យុវជនវ័យក្មេងម្នាក់ ត្រូវក្រុមឃាតកកាប់ចិញ្ច្រាំដោយកាំបិត និងពូថៅស្លាប់យ៉ាងវេទនា
ខេត្តបន្ទាយមានជ័យ៖ ឃាតកម្មដ៏សាហាវឃោរឃៅមួយបានកើតឡើង បណ្តាលឲ្យបុរសវ័យក្មេងម្នាក់ដេកស្លាប់ក្នុងថ្លុកឈាម ក្រោមការកាប់ប្រហារជីវិតដោយ ពូថៅ និងកាំបិតខ្វែវ ដោយកាប់ត្រូវជាច្រើនកាំបិត រហូតដល់ធ្លាយរយះបេះដូងជាពីរឈាមហូរជោគដី។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១២ និង១៥នាទីយប់ឈានចូលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៤ នៅចំណុចក្នុងមណ្ឌល៤ ភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ។
បន្ទាប់ពីកើតហេតុមានការអន្តរាគមន៍ពីកម្លាំងសមត្ថកិច្ចនគរបាលក្រុង និងកម្លាំងកងរាជអាវុធហត្ថក្រុង ដឹកនាំកម្លាំងដោយលោក ផាន់ ភីរម្យ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត បានចុះទៅដល់ តែជនដៃដល់បានរត់គេចខ្លួនអស់ទៅហើយ។ សមត្ថកិច្ចបានត្រួតពិនិត្យ និងធ្វើកោសល្យវិច័យ ហើយបានប្រមូលបានវត្ថុតាងបាន ពូថៅ កាំបិតខ្វាវ ស្បែកជើង កំប៉ុងស្រាបៀរ ទូរស័ព្ទក្នុងហោប៉ាវខោជនរងគ្រោះ ១គ្រឿង ហើយជាមួយគ្នានោះបានស្រាវជ្រាវទាំងយប់ រហូតដល់ម៉ោង៣ព្រឹកថ្ងៃដ៏ដែរ ។
លោក ផាន់ ភីរម្យព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តបានប្រាប់ថា ជនរងគ្រោះមានឈ្មោះ ឆាយ ភារ៉ា អាយុ២២ឆ្នាំ គ្មានបងប្អូន និងឪពុកម្តាយទេ រស់ក្នុងភូមិកើតហេតុ ត្រូវបានជន ដៃដល់ មិនទាន់ដឹងអត្តសញ្ញាណ និងមានបក្ខពួក២នាក់ទៅ៣នាក់ធ្វើសកម្មភាពសម្លាប់ជនរងគ្រោះដោយប្រើ ពូថៅ និងកាំបិតខ្វែវ កាប់ចំពីក្រោយខ្នងផ្នែកខាងឆ្វេង១កាំបិត ភ្លាមនោះជនរងគ្រោះដួលជនដៃឈរជាន់ពីលើ កាប់ចំក្បាលដាច់ត្រគាក់ផ្នែកខាងឆ្វេង១កាំបិត រួចកាប់ចំដើមទ្រូងផ្នែកខាងឆ្វេង១កាំបិតបណ្តាលឲ្យដល់ដាច់បេះដូងជាពីរ ។ ជនដៃដល់រូបនោះពិតជាឃោរឃៅហាក់បីមានរឿងគំនុំធំណាស់។
ក្រោយពីធ្វើកោសល្យវិច័យអស់រយៈពេលជាច្រើនម៉ោង និងស្រាវជ្រាវរកមុខសញ្ញាតែមិនទាន់កំណត់មុខសញ្ញាច្បាស់នៅឡើយទេ ទោះបីជាយ៉ាងណាសមត្ថកិច្ចនៅតែបន្ត តាមដានដើម្បីយកជនដៃដល់មកកាត់ទោសតាមផ្លូវច្បាប់ទាល់តែបាន។ ដោយមើលឃើញថាសពជនរងគ្រោះគ្មានសាច់ញាតិ អ្នកភូមិបានរៃលុយកាក់បានមួយចំនួន និងយកសពរងគ្រោះទៅកាន់វត្តប្រជាធម្មត្រ័យ រៀបចំធ្វើបុណ្យជូនតាមប្រពៃណី៕ ដោយយីហាំង