ចោរអស់លក្ខណ៍ម្នាក់ កំពុងតែបណ្តើរម៉ូតូបន្ទាប់ពីលួចបាន១គ្រឿង ដោយភ្នែកវិលក្រឡាប់ចាក់ ប៉ូលិសសង្ស័យ ក្របួចជាប់
ខេត្ដកណ្ដាល ៖ បុរសម្នាក់ក្រោយពីលួចម៉ូតូរបស់គេ ហើយកំពុងបណ្ដើរម៉ូតូដែលលួចបានដោយភ្នែកក្រឡាប់ចាក់ ត្រូវនគរបាលក្រុងតាខ្មៅស្ទាក់ចាប់ខ្លួនជាប់ កាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី២ ខែមករា ឆ្នាំ២០១៥ ពេលដែលមន្ដ្រីនគរបាលចុះល្បាតការពារមូលដ្ឋានរបស់ខ្លួន ។
សមត្ថកិច្ចប្រាប់ថា ជនសង្ស័យដែលត្រូវចាប់ខ្លួនឈ្មោះ ឌួង សាវី អាយុ២៨ឆ្នាំ មានទីលំ នៅក្នុងភូមិថ្មី សង្កាត់-ក្រុងតាខ្មៅ ខេត្ដកណ្ដាល បានដកហូតម៉ូតូមួយគ្រឿងម៉ាកហុងដា គុប ជ្រុងសេ៥០ ពណ៌ទឹកប៊ិច ពាក់ស្លាក លេខកំពង់ស្ពឺ 1A-9681 និងកូនសោម៉ូតូ ម៉ាកហុងដាដែលជាកម្មសិទ្ធិរបស់ឈ្មោះ កង សារិទ្ធ ភេទប្រុស អាយុ៤៥ឆ្នាំ មាន ទីលំនៅភូមិព្រែកហូរលិច សង្កាត់ព្រែក ហូរ ក្រុងតាខ្មៅ ។
ម្ចាស់ម៉ូតូឈ្មោះកង សារិទ្ធ បានប្រាប់ថា នៅមុនពេលបាត់ម៉ូតូរូប គាត់បានផឹកស៊ីនៅផ្ទះមិត្ដភក្ដិ ហើយ ក្រោយពីផឹកស៊ីស្រវឹងក៏បានចុះពី លើផ្ទះ មិត្ដភក្ដិដើម្បីជិះម៉ូតូត្រឡប់ទៅផ្ទះវិញ ពេលនោះស្រាប់តែបាត់ម៉ូតូ ហើយក៏ បានទៅប្ដឹងសមត្ថកិច្ចនគរបាលប៉ុស្ដិ៍ ព្រែកហូរឲ្យជួយរក ។ ភ្លាមនោះសមត្ថ កិច្ចនគរបាលប៉ុស្ដិ៍ព្រែកហូរបានទាក់ទង តាមវិទ្យុទាក់ទងដើម្បីស្វែងរកម៉ូតូខាង លើនេះ។
លុះដល់ម៉ោង៩និង៤៥នាទីយប់ ថ្ងៃដដែលកម្លាំងនគរបាលប៉ុស្ដិ៍ដើមមៀន ដែលចុះល្បាតតាមមូលដ្ឋានបានឃើញជនសង្ស័យខាងលើកំពុងបណ្ដើរម៉ូតូដូច ភិនភាគដែលនគរបាលប៉ុស្ដិ៍ព្រែកហូរបានរាយការណ៍ ។ នគរបាលប៉ុស្ដិ៍ដើមមៀនក៏បាន ឃាត់ខ្លួនជនសង្ស័យ ហើយបានពិនិត្យមើលម៉ូតូឃើញថាមានភិនភាគដូច ម៉ូតូជនរងគ្រោះក៏បញ្ជូនមកអធិការដ្ឋានដើម្បីសាកសួរចម្លើយ ។
ជនសង្ស័យបានឆ្លើយសារភាពថា រូបគេពិតជាលួចយកម៉ូតូនេះប្រាកដមែន។ បច្ចុប្បន្នជនសង្ស័យត្រូវបាននគរបាលក្រុងតាខ្មៅបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្ដកណ្ដាលដើម្បីចាត់ការតាមច្បាប់ ៕