សមត្ថកិច្ចតាមចាប់ខ្លួនកូនចៅឧកញ៉ា លី ឈុនអ៊ូ (មេឈ្មួញឈើ) ពីបទយកកាំភ្លើងភ្ជង់ ចាប់នារីខារ៉ាអូខេ ដាក់ឡានយកទៅរំលោភ ផ្អើពេញខេត្តកំពង់ចាម
ខេត្តកំពង់ចាម ៖ នគរបាលជំនាញ ខេត្តកំពង់ចាម ក្រោមបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ បែន រ័ត្ន ស្នងការនគរបាលខេត្ត បានកំពុងតាមប្រមាញ់ចាប់ខ្លួន មន្ត្រីយោធាម្នាក់ឈ្មោះ ជឿន ហេង ហៅផូដែលជាកូនចៅ របស់ឧកញ៉ា លី ឈុនអ៊ូ (ក្នុងមុខរបររកស៊ីឈើ) បានចាប់នារី ខារ៉ាអូខេ យីហោសម័យទំនើប ដោយភ្ជង់កាំភ្លើងគំរាមសម្លាប់ ដោយវាយទាត់ធាក់ ចាប់ដាក់ឡានយករំលោភ យ៉ាងព្រៃផ្សៃបំផុត ដែលជាទង្វើថោកទាប។ អំពើនោះបណ្តាលឲ្យរងរបួសពេញរាងកាយ ហើយជនជាប់ចោទនោះតែងតែប្រព្រឹត្តជាញយៗលើនារីទន់ខ្សោយរូបនោះ។
លោក សម ផា អធិការនគរបាលក្រុងកំពង់ចាមបានឲ្យដឹងថា ករណីខាងលើនេះ បានកើតឡើងតាំងតែយប់ថ្ងៃទី៧ ខែមករា និងឆ្លង ចូលថ្ងៃទី៨ ខែមករា ឆ្នាំ២០១៥មកម្ល៉េះ តែម្ចាស់ហាងមិនបានជូនដំណឹងមកសមត្ថកិច្ចទេ ទើបតែនារីរងគ្រោះ បានមកដាក់ ពាក្យបណ្តឹង កាលពីរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០១៥ដើម្បីជួយរកយុត្តិធម៌ និងទប់ស្កាត់កុំឲ្យជននោះប្រព្រឹត្តលើរូបនាងជាបន្តទៀត។
លោកបន្តថា នៅរសៀលថ្ងៃ១០នេះ ខ្ញុំទើបទទួលបានពាក្យបណ្តឹង ពីនារីរងគ្រោះ ឈ្មោះ តី ករណីនេះ គឺជារឿងធ្ងន់ធ្ងរណាស់ បង្កឲ្យរបួសស្នាមហើយភ្ជង់កាំភ្លើងបង្ខំយកទៅរួមរ័ក្ស នៅខាងទន្លេបិទទៀត។ បើតាម អធិការ នគរបាល ក្រុងកំពង់ចាម នៅរសៀល ថ្ងៃដដែលនេះ លោក បានកោះហៅ ថៅកែ ខារ៉ាអូខេ ឈ្មោះ ណុល មេកា និងនារី បម្រើខារ៉ាអូខេ ដែលដឹងរឿង ដើម្បីធ្វើការសាកសួរ ចាត់ការបន្តទៀត តាមផ្លូវច្បាប់។
