ជនល្មើសនេសាទយួន១២នាក់ និងកាណូតរុញជន២គ្រឿង បានលួចនេសាទក្នុងតំបន់អភិរក្សឃុំកំពង់ព្រះគគីរ ត្រូវបានព្រះរាជអាជ្ញារង ដឹកនាំប្រជាពលរដ្ឋស្ម័គចិត្ត និងសមត្ថកិច្ច ចាប់បាន
ខេត្តកំពង់ឆ្នាំង៖ ជនល្មើសេជាជនជាតិយួនចំនួន១២នាក់ និងកាណូតរុញជនធុនធំ២គ្រឿង ត្រូវបាន លោកព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត ដឹកនាំប្រជាពលរដ្ឋស្ម័គចិត្ត និងសមត្ថកិច្ចព័ទ្ធចាប់ខ្លួនបាន ខណៈពួកគេកំពុងបើកកាណូតរុញជនខុសច្បាប់ នៅចំណុចកោះកញ្ឆា និងចុងតាគង់ ក្នុងតំបន់អភិរក្ស ឃុំកំពង់ព្រះគគី ស្រុកបរិបូណ៌។ កិច្ចបង្ក្រាបនេះបានធ្វើឡើងនៅវេលាម៉ោង១និង១៥នាទីយប់ថ្ងៃទី០២ ខែមករាឆ្នាំ២០១៥។
លោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងអមសលាដំបូងខេត្តកំពង់ឆ្នាំង បានអោយដឹងថា៖នៅពេលទទួលបានព័ត៌មានពីប្រជាពលរដ្ឋភូមិកោះតាម៉ូវថា មានជនល្មើសនេសាទកំពុង រុញជននៅក្នុងតំបន់អភិរក្ស លោកបានដឹកនាំកំលាំងនគរបាលចរាចរណ៍ជើងទឹកខេត្តចំនួន៥នាក់ ដោយសហការជាមួយប្រជាពលរដ្ឋស្ម័គចិត្តភូមិកោះតាម៉ូវចំនួន២២នាក់ ប្រើប្រាស់កាណូត៨គ្រឿងបានចេញប្រតិបត្តការណ៍ទាំងយប់។ជាក់ស្តែងនៅចំណុចខាងលើ សមត្ថកិច្ចបានឃើញកាណូតធុនធំ៣គ្រឿងរបស់ជនជាតិវៀតណាម កំពុងរុញជនខុសច្បាប់នៅក្នុងតំបន់អភិរក្សខាងលើ ក្នុងពេលនោះសមត្ថកិច្ច និងប្រជាពលរដ្ឋយើងចាប់បានកាណូតរុញជន២គ្រឿង និងជនល្មើស១៣នាក់។ដោយឡែកកាណូតរុញជនមួយគ្រឿងទៀតបានគេចខ្លួនបាត់ ខណៈសមត្ថកិច្ចកំពុងឡោមព័ទ្ធចាប់កាណូត២គ្រឿងនេះ។
លោកនាយការិយាល័យចរាចរណ៍ផ្លូវទឹកបានអោយដឹងថា៖ ជនល្មើសជនជាតិយួនទាំង១៣នាក់នោះ ម្នាក់បានលោតទឹកគេចខ្លួនបាត់ពេលនាំខ្លួនមកកាន់ក្រុងកំពង់ឆ្នាំង។ចំណែកម្ចាស់កាណូតរុញជនចំនួន២នាក់គឺ១ឈ្មោះ ចាំង ជ្រីវ អាយុ៤៩ឆ្នាំ,២ឈ្មោះ ង្វៀង យ៉ាំងលី អាយុ៥១ឆ្នាំ ពួកគេរស់នៅក្នុងភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ដោយឡែកជនល្មើស១០នាក់ទៀត ជាកម្មកររស់នៅក្នុងភូមិសង្កាត់ជាមួយគ្នា។ នៅក្នុងកិច្ចប្រតិបត្តការណ៍នេះ ប្រជាពលរដ្ឋ ស្ម័គចិត្តម្នាក់បានរងរបួសបែកក្បាល ដោយសាជនល្មើសបានព្រួតគ្នាយកកំណាត់ដំបងឬស្សីគប់ ទៅលើសមត្ថកិច្ច និងប្រជាពលរដ្ឋ ក្នុងពេលឡោមព័ទ្ធចាប់ខ្លួនពួកគេ។
