បុណ្យចូលឆ្នាំ៣ថ្ងៃ គ្រោះថ្នាក់ចរាចរ ឆក់យកជីវិតមនុស្ស ៣៧នាក់ របួសធ្ងន់ស្រាល ២៤៨នាក់
ភ្នំពេញ៖ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែររយៈពេល ៣ថ្ងៃកន្លងទៅ (១៤-១៦ ខែមេសា) គ្រោះថ្នាក់ចរាចរ លើដងវិថី បានផ្តាច់ជីវិតមនុស្ស ៣៧នាក់ និងរងរបួសធ្ងន់ស្រាល ២៤៨នាក់។ នេះបើយោងតាម របាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។
យោងតាមរបាយការណ៍ ដែលចេញផ្សាយនៅថ្ងៃទី១៧ ខែមេសា បានឲ្យដឹងថា រយៈពេល ៣ថ្ងៃនេះ គ្រោះថ្នាក់ បានកើតឡើងចំនួន ១៣២ករណី បណ្តាលឲ្យមនុស្សស្លាប់ ៣៧នាក់ មានស្រី ៩នាក់ និងបណ្តាលឲ្យរបួសធ្ងន់ ស្រាល ២៤៨នាក់ ក្នុងនោះធ្ងន់ ១៤១នាក់ ស្រាល ១០៧នាក់។
របាយការណ៍បន្តថា គ្រោះថ្នាក់ចរាចរ ១៣២ករណីនេះ បង្កឲ្យខូចខាតយានយន្តសរុបជិត ២០០គ្រឿង ក្នុងនោះ មានម៉ូតូជាង ១៥៧គ្រឿង រថយន្តធុនតូច និងធំ ជិត៤០គ្រឿង ព្រមទាំងយានយន្តផ្សេងទៀត។ មូលហេតុ ដែល បណ្តាលឲ្យមានគ្រោះថ្នាក់ចរាចរកើតឡើងមកពីការបើកលើសល្បឿនកំណត់ បើកបរក្នុងស្ថានភាពស្រវឹង បើកបរ ប្រជែងគ្នា មិនគោរពសិទ្ធគ្នាក្នុងពេលបើកបរ ការបត់ខុស មិនប្រកាន់ស្តាំ និងមិនពាក់មួកសុវត្ថិភាពផងដែរ៕
ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល
from Khmernote - The best entertainment website in Cambodia http://ift.tt/1zoJHw3