ទង្វើ អសីលធម៌ព្រៃផ្សៃ និងអាងអំណាចជាមន្ត្រីយោធា និងជាក្រុមឈ្មួញឈើសម្បូរលុយ នេះ ស្នងការ នគរបាល ខេត្តកំពង់ចាម បានប្រតិកម្មដោយបញ្ជាក់ថា៖ សំណុំរឿងមួយនេះខ្ញុំគ្មាន ការយោគយល់នោះទេ ហើយដាច់ខាតគ្មាន ការសម្របសម្រួល តាម រូបភាពណាក៏ដោយ ។ ខ្ញុំនឹងតាមមើលរឿងនេះ ដោយផ្ទាល់ និងត្រូវតាម ចាប់ជនល្មើស បញ្ជូនទៅតុលាការ ហើយការទាមទារសំណង ជារឿង រដ្ឋប្បវេណី ឯរឿងបង្ករបួសស្នាម ដោយចេតនា និងរំលោភ វាជាបទឧក្រិដ្ឋ។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ស្នងការ ក៏បានថ្លែងបញ្ជាក់ថា៖ រឿងហេតុ ពិតប្រាកដ គឺកើតឡើងនៅ ចំណុចទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ឯណោះទេ ប៉ុន្តែដោយសារនារីរងគ្រោះ បានដាក់ពាក្យបណ្តឹង នៅ ក្រុងកំពង់ចាមទើប លោកចេញវិធានការភ្លាមៗតែម្តង ។
សូមបញ្ជាក់ថា នារីរងគ្រោះ ស៊ិន តី អាយុ២៨ឆ្នាំ រស់នៅ ក្រុងកំពង់ចាម និងបម្រើការងារ នៅហាងខារ៉ាអូខេ សម័យទំនើប បានរៀប រាប់ថា ត្រូវបានជនបង្ក ឈ្មោះ ជឿន ហេង អាយុ៣៤ឆ្នាំ ជាកូនចៅ របស់ឧកញ៉ា លី ឈុនអ៊ូ មេឈ្មួញឈើ វាយធ្វើបាប គំរាមសម្លាប់ និងបង្ខំចាប់រំលោភ បានសម្រេច បណ្តាលឲ្យនារីរងគ្រោះ រងរបួសលើដងខ្លួន ដោយមានស្នាមជាំ ទៀតផង កាលពីយប់រំលងអាធ្រាត្រ ចូលថ្ងៃទី៨ ខែមករា ឆ្នាំ២០១៥ កន្លងទៅ។
នារីរងគ្រោះបានរៀបរាប់ថា៖ កាលពីពេលកន្លងទៅ ជននេះដែលធ្លាប់ ទំនងទំនងជាមួយនាងនោះ ក៏បានធ្វើបាបផងដែរ តែមិនហ៊ានប្តឹងទេ ពីព្រោះ ខ្លាចអំណាច ទើបតែនៅពេលនេះ វាយធ្វើបាបជំសព្វ សាច់ឈឺចាប់ណាស់ និងគំរាមបាញ់សម្លាប់ចោល ទើបប្រថុយទាំងភ័យខ្លាច ដាច់ចិត្តដាក់ពាក្យបណ្តឹងតែម្តងដើម្បីឲ្យសមត្ថកិច្ចជួយរកខុសត្រូវឲ្យ ។
បើតាមប្រតិកម្ម និងការប្តេជ្ញាចិត្តរបស់ លោកឧត្តមសេនីយ៍ បែន រ័ត្នស្នងការខេត្តកំពង់ចាម គេជឿជាក់ថា ជនឃោរឃៅឈ្មោះ ជឿន ហេង ហៅផូ ជាកូនចៅ របស់ឧកញ៉ា លី ឈុនអ៊ូ មេឈ្មួញឈើ ដែលធ្លាប់ប្រើអំណាចសូម្បីតែសមត្ថកិច្ចខេត្តកំពង់ចាមមិនដែលព្រឺជាមួយនោះ មិនអាចរត់គេចចេញពីសំណាញ់ច្បាប់ ដែលនគរបានខេត្តកំពង់ចាមកំពុងតែដុតដៃដុតជើងតាមប្រមាញ់នោះទេ បើទោះជារត់ទៅដល់ ជើងមេឃ ក៏គេចមិនផុតដែរ ។ ករណីនេះគេសង្ស័យថាមានតែឧកញ៉ា លី ឈុនអ៊ូ ទេដែលអាចដឹងពីតម្រុយលាក់ខ្លួន៕