នៅព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០១៥ ជនល្មើសជនជាតិវៀតណាមទាំង១២នាក់ រួមនឹងវត្ថុតាងកាណូតរុញជន២គ្រឿងដែលមានមុខជនប្រវែងប្រមាណ១២ម៉ែត្រ និងត្រីគ្រប់ប្រភេទប្រមាណជិត១តោន ត្រូវបានលោកព្រះរាជអាជ្ញារងប្រគល់អោយខ័ណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង កសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវិធី។ ប្រជាពលរដ្ឋស្ម័គចិត្តដែលបានចូលរួមបង្ក្រាបបទល្មើសខាងលើនេះ សំណូមពរដល់លោកព្រះរាជអាជ្ញាផ្តន្ទា ទោសជនល្មើសខាងលើអោយបានម៉ឺងម៉ាត់ទៅតាមបញ្ញតិច្បាប់ ព្រោះថាជនល្មើសទាំងនេះក្នុងពេលបង្ក្រាប ជនល្មើសបានតដៃធ្វើអោយប្រជាពលរដ្ឋស្ម័គចិត្តម្នាក់រងរបួសបែកក្បាលទៀតផង។
ប្រជាពលរដ្ឋស្ម័គចិត្តបាននិយាយអោយដឹងថា៖ នៅក្នុងរដូវបើកនេសាទ ក្នុងឆ្នាំមុនក៍ដូចជាឆ្នាំនេះដែរ នៅក្នុងតំបន់អភិរក្សឃុំកំពង់ព្រះគគីរ ត្រូវបានកាណូតរុញជន និងវ៉ៃអួនរបស់ជនជាតិយួន ចូលនេសាទយ៉ាងអនាធិប្បតេយ្យ ដោយមិនឃើញមានសមត្ថកិច្ចជំនាញ ប្រធានសហគមន៍នេសាទ និងអាជ្ញាធរមូលដ្ឋាន ធ្វើការបង្ក្រាបបានម្តងណាឡើយ ដែលគេសង្ស័យថាជនល្មើស និងជនខិលខូចមួយចំនួនក្នុងស្ថាប័នខាងលើនេះត្រូវរ៉ូវគ្នា ទើបគ្មានការបង្ក្រាប។
ប្រភពពីប្រជាពលរដ្ឋបានអោយដឹងទៀតថា៖ ការចូលនេសាទនៅក្នុងតំបន់អភិរក្សនេះ គឺជនល្មើសបានបង់ប្រាក់ចាប់រាប់លានរៀល ជាថ្នូរនឹងការចូលនេសាទក្នុងតំបន់អភិរក្ស ដែលគេអាចចាប់ត្រីបានរាប់តោនក្នុង១លើកៗបើមិនបង់ប្រាក់ទេនោះ គឺមិនអាចរកនៅក្នុងតំបន់អភិរក្សនេះបានឡើយ។ ប្រជាពលរដ្ឋមានការងឿងឆ្ងល់ថាជារៀងរាល់យប់ គេឃើញកាណូតរុញជនចូល នេសាទក្នុងតំបន់អភិរក្ស យ៉ាងគគ្រឹកគគ្រេង ប៉ុន្តែមិនត្រូវបានប្រធានសហគមន៍នេសាទ អាជ្ញាធរមូលដ្ឋាន និងកំលាំងសមត្ថកិច្ចដែលសហការការពារជាមួយសមាជឹកសហគមន៍នេសាទ ដែលមានទីតាំងនៅចំណុចក្បាលស្ទឹងពោធិ ក្នុងតំបន់អភិរក្សឃុំកំពង់ព្រះគគីរមិនអើពើបង្ក្រាបឡើយគឺបើកដៃអោយជនល្មើសយួនចូលនេសាទត្រីយ៉ាងអាណាធិបតេយ្យទំនើងចិត្ត៕ដោយ រិទ្ធិ ជ័យ