ចោរចូលសម្ងំក្នុងផ្ទះ យប់ឡើងចេញ មកវាយក្បាលម្ចាស់ផុងលលាដ៍ក្បាល់ ប្លន់យកទ្រព្យ
ខេត្តបន្ទាយមានជ័យ៖ ចោរដែលមិនស្គាល់អត្តសញ្ញាណ លបចូលសម្ងំក្នុងបន្ទប់ បានប្រើញញួរធ្វើសកម្មភាព ប្លន់យកទ្រព្យ ដោយវាយក្បាលមនុស្ស វ័យចំណាស់ពីរនាក់ប្តីប្រពន្ធឲ្យផុងលលាដ៍ក្បាលរបួសធ្ងន់ធ្ងរ កាលពីវេលាម៉ោង៩ និង២២ នាទីយប់កាលពីថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ២០១៤ នៅភូមិគ្រឹះជនរងគ្រោះតែម្តង នៅជាប់ផ្លូវជាតិលេខ៥ ភូមិនិមិត្ត៤ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
បើតាមសំដីអះអាងពីឈ្មោះ វ៉ាន់ បូរី ត្រូវជាកូនប្រសាប្រុស របស់ជនរងគ្រោះ បានប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ ថា៖ ឪពុកក្មេករបស់ខ្លួនជាជនរងគ្រោះមានឈ្មោះ លឹម ថាវទ្រី អាយុ៥៥ឆ្នាំ និងម្តាយក្មេកឈ្មោះ ទៀ មុយអេង អាយុ៥១ឆ្នាំ ត្រូវបានចោរលួចចូលសម្ងំពួនក្នុងផ្ទះ ហើយពេលយប់បានចេញធ្វើសកម្មភាពប្លន់ ដោយ ប្រើញញួរវាយដំក្បាល ពួកគាត់ទាំងពីរនាក់ប្តីប្រពន្ធ បណ្តាលអោយផុងលលាដ៍ក្បាល របួសយ៉ាងធ្ងន់ធ្ងរ។
លោក សិទ្ធ ឡោះ ស្នងការរងនគរបាលខេត្តបន្ទាយមានជ័យបានឲ្យដឹងថា៖ ជនរងគ្រោះទាំងពីរប្តីប្រពន្ធដេកនៅក្នុងបន្ទប់តែមួយ ពេលយប់ ក៏ស្រាប់តែមានជនដៃដល់ម្នាក់ ដែលពួនសម្ងំនៅក្នុងបន្ទប់ ដោយរងចាំឱកាសល្អបានធ្វើសកម្មភាពយកញញួរដែក វាយសំពងក្បាល ជនរងគ្រោះទាំងពីរនាក់ ខណៈជនរងគ្រោះកំពុងដេកលង់លក់ស្កប់ស្កល់មិនដឹងខ្លួនទៅហើយនោះ ។
លោកបានបន្តថា៖ ទោះបីជាយ៉ាងណាក៏ពុំទាន់ដឹងថា បាត់បង់ទ្រព្យសម្បត្តិ អ្វីខ្លះទេ ព្រោះជនរងគ្រោះ ត្រូវបានបញ្ជូនទៅគ្លីនិកឯកជនទេវិន្ទរក្សាសុខ ក្រុងសិរីសោភ័ណ ទាំងយប់ ដើម្បីសង្គ្រោះជីវិត ហើយរងចាំជនរងគ្រោះចេញមន្ទីរពេទ្យសិនទើបដឹងពីការបាត់បង់ទ្រព្យទាំងនោះ ។ បច្ចុប្បន្នជនរងគ្រោះទាំងពីរនាក់ប្តីប្រពន្ធដោយមានអាការរបួសធ្ងន់ធ្ងរពេកក្រុមគ្រួសារសម្រេចចិត្តបញ្ជូនទៅព្យាបាលជម្ងឺនៅឯប្រទេសថៃ។
តាមការសន្និដ្ឋានសមត្ថកិច្ចជំនាញបានឲ្យដឹថា៖ ជនសង្ស័យមានរាងស្គមស្តើង ពេលកំពុងធ្វើសកម្មភាពបានទទូលកន្សែងពោះគោពណ៌កាកអំពៅ និងពាក់របាំងមុខ ។ មកដល់ពេលសមត្ថកិច្ចបានកំណត់មុខសញ្ញាបានមួយចំនួនផងដែរដើម្បីតាមដានស្រាវជ្រាវ រកមុខសញ្ញខាងក្នុងអំពើប្លន់នេះ ហើយចាប់អោយខាន់តែបាននៅពេលខាងមុខនេះ យកមកផ្តន្ទាទោសតាម និតិវិធីច្បាប់៕ ដោយយីហាំង