លោកឧកញ៉ា ថោង សារ៉ាត់ កំពុងអំពាវនាវឲ្យនាយករដ្ឋមន្ត្រីជូយអន្តរាគមន៍ តែប៉ូលិសកម្ពុជា កំពុងសហការជាមួយប៉ូលិសអន្តរជាតិប៉ូលិសអាំងទែប៉ូល តាមរកចាប់ខ្លួន
ភ្នំពេញ ៖ សមត្ថកិច្ចក្រសួងមហាផ្ទៃ នៅបន្តស្វែងរកតាមចាប់ខ្លួនជនជាប់ចោទ ឧកញ៉ា ថោង សារ៉ាត់ ដោយចោទថា ពាក់ព័ន្ធនឹងរឿងឃាតកម្មលើឧកញ៉ា អ៊ឹង ម៉េងជឺ ដោយបន្តចុះឆែកឆេរផ្ទះ និងក្រុមហ៊ុនរបស់ជនជាប់ចោទបន្តបន្ទាប់ ដោយសហការជាមួយមន្ត្រីតុលាការ ដើម្បីរកភស្តុតាងដាក់បន្ទុកបន្ថែម ខណៈឧកញ៉ា ថោង សារ៉ាត់ កំពុងរត់គេចខ្លួន ។
ទន្ទឹមគ្នានេះ កាលពីថ្ងៃសុក្រ ទី១៩ ធ្នូ ឆ្នាំ២០១៤ ឧកញ៉ា ថោង សារ៉ាត់ បានបង្ហោះវីដេអូឃ្លីបជាលើកទីពីរទៀត តាមបណ្ដាញសង្គមហ្វេសប៊ុក ដោយអះអាងថា ក្រុមខ្លួនមិនមែនជាឃាតកសម្លាប់ ឧកញ៉ា អ៊ឹង ម៉េងជឺ ដូចការចោទប្រកាន់នោះទេ និងសុំអំពាវនាវទៅ សម្តេច ហ៊ុន សែន ជួយអន្តរាគមន៍ផ្តល់យុត្តិធម៌ឲ្យលោក និងក្រុមគ្រួសារ ក៏ប៉ុន្តែរហូតមកដល់ថ្ងៃទី២១ ធ្នូនេះគេមិនបានឮ សម្តេចនាយករដ្ឋមន្ត្រី តបអ្វីនោះទេ។
ខណៈឧកញ៉ា ថោង សារ៉ាត់ កំពុងអំពាវនាវឲ្យនាយករដ្ឋមន្ត្រីជូយអន្តរាគមន៍ ទីបំផុតទៅថ្ងៃទី២១ ធ្នូនេះ ដីកាតាមចាប់ខ្លួនឧកញ៉ា ថោង សារ៉ាត់ ពេលនេះទៅដល់ដៃប៉ូលិសអន្តរជាតិហើយ។ នៅថ្ងៃនេះ ប៉ូលិសអន្តរជាតិ ដែលពាក្យកាត់ហៅថា ប៉ូលិសអាំងទែប៉ូល បានចេញនិវេសក្រហមជាផ្លូវការ ស្វែងរកចាប់ខ្លួនឈ្មោះ ថោង សារ៉ាត់ អាយុ៣៧ឆ្នាំ មានទីកន្លែងកំណើតខេត្តស្វាយរៀង ប្រទេសកម្ពុជា និយាយភាសាខ្មែរ និងវៀតណាម (ឪពុកម្តាយកំណើតដើមវៀតណាម)។
ឧកញ៉ា ថោង សារ៉ាត់ ត្រូវនគរបាលភ្នំពេញសង្ស័យថា គឺជាមេក្លោង ក្នុងករណីបាញ់សម្លាប់ឧកញ៉ា អ៊ឹង ម៉េងជឺ ថៅកែស៊ីម៉ង់ត៌ពេជ្រ កាលពីយប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅមុខហាងលក់ផ្លែឈើមួយកន្លែង ក្បែរអាងទឹកអូឡាំពិក។
ក្រោយឃាតកម្មជាមួយនឹងការសង្ស័យ សាលាដំបូងរាជធានីភ្នំពេញសម្រេចឃុំខ្លួនឪពុកម្ដាយលោកឧកញ៉ា ថោង សារ៉ាត់ពីបទរក្សាអាវុធទុកខុសច្បាប់ និងអង្គរក្ស ៤នាក់។ អ្នកទាំងបួននាក់នោះជាប់ចោទពីបទឃាតកម្មគិតទុកជាមុន។ ចំណែកឧកញ៉ា ថោង សារ៉ាត់ ជាប់ចោទជាមេខ្លោង ប៉ុន្តែត្រូវរត់គេចខ្លួន។
បច្ចុប្បន្ន ប៉ូលិសកម្ពុជា កំពុងសហការជាមួយប៉ូលិសអន្តរជាតិ ដែលគេស្គាល់ថាប៉ូលិសអាំងទែប៉ូល (Police Interpole) ប្រមាណ ១០០ប្រទេសជាសមាជិក ជាពិសេសសហការជាមួយប៉ូលិសក្នុងប្រទេសជិតខាងកម្ពុជា ដើម្បីតាមចាប់ខ្លួនលោកឧកញ៉ា ថោង សារ៉ាត់ ត្រឡប់មកវិញ ប៉ុន្តែរហូតមកដល់ពេលនេះ ពុំទាន់មានលទ្ធផលយ៉ាងណានៅឡើយទេ៕