ក្នុងអំឡុងបុណ្យចូលឆ្នាំខ្មែរ៣ថ្ងៃ មនុស្សជិត៤០នាក់ស្លាប់ របួសធ្ងន់និងរបួសស្រាលជាង២០០នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ជាង១០០ករណី
រាជធានីភ្នំពេញ ៖ យោងតាមរបាយការណ៍នាយកដ្ឋានសណ្តាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា ក្នុងអំឡុងនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ រយៈពេល៣ថ្ងៃកន្លងទៅនេះ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស បានបណ្តាលឲ្យមនុស្សស្លាប់ជិត៤០នាក់ ក្នុងនោះរបួសធ្ងន់ និងស្រាលមានចំនួនជាង២០០នាក់។
របាយការណ៍បានបញ្ជាក់ថា នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៥ មានគ្រោះថ្នាក់ចរាចរណ៍ ទូទាំងប្រទេសចំនួន២៤ករណី បណ្តាលអោយមនុស្សស្លាប់ចំនួន០៨នាក់ (ស្រីម្នាក់) របួសធ្ងន់២៦នាក់ (ស្រី៤នាក់) និងរបួសស្រាល១៧នាក់(ស្រី២នាក់) ។ ចំណែកនៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៥ មានគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសចំនួន៣៩លើក បណ្តាលអោយមនុស្សស្លាប់ចំនួន១៣នាក់ (ប្រុស) របួសធ្ងន់៤៧នាក់(ស្រី១០នាក់) និងរបួសស្រាល៤២នាក់(ស្រី៨នាក់) ។
ដោយឡែកនៅថ្ងៃចុងក្រោយនៃបុណ្យចូលឆ្នាំខ្មែរ គឺថ្ងៃទី១៦ ខែមេសា មានគ្រោះថ្នាក់ចរាចរណ៍ច្រើនជាងគេ គឺចំនួន៤៩លើក បណ្តាលឲ្យមនុស្សស្លាប់ចំនួន១៦នាក់ (ស្រី៥នាក់) របួសធ្ងន់៦៨នាក់(ស្រី១៧នាក់) និងរបួសស្រាល៤៨នាក់ (ស្រី១៣នាក់)។ គ្រោះថ្នាក់ចរាចរណ៍ជាង១០០ករណីនោះ បានបង្កឲ្យខូចខាតយានយន្តសរុបជិត២០០គ្រឿង ក្នុងនោះមានម៉ូតូជាង១៥៧គ្រឿង រថយន្តធុនតូច និងធំជិត៤០គ្រឿង ព្រមទាំងយានយន្តផ្សេងទៀត៕
http://ift.tt/1aFXvvS