សាពូន មីដាដា រន្ធត់ចិត្ត ខ្លាំងពេលបងប្រុសស្លាប់ ដោយគាំងបេះដូង ខណៈ កំពុងបើកឡាន
ភ្នំពេញៈ តារាចម្រៀង ប្រចាំផលិតកម្ម ហង្សមាស លោក សាពូន មីដាដា នៅពេលថ្មីៗនេះ បានជួបទុកសោក ក្រៀមក្រំយ៉ាងធំ ដោយសារតែបងប្រុស ជាទីស្រលាញ់ របស់លោក គឺលោក សាពូន នីទីតា បានទទួលមរណភាព កាលពីល្ងាចថ្ងៃទី២៨ ខែមករា ម្សិលមិញនេះ ព្រោះតែរោគគាំងបេះដូង ពេលកំពុងបើករថយន្ត។
លោក សាពូន មីដាដា បានរៀបរាប់ប្រាប់ LookingTODAY ឲ្យដឹងនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៥នេះថា លោកនិងក្រុមគ្រួសារ មានអារម្មណ៍ សោកស្តាយ និងរន្ធត់ចិត្តជាខ្លាំង នៅពេលដែល បានទទួលព័ត៌មានថា បងប្រុសរបស់ខ្លួន ត្រូវបានស្លាប់ ដោយសារតែជំងឺគាំងបេះដូង ខណៈដែលកំពុងតែធ្វើដំណើរ នៅតាមផ្លូវជាមួយមិត្តភក្តិ។ នៅពេលដែលទទួល បានដំណឹងនេះភ្លាម លោកស្ទើរតែមិនជឿ ព្រោះថាបងប្រុសលោក មានសុខភាពល្អ មិនដែលឈឺអ្វីទេ កន្លងមក ។
លោក សាពូន មីដាដា បានប្រាប់ទាំងអារម្មណ៍ក្តុលក្តួលទៀតថា “ខ្ញុំរន្ធត់ចិត្ត និងពិបាកធ្វើចិត្ត ទទួលយកមែនទែន ពេលដឹងដំណឹងថា បងប្រុសខ្ញុំ គាត់ទទួលមរណភាព បើសិនជាបងខ្ញុំគាត់ធ្លាប់ មានជំងឺព្យាបាល ខ្ញុំមិនសូវរន្ធត់ទេ ព្រោះថា យើងដឹងថាគាត់ឈឺ និងអាចសម្រួលអារម្មណ៍ ធ្វើចិត្តបានខ្លះ តែនេះកន្លងមក គាត់មិនធ្លាប់ឈឺអ្វីឡើយ គាត់មានសុខភាពល្អ តែនៅសុខៗ បែរជាគាំងបេះដូង ស្លាប់ភ្លាមៗបែបនេះទៅវិញ” ។
តារាចម្រៀងរូបនេះ បានប្រាប់ទៀតថា “ខ្ញុំមានអារម្មណ៍សោកសង្រេងខ្លាំងណាស់ រកអ្វីប្រៀបផ្ទឹម មិនបានទេ ដែលនៅសុខៗក្មួយៗទាំង៣ ត្រូវមកកំព្រាឪពុកលឿនបែបនេះ ហើយគ្រាន់តែទទួលបានដំណឹងភ្លាម បងថ្លៃខ្ញុំ គាត់យំឡើងសន្លប់បាត់ស្មារតី ហើយចំណែកខ្ញុំ និងគ្រួសារក៏រំជួលចិត្ត មិនចាញ់គាត់(បងថ្លៃ)ដែរ”។
តារាចម្រៀងកំពុងជួបទុក្ខធំ រូបនេះ បានប្រាប់ឲ្យដឹងបន្ថែមទៀតថា ពេលនេះសពតម្កល់ធ្វើបុណ្យ នៅវត្តកោះ ហើយការបូជាសព និងធ្វើនៅថ្ងៃទី៣០ ខែមករាស្អែកនេះ ។ ចំណែកពិធីបុណ្យ៧ថ្ងៃ និង១០០ថ្ងៃ គឺនឹងប្រារព្ធធ្វើឡើង នៅថ្ងៃទី២ ខែកុម្ភៈខាងមុខនេះ ។ ព័ត៌មានក៏ជាការ គោរពអញ្ជើញ ដល់សិល្បករ-សិល្បការិនី ក៏ដូចជាញាតិមិត្តជិតឆ្ងាយ ចូលរួមរំលែកទុក្ខ ដ៏មហាក្រៀមក្រំនេះ ជាមួយក្រុមគ្រួសារ របស់លោក សាពូន មីដាដា ឲ្យបានគ្រប់ៗគ្នា ។
គេហទំព័រ LookingTODAY ក៏សូមចូលរួមរំលេកទុក្ខ ចំពោះក្រុមគ្រួសារ លោក សាពូន មីដាដា និងគ្រួសារបងប្រុស របស់លោក និងសូមឲ្យវិញ្ញាក្ខន្ធ នេះបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៤ បងប្រុសបង្កើត របស់តារាសម្ដែង សឿ សុធារ៉ា លោក សឿ រ៉ាវុធ អាយុ៣៤ឆ្នាំ ដែលត្រូវបានមជ្ឈដ្ឋាន អ្នកសិល្បៈស្គាល់តាមរយៈ ជំនាញផាត់មុខ ដ៏ប៉ិនប្រសព្វនោះ ក៏បានទទួលមរណភាព ដោយជំងឺគាំងបេះដូង នេះដែរ ខណៈដែលលោកកំពុងតែលេង Facebook នៅក្នុងផ្ទះ៕
ផ្តល់សិទ្ធិដោយ Lookingtoday
from Khmernote - The best entertainment website in Cambodia http://ift.tt/1BzbqwR
via IFTTT