ស្ទាវបើកឡាតបុក បុរសចំណាស់ម្នាក់អូសជិត៤០ម៉ែត្រ រងរបួសយ៉ាងវេទនាស្ទើរស្លាប់ ថែមទាំងប៉ូលិសទៅឈរពាំងក្បាលឡាន ស្ទាវបំរ៉ុងបុកទៀតតែលោតចេញទាន់
ខេត្តព្រះសីហនុ៖ បុរសចំណាស់ម្នាក់រងរបួសយ៉ាងវេទនាស្ទើរស្លាប់ ដោយតែយុវជនឈាមរាវម្នាក់បើករថយន្តម៉ាកតូយូតាប្រូស បុកហើយពុំព្រមឈប់អូសទាំងមនុស្សអូសទាំងម៉ូតូចម្ងាយប្រហែល៤០ម៉ែត្រ។ ហើយបង្ហាញឫកពារយ៉ាងក្រអឺតក្រទម បើទោះជាសមត្ថកិច្ចព្យាយាមឈរពាំងឡានឃាត់ឲ្យដោះស្រាយតាមសម្រួល ក៏ស្ទាវម្ចាស់ឡាននោះបំរ៉ុងទាំងបំបុកប៉ូលិសទៀតផងកុំតែលោតចេញពីក្បាលឡានទាន់កុំអីក្សិណក្ស័យបាត់ទៅហើយៗបានបើកគេចចេញពីកន្លែងកើតហេតុ ។ ហេតុការគ្រោះថ្នាក់ចរាចរណ៍នោះបានកើតឡើងកាលពីវេលាម៉ោង ១៥និង១៥នាទី ត្រង់ចំណុចស្តុបពាណិជ្ជកម្ម ស្ថិតក្នុងភូមិ១ សង្កាត់លេខ២ ក្រុងព្រះសីហនុ បានបង្កឲ្យមនុស្សរស់នៅក្បែរខាងនោះ និងអ្នកធ្វើដំណើរមានការភ្ញាក់ផ្អើល ។
យោងតាមប្រភពប៉ូលិសប្រចាំគោលដៅស្តុបពាណិជ្ជកម្មនៅកន្លែងកើតហេតុបានអះអាងថា៖ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងដោយ រថយន្តម៉ាកតូយូតាប្រូស ពណ៌ស គ្មានស្លាកលេខ បើកដោយយុវជនស្ទាវឈ្មោះ ជីម មុន្នីរ័ត្ន ភេទប្រុស អាយុ២១ឆ្នាំ មុខរបរសិស្ស មានទីលំនៅក្រុងព្រះសីហនុ បានបុកម៉ូតូម៉ាកហុងដា សេ១២៥ពណ៌ខ្មៅគ្មានស្លាកលេខបើកបរដោយឈ្មោះ ព្រំ ខន្តី ភេទ ប្រុស អាយុ៦១ឆ្នាំ មានទីលំនៅភូមិ៣សង្កាត់លេខ២ ក្រុងព្រះសីហនុ មុខរបរបុគ្គលិកកំពង់ផែ រងរបួសស្រាល។
ប្រភពដ៏ដែលបានបន្តថា៖ ខណៈពេលក្រុមកាងាររបស់លោកកំពុង ត្រួតពិនិត្យមួក កញ្ចក់ នៅចំណុចកន្លែងកើតហេតុ មានម៉ូតូមួយគ្រឿង បានជិះឆ្លងផ្លូវពីស្តាំទៅឆ្វេង ប៉ុន្តែឆ្លងបានពាក់កណ្តាលថ្នល់ក៏ស្រាប់មានរថយន្តមួយគ្រឿងពណ៌សបើកបរយ៉ាងលឿន បុកម៉ូតូជនរងគ្រោះពេញទំហឹង បណ្តាលអោយអ្នកជិះម៉ូតូខ្ទាតចេញពីម៉ូតូឯម៉ូតូកៀបជាប់រថយន្តអូសទៅមុខប្រហែល២០ម៉ែត្រ ដោយពុំព្រមឈប់ឃើញដូចនោះកំលាំងសមត្ថកិច្ចឈជើងក្បែរនោះបានចេញមកឃាត់រថយន្ត ក្នុងបំណងអោយម្ចាស់រថយន្តចុះមកដោះស្រាយតាមផ្លូវច្បាប់ជាមួយជនរងគ្រោះ តែរថយន្តហាក់ពុំស្តាប់សមត្ថកិច្ចឡើយដោយមានៈបើកទៅមុខរហូតជាង៣០ម៉ែត្រ ហើយថយក្រោយបន្តិចបើកគេចទាំងកំរោលបើទោះបីសមត្ថកិច្ចឈរឃាត់ពីមុខក៏ដោយ ដែលបង្កអោយមានភាពភ្ញាក់ផ្អើលដល់អ្នកតំណើរងាកមើលគ្រប់ៗគ្នា។មួយសន្ទុះក្រោយមកសមត្ថកិច្ចក៏ស្ទាក់ចាប់បាននៅចំណុចផ្សារលើ ចំងាយពីកន្លែងកើតហេតុប្រហែល២គីឡូម៉ែត្រ រួចបញ្ជូនមកកាន់ការិយាល័យចរាចរណ៍ផ្លូវគោកដើម្បីចាត់ការតាមផ្លូវច្បាប់។
ដោយឡែកយោងតាមប្រភពអ្នកបានឃើញហេតុបាននិយាយថា៖ តាមពិតហេតុការណ៍គ្រោះថ្នាក់ចរាចរណ៏នេះមិនជាធ្ងន់ធ្ងរនោះទេ ប៉ុន្តែគេសង្ស័យថា ភាគីរថយន្តប្រហែលអាងអ្នកខ្នងណាមួយហើយទើបហ៊ានចេញអកប្បកិរិយាព្រហើន អសីលធម៌ បុកម៉ូតូហើយមិនខ្ចីឈប់មើលបន្តិចសោះ សូម្បីតែប៉ូលិសចរាចណ៌ទៅឈរឃាត់ពីមុខរថយន្តក៏រថយន្តរកបុកប៉ូលិសថែមទៀត កុំតែគេចទាន់ កុំអីប៉ូលិសមិនដឹងជាទៅជាយ៉ាងណាទេ ពិតជាសាហាវមែន។ នៅពេលយករថយន្តមកដល់កន្លែងការិយាល័យចរាចរណ៍ ក៏មានមនុស្សចំនួន២ទៅ៣នាក់បានចេញមុខមកហាមមិនអោយអ្នកយកព័ត៌មានថតរូបថែទៀត ដោយប្រើសំដីអសរស់មិនដឹងជាមកពីណាទេ។
ប្រភពដ៏ដែលបានបន្តថា ជុំវិញបញ្ហានេះ បើតាមច្បាប់ចរាចរណ៍ផ្លូវគោក សមត្ថកិច្ចត្រូវតែ ឃាត់អ្នកបើកបរទុក កសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ប៉ុន្តែបែរជាបណ្តោយអោយបក្ខពួកជនបង្ក ឆាឆៅការងនុវត្តច្បាប់របស់សមត្ថកិច្ចនៅការិយាល័យចរាចណ៍ ហើយនាំយកជនបង្កចេញទៅបាត់ បើទោះបីជាជនបង្កបុកជនរងគ្រោះ ហើយនៅពេលដឹងថាម៉ូតូ និងជនរងគ្រោះជាប់នៅនឹងឡានក៏នៅតែបើកអូស ហើយថែមទាំងមានបំណងបើកឡាបបំបុក សមត្ថកិច្ច ក្នុងពេលបំពេញភារៈកិច្ចថែមទៀត ដែដកំហុសចេតនាទាំងពីរនេះមិនស័ក្តិសមដោះលែងជនបង្កយ៉ាងនេះទេ៕ ដោយ កោះរ៉ុង