ក្រសួងព័ត៌មាន និងវប្បធម៌ បង្កើតមហោស្រពតន្រ្តីចម្រៀងសម័យថ្នាក់ជាតិ កាត់បន្ថយការលួចចម្លងចម្រៀងពីបរទេស
ភ្នំពេញ៖ ក្រសួងព័ត៌មាន បានចូលរួមសហការ ជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងទេសចរណ៍ រួមនិង បណ្តាក្រុមហ៊ុន ដៃគូនានាជាច្រើនទៀត បង្កើតកម្មវិធី មហោស្រពតន្រ្តីចម្រៀងសម័យថ្នាក់ជាតិ «BATTLE of The BANDS 2015» ក្នុងគោលបំណងចូលរួម លើកកម្ពស់ស្មារតី ដល់អ្នកមានទេពកោសល្យ តែងនិពន្ធបទភ្លេង និងទំនុក ច្រៀងថ្មី ដោយមិនចម្លងតាមបរទេស។
លោក ជា ច័ន្ទបរិបូរណ៍ អនុប្រធានអចិន្រ្តៃយ៍ បានថ្លែងប្រាប់ដើមអម្ពិលថា តាមទូរស័ព្ទ នៅថ្ងៃទី៣ ខែមេសា ឆ្នាំ ២០១៥នេះថា មហោស្រពតន្ត្រីចម្រៀង សម័យថ្នាក់ជាតិឆ្នាំនេះ គឺលើកទី៤ហើយ ដែលរៀបចំព្រឹត្តិការណ៍នេះឡើង ដោយលើកទី១ធ្វើឡើង នៅក្នុងឆ្នាំ១៩៦៣ នាទីក្រុងកែប ក្នុងរជ្ជកាលដ៏រុងរឿងរបស់ ព្រះករុណាព្រះមហាវីរក្សត្រ ព្រះវ ររាជបិតាជាតិខ្មែរ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ និង២លើកទៀតនា ពេលថ្មីៗនេះ គឺក្នុងឆ្នាំ ២០១១ មហោស្រពប្រឡងតន្រ្តី និងចម្រៀងសម័យថ្នាក់ជាតិឆ្នាំ២០១១ និងលើកទី៣ មហោស្រពប្រឡងតន្រ្តី និង ចម្រៀងសម័យថ្នាក់ជាតិឆ្នាំ២០១៣ ។
លោក ជា ច័ន្ទបរិបូរណ៍ មានប្រសាសន៍ប្រាប់ ពីគោលបំណង នៃការរៀបចំកម្មវិធីនេះទៀតថា «ពេលនេះមានផលិតផលខ្មែរមួយចំនួនធំ របស់ប្រទេសយើង មានលក្ខណៈសម្បត្តិ បានចូលក្នុងទីផ្សារអាស៊ានបានហើយ តែដោយឡែកផលិតផលតន្ត្រី មិនទាន់អាចទៅរួចទេ បើយើងមិនខំនាំគ្នាធ្វើ ។ ប្រសិនបើយើងត្អូញថា មិនអាចផលិតបាន ដោយសារទីផ្សារតូចពេក ហើយពេលនេះ បើទីផ្សារធំ ហើយយើងត្រូវផលិតដោយខ្លួនឯង ក្នុងនោះយើងក៏ត្រូវការគោលការណ៍ធំ២ផងដែរ ដោយទី១គឺ គុណភាព និងទី២កម្មសិទ្ធិបញ្ញា ។ ហេតុដូច្នេះហើយទើប ខាងក្រសួងព័ត៌មានផ្តួចផ្តើម មហោស្រពនេះ ឡើយក្នុងចេតនាមួយ គឺបំផុសស្មារតីការតាក់តែង និពន្ធជាស្នាដៃ របស់យើងឡើងវិញ ហើយបើយើងមើលទៅពីសម័យដើម គឺបានបន្សល់ទុកស្នាដៃច្រើនណាស់…» ។
រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានគណៈកម្មការបច្ចេកទេស រូបនេះ បានមានប្រសាសន៍ប្រាប់ទៀតថា មហោស្រពតន្ត្រីចម្រៀង សម័យថ្នាក់ជាតិនេះ និងចាប់ផ្តើមឡើង នៅថ្ងៃទី១ ខែកក្កដា ហើយបញ្ចប់ទៅវិញ នៅចុងខែសីហា មានរយៈពេល៨សប្តាហ៍ ។ បើគិតរហូតមកដល់ពេលនេះ មានអ្នកទៅដាក់ពាក្យ ប្រឡងប្រមាណ៣០ក្រុម ហើយសម្រាប់អ្នកដែលចង់ មកដាក់ពាក្យប្រឡង គឺអាចមកទាក់ទង នៅក្រសួងព័ត៌មានដោយផ្ទាល់ ។
ចំណែកលក្ខខណ្ឌក្នុងការដាក់ពាក្យ គឺយើងតម្រូវឲ្យពួកគាត់ និពន្ធបទចម្រៀង ជាស្នាដៃខ្លួនឯង មិនចម្លងពីគេ គឺអាចចូលរួមប្រឡងបានទាំងអស់គ្នា ។
ជាមួយគ្នានោះដែរ លោក ជា ច័ន្ទបរិបូរណ៍ ក៏បានផ្ញើរសារទៅដល់បណ្តាផលិតកម្ម ក្នុងស្រុកផងដែរថា លោកចង់ផ្តាំផ្ញើរទៅដល់កន្លែង ការងារផ្សេងៗ ដែលធ្វើការទាក់ទងទៅ និងតន្ត្រី គួរតែងាកទៅមើលសមត្ថភាព ពួកគាត់ហើយ ផ្តល់ការងារជូនដល់ អ្នកបានជ័យលាភី ឬក៏អ្នកដែលចូលប្រឡង មានសមត្ថភាព អាចតាក់តែងនិពន្ធចម្រៀង ជាសា្នដៃ ខ្លួនឯងផង ដើម្បីចូលរួមលើកកម្ពស់វិស័យនេះ ឲ្យកាន់តែរីកចម្រើន ។
សូមជម្រាបផងដែរថា សម្រាប់ជ័យលាភីលេខ១ ក្នុងកម្មវិធីមហោស្រពតន្រ្តី ចម្រៀងសម័យថ្នាក់ជាតិទទួលបានទឹកប្រាក់៤ពាន់ដុល្លារ ពានរង្វាន់មួយរួមជាមួយ សម្ភារៈផ្សេងៗមួយចំនួនទៀត ,ចំណាត់ថ្នាក់លេខ២ ទទួលបាន៣ពាន់ដុល្លារ រួមជាមួយសម្ភារៈ ផ្សេងៗ, ចំណាត់ថ្នាក់លេខ៣ទទួលបាន២ពាន់ដុល្លារ រួមនិងសម្ភារៈមួយចំនួនដូចគ្នា ៕
ផ្តល់សិទ្ធិដោយ ដើមអម្ពិល
from Khmernote - The best entertainment website in Cambodia http://ift.tt/1BWX1c1