ឪពុកស្លាប់គ្មានផ្លូវដឹកសពទៅបូជា ព្រោះតែតុលាការខេត្តកំពង់ឆ្នាំងមិនអនុវត្តដីកាសម្រេចរក្សាការពារសុំបើកផ្លូវ របស់តុលាការសាលាឧទ្ធរណ៍
ខេត្តកំពង់ឆ្នាំង៖ សំណុំរឿងក្តីរដ្ឋប្បវេណីលេខ២០៤ ចុះថ្ងៃទី២០.០៨.២០១៤ តុលាការសាលាឧទ្ធរណ៍បានចេញដីកាសម្រេចលេខ១៨ ដ.ក.ស ចុះថ្ងៃទី១៧.១១.២០១៤ អោយដើមបណ្តឹងជំទាស់បើកផ្លូវដើរទំហំ៤ម៉ែត្រគុណ១៤,៤០ម៉ែត្រទៅអោយចុងបណ្តឹងជំទាស់ ប៉ុន្តែតុលាការខេត្តកំពង់ឆ្នាំងអនុវត្តន៍ដីកាសម្រេចរបស់សាលាឧទ្ធរណ៍ មិនបាន ហើយឥឡូវដល់យប់ថ្ងៃទី២៩ ខែមិនា ឆ្នាំ២០១៥ ឪពុកខាងចុងបណ្តឹងជំទាស់បានស្លាប់គ្មានផ្លូវដង្ហែរសពទៅបូជា ស្នើសុំតុលាការសាលាឧទ្ធរណ៍ និងសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី ជួយអន្តរាគមន៍បើកផ្លូវខាងលើនេះជាបន្ទាន់ផង ដើម្បីពួកគាត់បានផ្លូវដើរនិងផ្លូវដង្ហែសពឪពុកចេញទៅធ្វើបុណ្យតាមប្រពៃណី។
នៅព្រឹកថ្ងៃទី៣០ ខែមិនា ឆ្នាំ២០១៥ ស្ត្រីជាចុងបណ្តឹងឈ្មោះ ទុំ សុផល អាយុ៤៧ឆ្នាំ និងស្ត្រីឈ្មោះ ទុំ សុឃឿន អាយុ៦២ឆ្នាំ រស់នៅភូមិសាលាលេខ៥ ឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច កំពុងធ្វើបុណ្យឪពុក ឈ្មោះ ទុំ យ៉ន អាយុ៨២ឆ្នាំ ដែលបានស្លាប់កាលពីម៉ោង៩ និង៩នាទីយប់ថ្ងៃទី២៩ ខែមិនា ឆ្នាំ២០១៥ បាននិយាយអោយ ដឹងថា៖ ឪពុកគាត់ស្លាប់គ្មានផ្លូវដង្ហែសពចេញទៅធ្វើបុណ្យបូជាទេ ព្រោះថារឿងក្តីខាងលើនេះទោះបីតុលាការសាលាឧទ្ធរណ៍បានចេញដីកាសម្រេចរក្សាការពារអោយដើមបណ្តឹងបើកផ្លូវដើរដែរពួកគាត់ធ្លាប់ដើរតាំងពីឆ្នាំ ១០៧៩ហើយក៏ដោយ ក៏តុលាការខេត្តកំពង់ឆ្នាំងអនុវត្តន៍ដីកានោះមិនបានសម្រេចនៅឡើយ។ ពួកគាត់ទទូចស្នើសុំតុលាការសាលាឧទ្ធរណ៍ពិសេសសម្តេច ហ៊ុន សែនជួយអន្តរាគមន៍បើកផ្លូវខាងលើនេះជាបន្ទាន់អោយពួកគាត់បានដើរ ដង្ហែសពឪពុកនៅថ្ងៃទី១០.០៤.២០១៥ ចេញទៅធ្វើបុណ្យបូជាសពដោយក្តីអនុគ្រោះផង។
