និស្សិតស្រីអាយុ១៨ឆ្នាំ ផ្នែកគណនេយ្យ ត្រូវឡានដឹកខ្សាច់បើកកិន ធ្លាយពោះវៀន និងបាក់ចង្កេះ យ៉ាងអាសូរ ភ្លាមនោះតៃកុងឡានត្រូវបុរសម្នាក់តំណាងក្រុមហ៊ុនខ្សាច់ជន្លៀសឲ្យរត់ទៅបាត់
រាជធានីភ្នំពេញ ៖ នារីវ័យក្មេងម្នាក់ជានិស្សិតឆ្នាំទី២ ផ្នែកគណនេយ្យ បានរងរបួសយ៉ាងធ្ងន់ធ្ងរ ដោយសារឡានដឹកដីខ្សាច់មួយគ្រឿងបើកបុក ហើយកិនធ្លាយពោះវៀនដ៏រន្ធត់ ខណៈដែលនារីរងគ្រោះ កំពុងជិះម៉ូតូម៉ាក ស្កុបពី ធ្វើដំណើរតាម បណ្តោយផ្លូវលេខ៣៧១។ ហេតុការណ៍ដ៏ញាក់សាច់នេះបានកើតឡើងកាលពីវេលាម៉ោង ១និង៣០ នាទីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៤ នៅចំណុចច្រកចូលទៅក្រុមហ៊ុនស៊ីនទ្រី ស្ថិតក្នុងភូមិត្នោតជ្រុំ៤ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ។
សមត្ថកិច្ចបានឲ្យដឹងថា នារីរងគ្រោះឈ្មោះ លីដា អាយុ ១៨ឆ្នាំ ស្នាក់នៅសង្កាត់ដង្កោ ខណ្ឌដង្កោ ជានិស្សិតឆ្នាំទី២ ផ្នែកគណនេយ្យ ជិះម៉ូតូម៉ាកស្កុបពី ពណ៌សលាយផ្កាឈូក ពាក់ស្លាកលេខ ភ្នំពេញ 1BV-9809 ។ ចំណែករថយន្តបង្កហេតុម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌បៃតង ឆ្នូតស ពាក់ស្លាកលេខ ភ្នំពេញ 3A-1248 បើកបរដោយបុរសម្នាក់ មិនស្គាល់អត្តសញ្ញាណ។
សាក្សីនៅកន្លែងកើតហេតុថា មុនពេលកើតហេតុ គេឃើញនារីរងគ្រោះ បានជិះម៉ូតូម្នាក់ឯង ក្នុងទិសដៅ ពីត្បូងទៅជើង តាមផ្លូវបេតុង ខណៈជិះមកដល់ចំណុចខាងលើ ស្រាប់តែម៉ូតូរងគ្រោះ គេចពីម៉ូតូ មួយ គ្រឿង ទៀត ហើយជាន់ហ្វ្រាំង បណ្តាលឲ្យរអិលកង់ ដួលខ្ទាតចូលកណ្តាលថ្នល់ ស្របពេលនោះ រថយន្តបង្កធ្វើដំណើរ តាមផ្លូវលេខ៣៧១ ក្ន្ងងទិសដៅពីលិចទៅកើត បានបត់ស្តាំចុះពីផ្លូវ លេខ៣៧១ ចូលច្រកផ្លូវបេតុង ជ្រុលទៅកិន នារីរងគ្រោះ ធ្លាយពោះវៀន ដោយបាក់ឆ្អឹងចង្កេះទៀតផង ។
ភ្លាមៗនោះ រថយន្តរួមទាំងអ្នកបើកបរ ត្រូវបានប្រជាពលរដ្ឋ ឃាត់ចាប់បាន ប៉ុន្តែមួយសន្ទុះ ក្រោយមក ស្រាប់តែមាន តំណាងក្រុមហ៊ុនដឹកខ្សាច់ បានមកដោះស្រាយ ហើយបានបើកទ្វាររថយន្តបង្ក និងបង្គាប់ឲ្យ អ្នកបើកបរលោតចុះ ពីលើរថយន្ត រត់គេចទៅបានយ៉ាងរលូន។ ហើយភ្លាមៗ នោះដោយសារមានការចង្អុលបង្ហាញពីប្រជាពលរដ្ឋនៅក្នុងហេតុការណ៍នោះ សមត្ថកិច្ច ក៏បានចាប់ខ្លួនតំណាង ក្រុមហ៊ុនដឹកខ្សាច់ ដែលបង្គាប់អោយ អ្នកបើកបរថយន្តបង្ក រត់គេចខ្លួននោះ ជាជំនួសវិញ ដើម្បីដោះស្រាយបន្តទៅតាមច្បាប់។
ស្របពេលជាមួយការស្នើសុំឲ្យមានការផ្តន្ទាទោសតំណាងក្រុមហ៊ុនដឹកខ្សាច់ឲ្យធ្ងន់ ដែលបានជន្លៀស អ្នក បើកបររថយន្តបង្ក បានសម្រេចនោះ ប្រជាពលរដ្ឋបានសំណូមពរ លោក ប៉ា សុជាតិវង្ស អភិបាល រាជធានីភ្នំពេញ មេត្តាពិនិត្យឡើងវិញចំពោះការអនុវត្តសេចក្តីជូនដំណឹងណែនាំដល់រថយន្តធន់ធ្ងន់ៗមិនអនុញ្ញាតឲ្យចរាចរណ៍ពេលថ្ងៃ ប៉ុន្តែបច្ចុប្បន្ននេះរថយន្តធំៗធ្វើចរាចរណ៍កាត់រាជធានីភ្នំពេញបានតាមអំពើចិត្ត ហើយតែងតែបង្កគ្រោះថ្នាក់ពលរដ្ឋធ្វើដំណើរលើផ្លូវជាញឹកញាប់ ដូចជាករណីខាងលើនេះ៕