ស្ត្រីមានផ្ទៃពោះ៤ខែ ដោយសារភ្លើងប្រច័ណ្ឌឆេះងំពេញឱរា បានផឹកថ្នាំកណ្តុរប៉ងសម្លាប់ខ្លួន ព្រោះតែប្តីផឹកទឹកត្នោតជូរជាមួយស្រីៗ ចំអន់ដាក់គ្នាឌឺដង
ខេត្តកំពង់ឆ្នាំង៖ ស្ត្រីមានផ្ទៃពោះ៤ខែម្នាក់ផ្តើមចេញពីភ្លើងប្រច័ណ្ឌ ឆេះរោលរាលក្នុងឱរា តែម្នាក់ឯង បានប៉ងសម្លាប់ខ្លួន ដោយផឹកថ្នាំបំពុលកណ្តុរ ព្រោះតែប្តីផឹកទឹកត្នោតជូរជាមួយស្រីៗដោយមានពាក្យចំអន់ឌឺដងលែបខាយដាក់គ្នា។ ប៉ុន្តែពេលដឹងទាន់ក្រុមគ្រួសារបានដឹកយ៉ាងប្រញ៉ាប់ប្រញាល់បញ្ជូនមកកាន់មណ្ឌលសុខភាពស្រុក និងបានដឹកបន្តបញ្ជូនមកមន្ទីរពេទ្យខេត្តជាបន្តទៀតដើម្បីជួយសង្គ្រោះជីវិតនាង។ ហេតុការណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង១ និង៣០នាទីរសៀលថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៥ នៅក្នុងភូមិមេលំ ឃុំមេលំ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។
ស្ត្រីប៉ងធ្វើអត្តឃាតរូបនោះមានឈ្មោះ ចឹម ស៊ីណា អាយុ២៨ឆ្នាំ មានប្តីឈ្មោះ សួង គឹមសេង អាយុ៣២ឆ្នាំ គ្រួសារនេះមានទីលំនៅភូមិឃុំកើតហេតុខាងលើ។ ចំពោះមូលហេតុនៃការប៉ងសម្លាប់ខ្លួននេះក្រុមគ្រួសារ មិនបានដឹងនោះទេ ប៉ុន្តែតាមការអះអាងរបស់បុរសជាប្តី ដែលបានប្រាប់លោកមេឃុំមេលំនោះថា៖ មុនពេលកើតហេតុប្រពន្ធគាត់ជាមួយស្រីៗអ្នកភូមិជាមួយគ្នា ៤-៥នាក់បាននាំគ្នាផឹកទឹកត្នោតជូរ អស់ច្រើនល្មមដែរនៅផ្ទះអ្នកជិតខាងក្នុងភូមិ។
ក្នុងពេលនោះរូបគាត់ជាប្តីបានត្រឡប់មកពីស្រែវិញ ក៏ត្រូវស្រីៗ ដែលកំពុងនៅផឹកជាមួយប្រពន្ធគាត់ បានហៅគាត់អោយចូលផឹកជាមួយគ្នា ហើយគាត់ក៏ចូលផឹកជាមួយបានតែមួយកែវ និងកំពុងនិយាយ លេងក៏ស្រាប់តែ បាត់ប្រពន្ធគាត់មិនដឹងទៅណា។ បន្តិចក្រោយមកមានគេរត់មកប្រាប់គាត់ថា៖ ប្រពន្ធគាត់បានទៅផឹក ថ្នាំបំពុលសត្វកណ្តុរ កំពុងប្រកាច់នៅក្នុងផ្ទះភ្លាមៗ នោះដែរគាត់ប្រញាប់រត់ ទៅផ្ទះ និងបានស្រែកអ្នកជិតខាងក្នុងភូមិអោយជួយដឹកនាងយកទៅពេទ្យស្រុកបរិបូណ៌ជួយសង្គ្រោះនាង។
សមត្ថកិច្ចមូលដ្ឋានបាននិយាយអោយដឹងថា៖ ពេលប្តីមកចូលផឹកជាមួយនោះប្រពន្ធ បានខឹងនឹងប្តី ព្រមជាមួយគ្នានោះមានស្រីៗញោះឌឺដងដាក់ប្តីលលេងផងនោះ ទើបនាងប្រច័ណ្ឌហើយបានគេចត្រឡប់មកផ្ទះមុន និងបានយកថ្នាំបំពុលកណ្តុរផឹកប៉ុនប៉ងធ្វើអត្តឃាតខ្លួនឯងតែម្តង ព្រោះភ្លើងប្រច័ណ្ឌ។
ក្រុមគ្រូពេទ្យខេត្ត ដែលកំពុងជួយសង្គ្រោះបាញ់ទឹកបញ្ចូលលាងក្រពះ អោយនាងបាននិយាយ អោយដឹងថា៖ ស្ត្រីប៉ងធ្វើអត្តឃាតរូបនេះកំពុងស្ថិតក្នុងការសង្គ្រោះជីវិតជាបន្ទាន់ ចំណែកទារក ក្នុងផ្ទៃ ពោះនាងដែលទើបតែមានអាយុ៤ខែនោះគេមិនអាចសន្និដ្ឋានបានថាទារកនោះជោគវាសនាយ៉ាងណា នោះទេ ប្រហែលជាសង្ឃឹមជួយសង្គ្រោះទារកនោះបានតិចតួចណាស់៕ ដោយ រិទ្ធិ ជ័យ