សូមបញ្ជាក់ថា៖ នៅក្នុងដីកាសម្រេចការពារលេខ០៦ចុះថ្ងៃទី១៣.១១.២០១៣របស់សាលាដំបូងខេត្ត និង ដីកាសម្រេចលេខ១៨ ចុះថ្ងៃទី១៧.១១.២០១៥ របស់សាលាឧទ្ធរណ៍ បានសម្រេចអោយឈ្មោះ អ៊ឹង ហុ័ង ភេទ ស្រីអាយុ៤៦ឆ្នាំ ឈ្មោះសុខ ថន ភេទប្រុស អាយុ៥៥ឆ្នាំ ឈ្មោះ គង់ កែម ភេទស្រី អាយុ៥៩ឆ្នាំ និងកូនស្រីឈ្មោះឆឹង ពុទ្ធា ( ជាដើមបណ្តឹងជំទាស់ )មានទីលំនៅភូមិសាលាលេខ៥ ឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច បើកផ្លូវច្រកចេញចូលទំហំ៤ម៉ែត្រ គុណ១៤,៤០ម៉ែត្រ (ដែលខ្លួនបានធ្វើរបងបិតនៅថ្ងៃទី២៤.០៩.២០១៣ និងចុងបណ្តឹងបានប្តឹងនៅថ្ងៃទី២៥.០៩.២០១៣) អោយឈ្មោះ ទុំ សុផល និងឈ្មោះ ទុំ សុឃឿន ដែលពួកគាត់ធ្លាប់ដើរតាំងពីឆ្នាំ១៩៧៩ដើរជាបណ្តោះអាស្ននសិនដោយរង់ចាំតុលាការសម្រេចអង្គសេចក្តីជាក្រោយ។
នៅក្នុងរឿងនេះដើមបណ្តឹងជំទាស់បានអះអាងថា ដីរបស់ខ្លួនមានប្លង់កម្មសិទ្ធត្រឹមត្រូវ និងមិនមែនជាផ្លូវសំរាប់ដើរទេ តែកន្លមកចុងបណ្តឹងសុំខ្លួនដើរទៅស្រែ ខ្លួនក៏អោយដើរសិនទៅ នៅពេលខ្លួនមានលុយធ្វើរបងក៏បានធ្វើរបងបិតទៅ ហើយចុងបណ្តឹងក៏មានផ្លូវផ្សេងសំរាប់ដើរដែរតែពួកគេមិនព្រមដើរ នៅតែទាមទារសុំដើរលើដីកម្មសិទ្ធរបស់ខ្លួន។ ទាក់ទងនិងចំណុចនេះ ចុងបណ្តឹងបាននិយាយថា៖ផ្លូវផ្សេងដែលអាចដើរបាននោះគឺម្ចាស់ដីផ្លូវត្រូវអោយគាត់បង់លុយមួយពាន់ដុល្លាទើបគេអោយគាត់ដើរ គាត់គ្មានលុយបង់អោយគេទេ។
ទាក់ទងក្នុងរឿងនេះ លោក ឯក ស៊ុនរស្មី ( ព្រះរាជអាជ្ញារងសាលាដំបូងខេត្ត )ត្រូវបានគេចាត់តាំងអោយធ្វើជាអាជ្ញាសាលាចុះទៅអនុវត្តន៍ដីកាសម្រេចរក្សាការពារបើកផ្លូវនេះ លោកបានបញ្ជាក់អោយដឹងនៅល្ងាចថ្ងៃទី៣០ ខែមិនា ឆ្នាំ២០១៥នេះថា៖ពេលលោកចុះទៅអនុវត្តន៍ដីកានេះ លោកបានពិនិត្យជាក់ស្តែងនៅលើដីទំនាស់ទៅមិនអាចអនុវត្តន៍បានទេ ព្រោះដីកាមិនបានកំណត់ប្លង់អោយបើកផ្លូវនោះចំណុចណាច្បាស់លាស់។ម្យ៉ាងទៀតមានចំណុចខ្វែងគ្នា២ គឺការសុំបើកផ្លូវរបស់ចុងបណ្តឹងសុំបើកផ្លូវតែទំហំ៤ម៉ែត្រគុណ១៤,៤០ម៉ែត្រ ហើយបើកនៅចំណុចដែលគាត់សុំនោះក៏មិនអាចដើរបានដល់ផ្លូវលំមួយទៀតដែរ លុះត្រាគាត់សុំបើកផ្លូវចំណុចនោះប្រវែង២៥ម៉ែត្រឯណោះទើបអាចដើរដល់ផ្លូវលំមួយទៀតបាន។ ក្នុងរឿងនេះលុះត្រាចៅក្រមជុំនំជុំរះសាលាឧទ្ធរណ៍ចេញប្លង់កំណត់ទើបអនុវត្តបាន និងម្យ៉ាងទៀតមេធាវីដើមបណ្តឹងប្តឹងជំទាស់ទៀតផង សុំអោយចាំសម្រេចអង្គសេចក្តីសិនទៅ ចាំអនុវត្តសម្រេចតែម្តង៕ ដោយ រិទ្ធិ ជ័យ
http://ift.tt/1HZPvEm