ក្រសួងកសិកម្មគួរពិនិត្យគោលការណ៍ប្រមូលទិញ និងការនាំឈើប្រណីតតាមច្រករបៀងមួយចំនួនក្នុងខេត្តត្បូងឃ្មុំទៅវៀតណាម របស់លោកឧកញ៉ា សឹង សំអុល
ខេត្តត្បូងឃ្មុំ៖ មានសេចក្ដីរាយការណ៍ពីខេត្តត្បូងឃ្មុំថា ឧកញ៉ា ដ៍មានឥទ្ធិពលម្នាក់ឈ្មោះ សឹង សំអុល រស់នៅ ក្នុង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ គឺជាឈ្មួញឈើល្បីល្បាញ និងយ៉ាងសកម្មបំផុត ដឹកឈើប្រណីតដោយ រថយន្តយីឌុបទាំងខ្សែៗ យកទៅលក់ឲ្យវៀតណាមតាមច្រកនានាក្នុងស្រុកមេមត់ ច្រករបៀងទន្លេចាម និងច្រករបៀង បឹងជ្រោង ដោយឧញ៉ា សឹង សំអុល បានជះទឹកប្រាក់ទិញទឹកចិត្តមន្ត្រីជំនាញមេស្ថាប័នធំៗ ក្នុងខេត្តត្បូងឃ្មុំ សូម្បីតែលោក ប្រាជ្ញ ចន្ទ អភិបាលខេត្ត លោកស្នងការខេត្ត, លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត, រដ្ឋបាលព្រៃឈើខេត្ត(ខ័ណ្ឌ-ផ្នែក-សង្កាត់), នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួង និងមន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេសប្រចាំខេត្តត្បូងឃ្មុំ,ប៉ុស្តិ៍គយច្រកទន្លេចាមក្រោមការគ្រប់គ្រង លោក នឹម ផល្លី ដែលទើបឡើងកាន់ដំណែងថ្មីថ្មោង ក៏មានសភាពស្ងាត់ស្ងៀម ហើយមិនដែលឃើញមន្ត្រីដ៏មានអំណាចទាំងនោះចាត់ការបង្ក្រាបជំនួញឈើមិនស្របច្បាប់របស់លោកឧកញ៉ា សឹង សំអុល បានមួយករណីឡើយ។
ប្រភពបានបន្តថា ស្របគ្នានឹងភាពស្ងប់ស្ងាត់នេះឮថាលោកឧកញ៉ា សឹង សំអុលបានរត់ការ បង់ប្រាក់ក្រោមតុឲ្យអ្នកមានអំណាចទាំងតូចទាំងធំនៅខេត្តត្បូងឃ្មុំ សរុបចំណាយ៥០០ដុល្លារ ក្នុងឈើ១ម៉ែត្រគុប ខណៈឡានយីឌុប១គ្រឿងដឹកឈើប្រណីតចាប់ពី៣០ម៉ែត្រគុបឡើងទៅ ហើយចេញឈើទៅវៀតណាមម្តងៗចាប់ពី២ ទៅ១០ឡាន។ ដោយសារតែមានការត្រូវរ៉ូវគ្នានេះហើយគេសង្កេតឃើញ លោកឧញ៉ា សឹង សំអុល មិនដែលអាកខានបញ្ចេញឈើទៅវៀណាមឡើយ ទាំងរដូវប្រាំង និងទាំងរដូវវស្សា និងជារៀងរាល់យប់ថ្ងៃ។
ប្រភពបានបញ្ជាក់ឲ្យដឹងថា ជំនួញឈើប្រណីតមិនស្របច្បាប់ របស់ លោកឧកញ៉ា សឹង ធ្វើឡើងដោយជ្រកក្រោមគោលការណ៍ អាជ្ញាប័ណ្ណទទួលទិញឈើក្រហម សម្រាប់ផ្គត់ផ្គង់ក្នុងស្រុកតែបានបន្លំបំភាន់ការពិត ដោយសារតែមានការត្រូវរូវជាមួយមន្ត្រីជំនាញរដ្ឋាលព្រៃឈើ មន្ត្រីពាក់ព័ន្ធ និងអាជ្ញាធរ ដែលគិតតែពីប្រយោជន៍ផ្ទាល់ខ្លួន លោកឧកញ៉ា សឹង សំអុល បានឆក់ឱកាសធ្វើអាជីវកម្មឈើប្រណីតជំនួសឈើក្រហមនាំចេញទៅវៀតណាមខុសគោលការណ៍ ដោយបានទៅបោះទីតាំងក្រុមហ៊ុននៅចំណុច ជាប់ព្រំប្រទល់ស្រុកកែវសីមា ខេត្តមណ្ឌលគិរី និងបានឲ្យមនុស្សជំនិតពីរនាក់ឈ្មោះខុន និង ឈ្មោះ ឌឿន ធ្វើទំនាក់ទំនងជាមួយឈ្មួញតូចៗ និងប្រជាពលរដ្ឋ ប្រមូលទិញឈើប្រណីតធ្នង់ បេង នាងនួន និងឈើប្រភេទលេខ១ មាន សុក្រម កោះកោះ គគីយ៉ាងមមាញឹកដឹកតាមរថយន្តតូចៗ រហូតមានទាំងដឹកតាមរទេះគោយកមកលក់ឲ្យទៀផង ដែលឈើទាំងនោះសុទ្ធសឹងតែជាឈើខុសច្បាប់។
