សមត្ថកិច្ចបានលើកគ្នាបង្ក្រាបសិប្បកម្មកែច្នៃឈើ១កន្លែងក្នុងក្រុងបានលុងយ៉ាងហ៊ឹកហ៊ាក់ ខណៈសិប្បកម្មរាប់សិបកន្លែងទៀតដំណើរការមិនប្រក្រតីបានទាំងរលូន
ខេត្តរតនគិរី ៖ គេមិនឃើញមានការយកចិត្តទុកដាក់ពីរឿងសកម្មភាពកាប់បំផ្លាញព្រៃឈើនៅឧទ្យានជាតិវីរៈជ័យ និងឧទ្យានលំផាត់ ក្នុងខេត្តរតនគិរី ដែលប្រព្រឹត្តឡើងដោយពួកឈ្មួញឆ្លៀតឱកាស ជម្រុញឲ្យកាប់ ដោយរងចាំប្រមូលទិញ ដឹកទាំងឡានធំៗខូងផ្លូវអស់ទៅហើយ យកទៅលក់នៅតាមបណ្តាខេត្តផ្សេងៗ និងនាំទៅកាន់ប្រទេសវៀតណាម ដែលសកម្មភាពនេះប្រព្រឹត្តទៅបានដោយមានការឃុបឃិត មន្ត្រីឆ្មាំឧទ្យានទាំងពី ជំនាញរដ្ឋបាលព្រៃឈើ ក្រោមការដឹកនាំរបស់លោក វង្ស សុក្រសេរី និងសមត្ថកិច្ចពាក់ព័ន្ធដែកគិតតែពីប្រមូលលុយពីបទល្មើសព្រៃឈើនោះ តាមជំនាញរៀងខ្លួនដោយប្រារនេះហើយធ្វើឲ្យគេរំពឹងទុកថា ឈើប្រណីតប្រភេទគ្រញូង បេង នាងនួន ធ្នង់ និងសុក្រំ ផ្ចឹកជាដើមកំពុងប្រឈមនឹងសេចក្តីវិនាសសាបសូន្យចៀសមិនផុតទ្បើ យ។
រឿងគួរឲ្យសោកស្តាយសមត្ថកិច្ចចម្រុះមិនព្រមចាត់វិធានការបង្ក្រាបបទល្មើសដែល កើតទ្បើងយ៉ាងគគ្រឹកគគ្រេងនៅឧទ្យានជាតិវីរៈជ័យ និងព្រៃដែនជម្រកសត្វ ក្នុងស្រុកលំផាត់នោះទេ តែបែរជាមកបង្ក្រាបរោងសិប្បកម្មកណ្តាលក្រុងបានលុងយកស្នាដៃឲ្យមហាជនមើលឃើញថាយកចិត្តទុកដាក់ សម្បើមណាស់ ប៉ុន្តែករណីនេះពលរដ្ឋសង្ស័យទៅវិញថាទំនងជាម្ចាស់សិប្បកម្មនោះមិនបានបង់លុយឲ្យបានសព្វជ្រុងជ្រោយ ឬមិនតាមតម្រូវការឲ្យក្រុមណាមួយហើយទើបបានមកបង្ក្រាបនៅពេលនេះ ដែលសិប្បកម្មនេះដំណើរការឡើងដុះស្លែទៅហើយ ។ ភាពអនាធិប្តេយ្យនៃការកាប់បំផ្លាញព្រៃឈើនៅខេត្តរតនគិរីនោះពលរដ្ឋ និងអង្គការសង្គមស៊ីវិលបានទម្លាក់ និងដាក់បន្ទុកលើលោក វង្ស សុក្រសេរី នាយខណ្ឌរដ្ឋបាលព្រៃឈើ លោក ជូ សុភ័ក្ត្រ ប្រធានមន្ទីរបរិស្ថានខេត្ត និង លោក អ៊ូ សទ្ធី ប្រធានគ្រប់គ្រង ដែនជម្រកសត្វ ព្រៃលំផាត់។
