២នាក់ ម្តាយកូនបានស្លាប់ និងរបួសធ្ងន់ស្រាល ១៧នាក់ ដោយសារឡានសាំយ៉ុង បើកលឿន បុកម៉ូតូពេញទំហឹង
ក្រុងប៉ោយប៉ែត ៖ មនុស្សប្រុសស្រី រងរបូសធ្ងន់ស្រាល ១៧នាក់ និងស្លាប់ ២នាក់ ដោយសាររថយន្តសាំយ៉ុង បើកបុកជាមួយម៉ូតូវ៉េវឆ្លងកាត់ផ្លូវ កាលពីវេលាម៉ោង ៤និង៣៥ នាទីរសៀល ថ្ងៃទី៤ ខែមករា ឆ្នាំ២០១៥ តាមបណ្ដោយ ផ្លូវជាតិលេខ៥ស្ថិតក្នុងភូមិកូបខាងកើត ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។
សមត្ថកិច្ចបានឲ្យដឹងថា រថយន្តសាំយ៉ុង ពាក់ស្លាកលេខ សៀមរាប 2A.9347 ពណ៌ស ចង្កូតឆ្វេង បានបើកបុក ជាមួយម៉ូតូវ៉េវអាល់ហ្វា ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ បន្ទាយមាន ជ័យ 1A.4059 បណ្តាលឲ្យមនុស្សប្រុសស្រី រងរបូសធ្ងន់ស្រាល សរុប ១៧នាក់ ដោយក្នុងនោះ របូសស្រាល ១៣នាក់ របូសធ្ងន់ ៤នាក់ និងស្លាប់ ២នាក់។ មុនពេលកើតហេតុ ស្ត្រីជាម្ដាយបានជិះម៉ូតូ ដឹកកូន២ នាក់ ឆ្លងផ្លូវពីត្បូងទៅជើង ចំណែករថយន្តសាំយ៉ុង បានបើកបរ ក្នុងល្បឿនលឿន ពីកើតមកលិច។
លុះមកដល់ចំណុចកើតហេតុ រថយន្តបានបុកម៉ូតូតែម្ដង បណ្តាលឲ្យស្ត្រីជាម្ដាយ ស្លាប់នៅកន្លែងកើត ហេតុ រីឯកូនដែលជិះពីក្រោយ ម្នាក់បានស្លាប់ ពេលរថយន្តសង្គ្រោះ ដឹកទៅដល់មន្ទីរពេទ្យ ហើយជនរង គ្រោះ ម្នាក់ទៀតរបូសធ្ងន់ និង អ្នកជិះ១៦នាក់ ក្នុងរថយន្ត រងរបូសធ្ងន់ស្រាល ។ ម្ចាស់រថយន្ត បានរត់គេចខ្លួនបាត់ ចំណែកអ្នករងរបូស ធ្ងន់ស្រាលទាំង ១៧នាក់នោះ ត្រូវបានសមត្ថកិច្ចស្រុកអូរជ្រៅ ហៅរថយន្តសង្គ្រោះ ដឹកបញ្ជូនទៅមន្ទីរពេទ្យបង្អែកមិត្តភាព កម្ពុជាជប៉ុន មង្គលបូរី៕