សេចក្ដីរាយការណ៍បានបន្តថា ដោយលោកឧកញ៉ា សឹង សំអុល ប៉ុន្មានឆ្នាំនេះបានដឹកឈើប្រណីតយកទៅលក់នៅវៀតណាមទាំងស្រុង ដែលមានទំនាក់ទំនងយ៉ាងស្និទ និងមានសំណូមពរផ្គត់ផ្គង់កាន់តែធំទៅៗ លោកឧកញ៉ា សឹង សំអុល បានពង្រីកការចាត់តាំងឲ្យដៃជើងបំផុស ធ្វើទំនាក់ទំនងប្រមូលទិញឈើនៅតំបន់ខាងលើនោះ បានធ្វើឲ្យមនុស្សសំរុកចូលព្រៃទៅកាប់ឈើនៅតំបន់ព្រៃអភិរក្សជីវៈចម្រុះសីមាយ៉ាងគំហុក យកមកលក់ឲ្យគាត់ដោយដឹកជញ្ជូន តាមរថយន្ត ធំតូច យកទៅស្ដុកទុកក្នុងឃ្លាំងមួយកន្លែងនៅតំបន់ K3 ហើយតែងតែរៀបចំលើកដាក់រយន្តយីឌុបធំៗ ម្តងៗ៥ ទៅ១០គ្រឿ ដឹកចេញពីទីនោះតាមផ្លូវ លេខ៧៦ និង ផ្លូវជាតិលេខ៧ ឆ្លងកាត់ សង្កាត់រដ្ឋបាលព្រៃឈើស្នួល ដែលគ្រប់គ្រងដោយលោក ឡាយ ធុច និងផ្នែករដ្ឋបាលព្រៃឈើស្នួល-ឆ្លូង របស់លោក ប្រាក់ សំបូរ យ៉ាងរលូន ឆ្ពោះទៅច្រករបៀងបឹងជ្រោង ឬ ច្រករបៀងទន្លេចាម ក្នុងឃុំជាំគ្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំឆ្លងដែន ទៅលក់ឲ្យឈ្មួញវៀតណាម យ៉ាងរលូនដោយគ្មានការទប់ស្កាត់បង្ក្រាបពីសមត្ថកិច្ចម្ដងណាឡើយ ។
បញ្ហាខាងលើនេះដោយប្រជាពលរដ្ឋមិនដែលឃើញលោក ប្រាជ្ញ ចន្ទ អភិបាលខេត្តត្បូងឃ្មុំដាក់បញ្ជាឲ្យមន្ត្រីថ្នាក់ក្រោមចាត់ការឡើយ បានធ្វើឲ្យមានការរិះគន់ និងវាយតម្លៃថា ទាំងអាជ្ញាធរខេត្តត្បូងឃ្មុំ និងលោកឧញ៉ា សឹង សំអុល កំពុងតែបំពានគោលការណ៍រាជរដ្ឋាភិបាលយ៉ាងគឃ្លើន ខណៈសម្តេចអគ្គមាហាសេនាបតីតេជោ ហ៊ុន សែន កំពុងតែយកចិត្តទុកដាក់ ប្រឹងប្រែងជម្រុញអនុវត្តយុទ្ធសាស្ត្រចតុកោណកែង តំណាក់ កាលទី២ និងជម្រុញការអនុវត្តគោលនយោបាយកំណែទម្រង់ស៊ីជម្រៅដែលទាមទារឲ្យអាជ្ញាធរគ្រប់ខេត្តក្រុង ស្ថាប័នរាជរដ្ឋាភិបាលទាំងមូលប្រឹងប្រែងគ្រប់ៗគ្នាធ្វើឲ្យមានប្រសិទ្ធភាពលើការទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ និងការធ្វើជំនួញឈើខុសច្បាប់។ ទង្វើទាំងអស់ខាងលើប្រាកដណាស់ វាមិនមានចំណែកបន្តិចណាឡើយជួយដល់សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល ករណីនេះទាមទារឲ្យ លោកឧបនាយករដ្ឋមន្ត្រី ស ខេង លោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃ លី លោកទេសរដ្ឋ មន្ត្រី ឱម យ៉ិនទៀង និង លោក អ៊ុក រ៉ាប៊ុន គួរមានបទបញ្ជាទប់ស្កាត់ហើយ ៕ ដោយ ផ្កាច័ន្ទ
លោកឧកញ៉ា សឹង សំអុល ធ្វើបុណ្យរាប់បាត ហើយក៏ជាអ្នកជោគជ័យលើជំនួញឈើ