ទាប់ពីជិះម៉ូតូឌុបគ្នា មកពីបន្ទាយដល់មុខផ្ទះ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៧និង៣០ នាទី យប់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៤ នៅចំណុចមុខផ្លូវចូលផ្ទះ ទល់មុខសាលាស្រុកភ្នំព្រឹក ក្នុងភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។
លោក សារ៉េត វិសេដ្ឋ អធិការរងនគរបាល ស្រុកភ្នំព្រឹក បានអោយដឹងថា បុរសសង្ស័យជាប្តី មានឈ្មោះ វ៉ិត ធី អាយុ ៤៩ឆ្នាំ បានបាញ់ខ្លួនឯង ចំទ្រូង ១គ្រាប់ ធ្លាយឆ្អឹងខ្នងស្លាប់ មានឋានៈអនុសេនីយ៍ទោ ជានាយផ្នែកប្រតិបត្តិការ សឹករងស្រុកភ្នំព្រឹក។ ចំណែកប្រពន្ធចុង មានឈ្មោះ សុខ បញ្ញា អាយុ ២៧ឆ្នាំ ត្រូវគ្រាប់កាំភ្លើង ចំទ្រូងស្លាប់ ហើយកូនស្រីឈ្មោះ ចាន់ណា អាយុ ៣ឆ្នាំ ត្រូវគ្រាប់កាំភ្លើង នៅក្រោមឃ្លៀកខាងស្តាំ ធ្លាយទៅខាងឆ្វេង ពេលដឹកទៅដល់មន្ទីរពេទ្យយោធា ភូមិភាគ៥ នៅស្រុកសំពៅលូន ស្លាប់។ សពជនរងគ្រោះទាំង ៣នាក់ រស់នៅភូមិកើតហេតុខាងលើ។
សពជាមន្ត្រីយោធាដែលសង្ស័យបាញសម្លាប់ប្រពន្ធចុង និងកូននោះ មានប្រពន្ធដើម ឈ្មោះ មៀច ទូច អាយុ ៥៤ឆ្នាំ បានលែងលះគ្នា ៥ឆ្នាំ កន្លងមកហើយ មានទីលំនៅក្នុង ភូមិកើតហេតុជាមួយគ្នា ហើយក្រោយកើតហេតុ សមត្ថកិច្ចរកឃើញកាំភ្លើង K54 មួយដើម និងសំបកគ្រាប់កាំភ្លើង ចំនួន ៣គ្រាប់។ ប្រជាពលរដ្ឋ បានឲ្យដឹងថា ប្តីប្រពន្ធទាំងពីរនេះ មានទំនាស់នឹងគ្នា ចំនួន ២-៣ ថ្ងៃមកហើយ ដោយប្រពន្ធខឹងប្តី ផឹកស្រាស្រវឹងព្រឹកល្ងាចជាប្រចាំ ហើយទទួចសុំលែងលះ ប្តីក៏ចោទថា នាងមានប្រុសឈ្មោលផ្សេង ទើបសុំលែងបែបនេះ។
លោកអធិការរង បានបញ្ជាក់ថា ក្រោយពីកើតហេតុ និងពិនិត្យភស្តុតាង បានបញ្ជាក់ថា ប្តីពិតជាបាញ់សម្លាប់ ប្រពន្ធខ្លួនឯងដោយភ្លើងប្រច័ណ្ឌ ពិតប្រាកដមែន ហើយសពបានប្រគល់ជូន សាច់ញាតិយកទៅធ្វើបុណ្យ ៕