កាណូតបាឡាស្មាច់ បើកបុកកាណូតរុញជន របស់វៀតណាម នៅពេលយប់ យុវជនម្នាក់លិចទឹកស្លាប់ រកមិនទាន់ឃើញ២នាក់ទៀតរបួសស្រាល
ខេត្តកំពង់ឆ្នាំង៖ យុវជនម្នាក់បានលិចទឹកស្លាប់រកមិនទាន់ឃើញ ចំណែកនារីយុវជន២នាក់ ទៀតបានហែលទឹកជាង១០០ម៉ែត្រ ទើបដល់ច្រាំងផុតពីសេចក្តីស្លាប់ នៅក្នុងឧប្បត្តិហេតុ គ្រោះថ្នាក់ចរាចរណ៍ផ្លូវទឹកមួយ ដោយកាណូតបាឡាស្មាច់មួយគ្រឿងបើកបុកកាណូតរុញជន ខុសច្បាប់នៅពេលយប់។ករណីនេះបានកើតឡើងនៅវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៥ នៅចំណុចក្បាលកោះចោរ ក្នុងភូមិក្រម៉ាល់ ឃុំប្រឡាយមាស ស្រុក កំពង់លែង។
លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលប្រឡាយមាសបានអោយដឹងថា៖ យុវជនរងគ្រោះស្លាប់ក្នុង ករណីនេះ ឈ្មោះ អ៊ី ចំរុង ហៅវិតអាយុ១៧ឆ្នាំ ចំណែកអ្នករងរបួស២នាក់ទៀត១ឈ្មោះ អ៊ូ តូរ៉ូ អាយុ១៦ឆ្នាំ ភេទប្រុស,២ឈ្មោះ សែន ស្រីណាក់ អាយុ១៥ឆ្នាំ ភេទស្រីពួកគេរស់នៅក្នុង ភូមិឃុំ កើតហេតុខាងលើ។
មុនពេលកើតហេតុ ជនរងគ្រោះទាំង៣នាក់បានជិះកាណូតបាឡាស្មាច់មួយគ្រឿង ពីភូមិ ក្រម៉ាល់ទៅភូមិក្រងផ្តិល ដើម្បីទៅចូលរួមលេងរាំវង់ក្នុងពិធីខួបកំណើតកូនអ្នកស្រុកក្នុងការ បើកបរកាណូតបាឡាស្មាច់ទំនងជាពួកគេបើកលឿន ស្របនឹងពេលយប់ងងឹតផង ក៍បានបុក កាណូត រុញជនខុសច្បាប់មួយគ្រឿង បណ្តាលអោយកាណូតបាឡាស្មាច់លិចបាត់ក្នុងទឹក និងធ្វើអោយយុវជនម្នាក់បាត់ខ្លួនស្លាប់ក្នុងទឹករកមិនទាន់ឃើញ ចំណែកជនរងគ្រោះទាំង២នាក់ ទៀតរបួសស្រាល បានហែលទឹកចំងាយប្រមាណជាង១០០ម៉ែត្រ ទើបមកដល់ច្រាំងរួចផុត ពីគ្រោះថ្នាក់។
នៅក្នុងហេតុការណ៍នេះ សមត្ថកិច្ចមូលដ្ឋានបានសុំយោបល់លោក ឯក ស៊ុនរស្មីព្រះ រាជអាជ្ញា រងខេត្តហើយបាននាំគ្នាព័ទ្ធចាប់កាណូតរុញណូតខុសច្បាប់២គ្រឿងកំពុងរតញជននៅចំណុចនោះ របស់ជនជាតិវៀតណាម ១ឈ្មោះ ចាំង យ៉ាំងងា អាយុ៤០ឆ្នាំ និង២ឈ្មោះ ចាំង យ៉ាំង សៀវ អាយុ៥០ឆ្នាំ រួមនិងកម្មករ៥នាក់ពួកគេរស់នៅភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ ឆ្នាំង មកឃាត់ទុកនៅប៉ុស្តិនគរបាលរដ្ឋបាលប្រឡាយមាស។
លោក ធៀម សុង នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវទឹកខេត្ត បានអោយដឹងថា៖ នៅរសៀលថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៥ លោកបាននាំកាណូតជនទាំង២គ្រឿង និងជនជាតិ វៀតណាមទាំង៧នាក់យកមកដល់ការិយាល័យនគរបាលចរាចរណ៍ផ្លូវទឹកខេត្តនៅម៉ោង៥ល្ងាច។ចំណែកយុវជនបាត់ខ្លួនក្នុងទន្លេមកដល់ម៉ោង៥ថ្ងៃល្ងាចនេះ ក្រុមគ្រួសារកំពុងអូសអួន និង មុជទឹកវាវរកសពជនរងគ្រោះមិនទាន់ឃើញនៅឡើយ។
នៅចំពោះមុខសមត្ថកិច្ច ម្ចាស់កាណូតរុញជនទាំង២នាក់ បានបដិសេធន៍ថា គ្មានកាណូត ណាបុកកាណូតពួកគេទេ។ចំណែកជនរងគ្រោះទាំង២នាក់ដែលរងរបួសក្នុងករណីនេះ បានឆ្លើយថាកាណូតបាឡាស្មាច់ពួកគេពិតជាបានបុកកាណូតរុញជន១គ្រឿងពិតមែនក្នុងចំណោម កាណូតរុញជន២គ្រឿងនេះ៕ ដោយ រិទ្ធិ ជ័យ