ឡានដឹកឈើសុក្រំ របស់លោក អ៊ុក ទ្រា និង ផេង ឆុន ដែលអែបជាមួយក្បួនឡានឈើ របស់ឧកញ៉ា លឹម ប៊ុណ្ណា ដឹកទៅវៀតណាម តាមច្រកទន្លេចាមក្រឡាប់បែកការ
ខេត្តត្បូងឃ្មុំ ៖ រថយន្តប្រភេទយីឌុបភ្នៅប្រាំ ១គ្រឿង ដែលគេដឹងថារបស់មន្ត្រីយោធានៃកងយោធពលខេមរៈភូមិន្ទ ខេត្តត្បូងឃ្មុំ ក្រឡាប់ខ្ចាក់ចេញសុទ្ឋតែដឹកឈើសុក្រំ ខណៈដែលគេបម្រុងដឹក យកទៅប្រទេសវៀតណាមតាមច្រកទន្លេចាម កាលពីវេលាម៉ោង ៥ទៀបភ្លឺថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៤ នៅចំណុចភូមិជ្រៃឡើង ឃុំជាំរវៀង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។
បើតាមប្រភពពីសមត្ថកិច្ចស្រុកមេមត់ បានអោយដឹងថា រថយន្តក្រឡាប់នោះដឹកឈើ ដឹក ឈើជាប្រភេទឈើសុក្រម ហើយគ្មានច្បាប់ទំលាប់អ្វីនោះទេ ដោយរថយន្តមួយនេះបានដឹកអែបទៅជាមួយនឹងរថយន្តដឹកឈើចំនួន២គ្រឿងទៀតជារបស់លោកឧកញ៉ា លឹម ប៊ុណ្ណា ហៅ ខ្នា ដែលជាមន្ត្រីយោធានៃកងយោធពលខេមរៈភូមិន្ទ មួយរូបដែរនោះដែលគេមានច្បាប់ក្នុងនាំចេញឈើនោះ ប៉ុន្តែប្រភពដោយឡែកមួយទៀតបានបង្ហើបថា ឈើភាគច្រើនរបស់ ឧកញ៉ា លឹម ប៊ុណ្ណា ហៅ ខ្នា ប្រមូលទិញ និងកាប់ចេញពីតំបន់ព្រៃខុសច្បាប់។
ប្រភពមួយបានបង្ហើបថា រថយន្តដឹកឈើគ្មានច្បាប់ដែលក្រឡាប់មួយគ្រឿងនេះ គឺជាកម្មសិទ្ឋរបស់លោក អ៊ុក ទ្រា ដែលជាមន្ត្រីរាជរដ្ឋាភិបាលមានតួនាទីជាមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងមេមត់ និងបក្ខពួកម្នាក់ទៀតក៏ជាមន្ត្រីរាជរដ្ឋាភិបាលមួយរូបដែរ ឈ្មោះ លោក ផេង ឆុន មានតួនាទីជានាយរងប៉ូលិសច្រកព្រំដែនកោះថ្ម ហើយអ្នកទាំងពីរ ត្រូវបានគេដឹងថាគឺជាមនុស្សជំនិតក្នុងមុខរបរឈើរបស់លោកឧកញ៉ា លឹម ប៊ុណ្ណា ហៅ ខ្នា ហេតុនេះបានជាគេអាចអែបគ្នាបន្លំធ្វើដំណើរជាមួយរថយន្តរបស់ឧកញ៉ាឈ្មោះ លឹម ប៊ុណ្ណា ហៅ ខ្នា ប៉ុន្តែត្រូវបានបែកការបន្ទាប់ពីរថយន្ត មួយគ្រឿងនេះបានក្រឡាប់ ចាក់ឈើចោលពេញថ្នល់។
ប្រភពបន្តថា បន្ទាប់ពីរថយន្តដឹកឈើខាងលើក្រឡាប់គេឃើញមេឈ្មួញខាងលើ បានចេញមុខឆ្លេឆ្លារត់កា ជាមួយនិងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីព្យាយាមបិទបាំង និងសម្រួលក្នុងការស្ទួចឈើ ឡើងរថយន្តបន្តដំណើរទៅមុខទៀត រីឯមន្ត្រីជំនាញនាំគ្នាសំងំឈឹង មិនហ៊ានទៅក្បែរនោះឡើយ នាំគ្នារត់គេចពួនឲ្យស្ងាត់ជ្រាប ។ ទោះយ៉ាងណាភ្នាក់ងារកាសែតខ្មែរអង្គរបានព្យាយាម ស្វែងរកការបំភ្លឺ លោក ផេង ឆុន នាយរងប៉ូលិសច្រកព្រំដែនកោះថ្ម តាមទូរស័ព្ទ តែទូរស័ព្ទរបស់លោក មិនអាចទំនាក់ទំនងបានទេ ដូចគ្នានឹងលោក លោក អ៊ុក ទ្រា ។
សូមបញ្ជាក់ថា ច្រករបៀងទន្លេចាម គឺជាច្រកផ្លូវដ៍មមាញឹករបស់ក្រុមឈ្មួញ ក្នុងកានាំក្បួនរថយន្តដឹកឈើឆ្ពោះទៅប្រទេសវៀតណាម ក្រៅតែពីឧកញ៉ា លឹម ប៊ុណ្ណា ហៅ ខ្នា លោក អ៊ុក ទ្រា លោក ផេង ឆុន មានឧញ៉ាម្នាក់ទៀតឈ្មោះ សឹង សំអុល ជាមន្ត្រីរាជការក្នុងរាជរដ្ឋាភិបាលដូចគ្នា ដែលជាមេឈ្មួញដ៏ល្បីល្បាញក្នុងការកាប់ប្រមូលដឹកជញ្ជូនឈើយកទៅលក់នៅប្រទេសវៀតណាម សកម្មដូចគ្នា ហើយសមត្ថកិច្ចដែលប្រចាំនៅតាមច្រកទន្លេចាម និងច្រកនានាក្នុងខេត្តត្បូងឃ្មុំ សប្បាយចិត្តក្នុងការប្រមូលលុយពីរថយន្តដឹកទំនិញកសិផលដែលផ្ទុកលើសទំងន់ ពិសេសនោះគឺរថយន្តដឹកឈើ ទោះបីជាមានច្បាប់ឬអត់ច្បាប់ក៍អាចឆ្លងកាត់បានទាំងអស់៕ ដោយ ផ្កាច័ន្ទ