ឪពុក ចាប់រំលោភ កូនស្រីបង្កើតអាយុ១៣ឆ្នាំលើគោយន្ត កណ្តាលព្រៃ ខណៈទៅកាប់ឈើធ្វើផ្ទះ
ខេត្តកំពង់ឆ្នាំង៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលស្រុកបរិបូណ៌ ចាប់ខ្លួននៅល្ងាចថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៤ បន្ទាប់ពីមានបណ្តឹងពីសាច់ញាតិ ដោយចោទប្រកាន់ពីបទចាប់រំលោភកូនស្រីបង្កើតរបស់ខ្លួនអាយុ១៣ឆ្នាំ កាលពីយប់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៤ នៅចំណុចទឹកមមៃ ស្ថិតក្នុងភូមិពានព្រៃ ឃុំឈើតុំ ស្រុកក្រគរខេត្តពោធិសាត់ ក្នុងគ្រាដែល២នាក់ឪពុកនិងកូនទៅកាប់ឈើក្នុងព្រៃយកមកធ្វើផ្ទះ។
លោក ឌុច ចំរើន នាយការិយាល័យនគរបាលព្រហ្មទ័ណ្ឌកំរិតធ្ងន់ស្នងការដ្ឋាននគរបាលខេត្ក បានអោយដឹងថា៖ នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៤ នេះលោកបានចាត់អោយមន្ត្រីជំនាញរបស់លោកចុះទៅស្រុកបរិបូណ៌ ដើម្បីធ្វើកំណត់ហេតុសួរចម្លើយក្រោយបានទទួលព័ត៌មានថា៖ ជនសង្ស័យជាឪពុកបង្កើតចាប់រំលោភកូនខ្លួនដែលបុរសនោះឈ្មោះ ញ៉ឹក ស៊ីណាន អាយុ៣១ឆ្នាំ រស់នៅភូមិបុស្សមាស ឃុំពពេល ស្រុកបរិបូណ៌ ចំណែកកូនស្រីរងគ្រោះមានអាយុ១៣ឆ្នាំ ជាកូនបងក្នុងចំណោមកូន៦នាក់ប្រុស៣ និងស្រី៣។
លោកបានបន្តអោយដឹងថា៖ កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៤ ពីរនាក់ឪពុកកូនបានទៅកាប់ឈើធ្វើផ្ទះនៅចំណុចខាងលើ ។ លុះពេលយប់ឡើង២នាក់ឪពុក និងកូនបាននាំគ្នាដេកលើគោយន្ត ហើយ ខណៈនោះបុរសជាឪពុក បានចាប់កូនស្រីខ្លួនរំលោភរហូតបានសម្រេច។ ក្រោយពីកាប់ឈើបានរួចរាល់ហើយ ក៏បាននាំគ្នាត្រឡប់មកវិញ។ ពេលមកដល់ផ្ទះកូនស្រីខ្លួន បានប្រាប់ម្តាយ ពីដំណើររឿងខាងលើនេះ តែម្តាយមិនជឿ ពេលដឹងថា ម្តាយមិនជឿ នាងក៏បានទៅប្រាប់ម្តាយធំរបស់ខ្លួន ហើយម្តាយធំក៏បានប្តឹងទៅមន្ត្រីនគរមូលដ្ឋាន និងមន្ត្រីនគរបាលស្រុក ហើយនៅល្ងាចថ្ងៃទី២២ ខែធ្នូទើបមានការចាប់ខ្លួនបុរសជាឪពុក យកកាន់អធិការដ្ឋាននគរបាលស្រុកបរិបូណ៌ ។
នៅចំពោះមុខសមត្ថកិច្ចនគរបាល បុរសជាឪពុក បានសារភាពថា៖ ខ្លួនពិតជាបានប្រព្រឹត្តអំពើចាប់រំលោភកូនស្រីខ្លួន ពិតមែនកាលពីយប់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៤ នោះ។
សមត្ថកិច្ចនគរបាលព្រហ្មទ័ណ្ឌកំរិតធ្ងន់ នៃស្នងការនគរបាលខេត្ត ដែលបានចុះទៅស្រុកបរិបូណ៌ បាននិយាយថា៖ ឪពុករូបនោះបានប្រព្រឹត្តតែម្តងទេ ក្នុងគ្រាដែលទៅកាប់ឈើជាមួយគ្នា ហើយទំនងដឹង កំហុសរបស់ខ្លួនពេលត្រឡប់មកវិញ និងពេលសាកសួរបានឆ្លើយតាមត្រង់ ដោយមិនប្រកែកឡើយ។
ជនសង្ស័យជាឪពុករូបនោះ សមត្ថកិច្ចនាំខ្លួនមកកកាន់ស្នងការដ្ឋាននៅរសៀលថ្ងៃទី២៣ខែធ្នូនេះ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការខេត្តចាត់ការទៅតាមច្បាប់៕ ដោយ រិទ្ធិ ជ័យ