ក្នុងប្រតិបត្តិដ៏ហ៊ឹកហ៊ាក់កាលពីព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៥នេះសមត្ថកិច្ចចម្រុះរួមមានកម្លាំងនគរបាលប្រឆាំងបទល្មើស សេដ្ឋកិច្ចខេត្ត នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួង កម្លាំងអាវុធហត្ថក្រុងបានលុង និងមន្ត្រីរដ្ឋបាលព្រៃឈើដឹកនាំដោយព្រះរាជអាជ្ញារងមួយរូបបាន ចុះបង្ក្រាបរោងសិប្បកម្មកែច្នៃឈើមួយកន្លែងក្នុងភូមិថ្មី សង្កាត់ទ្បាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។ សិប្បកម្មនេះត្រូវបានគេដឹងថាធ្វើអាជីវកម្មជិត១ឆ្នាំមកហើយ ដោយទទួលស៊ីឈ្នួលកែច្នៃឈើធ្វើគ្រឿងសង្ហារឹមនិងថូផ្កាដែលភាគច្រើន ជាឈើរបស់មន្ត្រីធំៗនៅក្នុងខេត្តនេះ ម្ចាស់រោងសិប្បកម្មនោះមានឈ្មោះចាន់ ណេត។ នៅក្នុងប្រតិបត្តិការនោះសមត្ថកិច្ចរឹបអូសឈើប្រណីតប្រភេទធ្នង់ សុក្រំ ច្រេះ ត្រសេកដែលមានមុខកាត់ធំៗជាច្រើនកំណត់និងឧបករណ៍សម្ភារៈសម្រាប់ កែច្នៃឈើជាគ្រឿងសង្ហារឹមផងដែរបានយ៉ាងជោគជ័យ ប៉ុន្តែពលរដ្ឋសាទរតិចតួច។
ប្រជាពលរដ្ឋរស់នៅសង្កាត់ទ្បាបានសៀក ក្រុងបានលុង ខេត្តរតនគិរី រិះគន់ថាពួកសមត្ថកិច្ចធ្វើការបង្ក្រាបដោយរើសមុខ ដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួនប៉ុណ្ណោះ។នៅក្នុងសង្កាត់ទ្បាបានសៀក មានរោងសិប្បកម្មកែច្នៃឈើជាច្រើនកន្លែង ប៉ុន្តែសមត្ថកិច្ចបង្ក្រាបតែរោងសិប្បកម្មរបស់ឈ្មោះ ចាន់ ណេត ប៉ុណ្ណោះ ចំណែករោងសិប្បកម្មផ្សេងៗទៀតដែលស្តុកទុកឈើប្រណីតយ៉ាងច្រើនបែរជា មិនបង្ក្រាប ដែលធ្វើឲ្យពលរដ្ឋយល់ថា ទំនងមកពីម្ចាស់សិប្បកម្មរអាក់រអួលពីរឿងបង់លុយឲ្យមន្ត្រី អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធណាមួយនោះ ទើបមានការបង្ក្រាបកើតឡើងយ៉ាងដូច្នេះ។ ទោះយ៉ាងណានៅខេត្តរតនគិរី លោក វង្ស សុក្រសេរី នាយខណ្ឌរដ្ឋបាលព្រៃឈើ លោក ជូ សុភ័ក្ត្រ ប្រធានមន្ទីរបរិស្ថានខេត្ត និង លោក អ៊ូ សិទ្ធី ប្រធានគ្រប់គ្រង ដែនជម្រកសត្វ ព្រៃលំផាត់ មានភាពល្បីល្បាញ ពាក់ព័ន្ធរឿងគ្រប់គ្រងព្រៃឈើមិនប្រក្រតី ដោយមានការចោទប្រកាន់ថាប្រើឥទ្ធិពលរបស់ខ្លួនទាញយកប្រយោជន៍ផ្ទាល់ខ្លួន៕ ដោយ យក្សតូច