ប្រពៃណីព្យួរគោម ពេលចូលឆ្នាំខ្មែរ! ហេតុអ្វីខ្មែរ យើងចូលចិត្ត ព្យួរគោម ពេលចូលឆ្នាំ?
ហេតុអ្វីខ្មែរយើងចូលចិត្តព្យួរគោម ពេលចូលឆ្នាំ? មូលហេតុគឺ ៖
១- ថ្ងៃប្រារព្ធចូលឆ្នាំខ្មែរ ស្តិតនៅរដូវក្តៅហើយស្ងួតបំផុត ពិបាកដើរលេងពេលថ្ងៃ ទើបគេបង្កើតប្រពៃណីព្យួរគោម បំភ្លឺសម្រាប់ធ្វើបុណ្យពេលយប់ អោយមនុស្សបានមើលផ្លូវ នឹងបានដើរលេងសប្បាយ ជុំគ្នា ដោយមិនមានអសន្តិសុខ។
២- ដើម្បីលំអលំនៅឋាន អោយមានសោភ៌ណភាពចិញ្ចាចចញ្ចែង ប្រកបដោយមង្គល គួរជាទីរមនាដួងចិត្ត។
៣- ដើម្បីជាសក្ខីភាពពរជ័យទេវតាប្រស់ព្រំ ពីលើមេឃ មកលើជីវិតមនុស្សលើដី អោយប្រជាពលរដ្ឋគ្រប់គ្នា បានទទួលនូវរាសីជោគជតា ល្អពណ្ណរាយរុងរឿង ក្នុងឱកាសពេលបុណ្យនេះ។
៤- ដើម្បីជាពន្លឺប្រកាស ដាស់ហៅព្រលឹងដូនតា អោយមកចូលរួមប្រារព្ធបុណ្យចូលឆ្នាំជាមួយកូនចៅ ជួបជុំគ្នា ហើយអោយមកប្រស់ព្រំកូនចៅ អោយបានរស់នៅត្រជាក់ត្រជុំ ចាកផុត ពីភាពរាំងស្ងួត ក្រីក្រ ខ្វះខាត យល់តែភាពសំបូរសប្បាយ ត្រកុំត្រកាលជានិច្ច។
តើគេព្យួរគោមមានរចនាបថដូចម្តេចខ្លះ?
១- គោមបុរាណ ច្រើនធ្វើពីសំពត់ស្បៃសស្តើងៗ មានឆ្អឹងគោម ដែលគេពត់ជារាងផ្កាយ មានដាក់ចានខ្លាញ់ត្រី នៅចំកណ្តាល សម្រាប់អុជបំភ្លឺ។ នៅពេលអុជមក គោមនឹងមានពន្លឺភ្លើង ក្រហមលឿងព្រឿងៗ ចាំងជះទៅលើទិដ្ឋភាពដីភូមិ ក្នុងលក្ខណៈស្រទន់ប្រកបដោយមនោសញ្ចេតសន្តិភាព។
២- នៅសម័យមានអគ្គីសនី ខ្មែរយើងបាននិយមប្រើ គោមដែលមានខ្សែ ចងភ្ជាប់គ្នាជាជួរ មានរចនាបថនិងពណ៌ប្លែកៗ ទៅតាមចំណង់ចំណូលចិត្តរៀងៗខ្លួន។ មានកាលខ្លះ គេប្រើគោមទោលមួយ ដែលមានទំហំធំជាងគេ ព្យួរ នៅមុខក្លោងទ្វារផ្ទះ ឬ នៅចំកណ្តាលដីធ្លាភូមិ សម្រាប់ទុកជាតំណាងបណ្តូលនៃការជួបជុំ ប្រារព្ធបុណ្យចូលឆ្នាំ។
តើគេត្រូវប្រយ័ត្នប្រយែងយ៉ាងណាខ្លះ ក្នុងការព្យួរគោមបំភ្លឺលំនៅឋាន?
១- នៅសម័យដើម គេច្រើនដុតខ្លាញ់ត្រី ដើម្បីបំភ្លឺគោម ដូច្នេះ គេត្រូវព្យួរគោម នៅឆ្ងាយពីផ្ទះ កុំអោយខ្យល់វាយធ្លាក់ឆេះផ្ទះ។ ភាគច្រើនគេព្យួរ នៅចំកណ្តាលដីភូមិ ឬ នៅតាមផ្លូវ កន្លែងដែលមានចរាចរ មនុស្សដើរទៅមកច្រើនជាងគេ។
២- នៅសម័យប្រើអគ្គីសនី គេច្រើនប្រយ័ត្ន នៅពេលគេតខ្សែភ្លើង កុំអោយមនុស្សដើរជាន់ឆក់ស្លាប់បាត់បង់ជីវិត។ ជាពិសេស គេរិតតែធ្វើការប្រយ័ត្នជាមុនថែមទៀត សម្រាប់ការពារ នៅពេលមានភ្លៀង ឬ នៅក្បែរទឹកស្រះជាដើម។
៣- គេត្រូវព្យួរគោម អោយផុតជំហរមនុស្ស ដើម្បីកុំអោយប៉ះក្បាល ឬ កុំអោយមនុស្សឈោងចាប់លេង នាំមានគ្រោះថ្នាក់។
អត្ថបទដកស្រង់ពីទំព័រ៖ អ្នកស្រី កែវ ច័ន្ទបូរណ៍
from Khmernote - The best entertainment website in Cambodia http://ift.tt/1GrGROo