ឥណ្ឌូនេស៊ីត្រៀមបញ្ជូនទាស ករនេសាទមកស្រុកកំណើតវិញ ក្នុងនោះមានប្រទេសកម្ពុជាផងដែរ
រដ្ឋាភិបាលឥណ្ឌូនេស៊ីបានប្រកាសថា ខ្លួននឹងបង្កើតក្រុមការងារពិសេស ស៊ើបអង្កេតលើករណីចោទប្រកាន់ថាមានបញ្ហាទាសករក្នុងឧស្សាហកម្មនេសាទឥណ្ឌូនេស៊ី ខណៈដែលក្រុមមន្ត្រីតៀមខ្លួនក្នុងការបញ្ចូនកម្មករលើនាវាជាជនបរទេសរាប់រយនាក់ទៅកាន់ប្រទេសកំណើតពួកគេវិញ ដោយកម្មករនេសាទទាំងនោះគឺធ្វើដំណើរពីប្រទេសកម្ពុជា ឡាវ ម៉ាយ៉ាន់ម៉ានិងថៃ។
កាលពីថ្ងៃអង្គារកន្លងទៅ បន្ទាប់ពីប្រធានាធិបតីឥណ្ឌូនេស៊ីបើកកិច្ចប្រជុំបន្ទាន់មួយ រដ្ឋមន្ត្រីក្រសួងជលផលឥណ្ឌូនេស៊ីលោកស្រី Mas Achmad Santosa បានប្រកាសថានឹងបង្កើតផែនការសម្រាប់ក្រុមការងារពិសេសស៊ើបអង្កេតលើបញ្ហានេះ ដោយលោកស្រីបញ្ជាក់ថា«យើងត្រូវដោះស្រាយបញ្ហានេះ។ វាមិនគួរកើតឡើងម្តងទៀតទេ ពីព្រោះវាគឺជារឿងអាម៉ាស់សម្រាប់ឥណ្ឌូនេស៊ី» ។
លោក Mas Achmad Santosa ប្រធានផ្នែកបង្ក្រាបបទល្មើសនេសាទនៃក្រសួងជលផលប្រទេសឥណ្ឌូនេស៊ីបាននិយាយកាលពីម្សិលមិញថា ក្រុមកម្មករនេសាទបានអះអាងថា ក្រុមហ៊ុនឥណ្ឌូនេស៊ីមួយដែលបានជួលកម្មករបរទេសជាង១០០០នាក់ពីបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍នោះ បានប្រព្រឹត្តអំពើធ្វើទារុណកម្ម ដោយចាត់ទុកកម្មករដូចទាសករ នៅតំបន់ដាច់ស្រយាលភាគខាងកើតនៃប្រទេសឥណ្ឌូនេស៊ី។
លោកបានបន្តទៀតថា កាលពីចុងសប្តាហ៍កន្លងទៅ កម្មករនេសាទ៣៥០នាក់ដែលភាគច្រើនគឺជាមីយ៉ាន់ម៉ា ត្រូវបានបញ្ចូនចេញពីកោះបេនជីណា តំបន់ឆ្នេរភាគខាងកើត ខេត្ត West Papua ដើម្បីផ្តល់សុវត្ថិភាពសម្រាប់ពួកគេ។ មានការបារម្ភថាជនរងគ្រោះទាំងនេះ អាចប្រឈមនឹងជម្ងឺខ្លាចក្នុងសង្គម ហើយរដ្ឋាភិបាលបានអះអាងថានឹងបញ្ចូនពួកគេទៅទឹកដីកំណើតវិញ។
អង្គការអន្តរជាតិដើម្បីអន្តោប្រវេសន៍បានប៉ាន់ស្មានថា មានកម្មករនេសាទប្រមាណ៤០០០នាក់ កំពុងធ្វើការនៅបណ្តាតំបន់ដាច់ស្រយាលនៃប្រទេសឥណ្ឌូនេស៊ី ដោយពួកគេភាគច្រើនកំពុងនេសាទខុសច្បាប់៕
http://ift.tt/eA8V8J