អាជ្ញាធរក្រុងកំពង់ឆ្នាំង រឹបអូសយកសម្ភារៈលក់ដូរមួយចំនួន ដែលដាក់លានលយនៅ តាម ចិញ្ចើមផ្លូវសាធារណៈ
ខេត្តកំពង់ឆ្នាំង៖ អាជ្ញាធរក្រុងកំពង់ឆ្នាំងបានប្រើវិធានការរដ្ឋបាល ដឹកនាំសមត្ថកិច្ចចម្រុះដក ហូតសម្ភារៈលក់ដូរមួយចំនួនរបស់អាជីវករ ក្រោយពីបានធ្វើការអប់រំណែនាំជាច្រើនលើក រួចមកតែបងប្អូនអាជីវករមួយចំនួន នៅតែរឹងរូសលក់ដូរឥតសណ្តាប់ធ្នាប់តាមចិញ្ចើមថ្នល់ ណែនាំមិនស្តាប់។ ការរៀបចំពង្រឹងសណ្តាប់ធ្នាប់លក់ដូរនេះបានធ្វើឡើង នៅព្រឹកថ្ងៃ១៥ ខែធ្នូ ឆ្នាំ២០១៤ នៅជុំវិញបរិវេណផ្សារលើ និងតាមបណ្តោយផ្លូវពីផ្សារលើទៅផ្សារឆ្នាំង រហូតដល់ចុងកោះ ក្រុងកំពង់ឆ្នាំង។
លោក ហង្ស ប៊ុនហាក់ អធិការរងទទួលផ្នែកចរាចរណ៍ និងសណ្តាប់ធ្នាប់នៃអធិការ ដ្ឋាននគរបាលក្រុងកំពង់ឆ្នាំងបាននិយាយអោយដឹងថា៖ សមត្ថកិច្ចដែលចូលរួមក្នុងការ រៀបចំសណ្តាប់ធ្នាប់ខាងលើនេះរួមមាន៖នគរបាលក្រុងកំពង់ឆ្នាំង នគរបាលសណ្តាប់ខេត្ត កងរាជអាវុធហត្ថក្រុង និងអាជ្ញាធរក្រុងកំពង់ឆ្នាំងសរុបប្រមាណ២០នាក់។ នៅក្នុងការពង្រឹងសណ្តាប់ធ្នាប់លក់ដូរនេះ សមត្ថកិច្ចបានដកហូតសម្ភារៈដែលដាក់លានលយមួយ ចំនួនដូចជា៖ ឆ័ត្រ គ្រែ រានលក់ដូរ និងសម្ភារៈមួយចំនួនទៀត។ សម្ភារៈទាំងអស់ខាងលើនេះ ត្រូវបានសមត្ថកិច្ចដឹកយកទៅទុកនៅសាលាក្រុងកំពង់ឆ្នាំង ដើម្បីធ្វើការផាកពិន័យតាមច្បាប់ នៅពេលម្ចាស់សម្ភារៈទាំងអស់ចូលខ្លួនមកដោះស្រាយយកទៅវិញ។
គួរបញ្ជាក់ថា៖ នៅក្នុងការរៀបចំសណ្តាប់ធ្នាប់នេះ អាជ្ញាធរក្រុង និងសមត្ថកិច្ចបាន ណែនាំអប់រំជាមួយអាជីវករលក់ដូរជាច្រើនលើកច្រើនសាររួចមកហើយ និងធ្លាប់បានប្រកាសថា ចាប់ពីថ្ងៃទី១៥ ខែធ្នូនេះតទៅ សមត្ថកិច្ចនិងអាជ្ញាធរនឹងត្រូវប្រើធម៌ក្តៅរឹបអូស និង ផាកពិន័យចំពោះអាជីវកររឹងរូសមិនលើកលែងឡើយ។
នៅក្នុងការដកហូតសម្ភារៈលក់ដូរឥតសណ្តាប់ធ្នាប់ខាងលើនេះ ក៍លេចចេញបាតុ ភាពគួរអោយអាម៉ាស់មួយផងដែរ ដែលសមត្ថកិច្ចចម្រុះបានអោយដឹងថា៖ មន្ត្រីនគរបាល ម្នាក់ឈ្មោះ អ៊ុល ចន្ថា ជានាយរងការិយាល័យអាវុធជាតិផ្ទុះខេត្ត បានមកលើកយកឆ័ត្រ១ពីរថយន្តរបស់សមត្ថកិច្ចតាមទំនើងចិត្តគ្មានសុំអ្នកណាឡើយ ក្រោយពីសមត្ថកិច្ចចម្រុះបានដកហូតឆ័ត្រនោះពីអាជីវករម្នាក់ជាប្រពន្ធគេ។
ទង្វើខាងលើនេះរបស់មន្ត្រីនគរបាលរូបនេះ ត្រូវបានមហាជនធ្វើការរិះគន់យ៉ាងខ្លាំងដល់សមត្ថកិច្ចដែលជាអ្នករៀបចំសណ្តាប់ធ្នាប់ថា៖ សមត្ថកិច្ចចាប់ដកហូតសម្ភារៈបានតែប្រជាពលរដ្ឋស្លូតត្រង់ ចំណែកមន្ត្រីនគរបាលដូចគ្នាវិញគេដើរមកយកឆ័ត្រទៅអោយប្រពន្ធគេវិញធ្វើព្រងើយ។ ប៉ុន្តែករណីនេះសមត្ថកិច្ចមិននៅស្ងៀមឡើយ ហើយបានអោយមន្ត្រីនគរបាលទំនើងរូបនោះ ដឹកឆ័ត្រនោះពីប្រពន្ធមកដាក់លើរថយន្តវិញ ធ្វើអោយមន្ត្រីរូបនោះខ្មាស់ប្រជាពលរដ្ឋក៍មិនតិចវិញដែរ៕ ដោយ រិទ្ធិ ជ័យ