Apple នឹងផលិត iPhone អេក្រង់កោងតាមការបញ្ចុះបញ្ចូលពីក្រុមហ៊ុនផ្គត់ផ្គង់?
ក្រុមហ៊ុនផលិតអេក្រង់របស់ប្រទេសកូរ៉េខាងត្បូងគឺកំពុងតែព្យាយាមបញ្ចុះបញ្ចូលក្រុមហ៊ុន Apple ឲ្យប្រើប្រាស់អេក្រង់កោង OLED សម្រាប់ iPhone ពេលអនាគត់។ ប៉ុន្តែម៉ូដែលដំបូងដែលនឹងបំពាក់អេក្រង់នេះគឺប្រហែលជានឹងមិនអាចផលិតមុនឆ្នាំ ២០១៨ នោះទេ។ នេះបើតាមរបាយការណ៍ចេញផ្សាយកាលពីថ្ងៃពុធម្សិលមិញ។
អេក្រង់ OLED គឺត្រូវបានផលិតឡើងដោយក្រុមហ៊ុន LG និង Samsung ហើយអេក្រង់ទាំងនេះគឺត្រូវបានប្រើលើទូរសព្ទ Smartphone, នាឡិកា និង Tablet អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ក្នុងនោះដែរ Apple ក៏បានប្រើអេក្រង់នោះនៅលើនាឡិកា Apple Watch របស់ខ្លួនដែរ ប៉ុន្តែខ្លួននៅស្ទាក់ស្ទើរក្នុងការប្រើនៅលើ iPad និង iPhone។ យ៉ាងណាក្ដី វាអាចនឹងផ្លាស់ប្ដូរប្រសិនបើក្រុមហ៊ុនផ្គត់ផ្គង់របស់ខ្លួនចង់ឲ្យប្ដូរ។
“វាទំនងជាការពិតណាស់ដែលទូរសព្ទ iPhone អេក្រង់កោងដំបូងនឹងបង្ហាញខ្លួននៅឆ្នាំ ២០១៨ ដោយសារតែក្រុមហ៊ុនផ្គត់ផ្គង់ធំរបស់ Apple គឺកំពុងតែធ្វើការផលិតវា”។ ប្រភពមួយបានប្រាប់សារព័ត៌មាន Business Korea ។ ក្នុងនោះ LG គឺជាក្រុមហ៊ុនមួយដែលកំពុងតែបញ្ចុះបញ្ចូល Apple ឲ្យប្រើប្រាស់អេក្រង់នេះដែរ ខណៈដែលខ្លួនត្រូវបានគេរាយការណ៍ថា គ្រោងនឹងបង្កើនការផលិតអេក្រង់កោងនេះកាន់តែច្រើននៅឆ្នាំ ២០១៧។
ក្នុងជំហាននៃការផ្លាស់ប្ដូរអេក្រង់រាបទៅកាន់អេក្រង់កោង OLED ក្រុមហ៊ុន Apple អាចនឹងផលិត iPhone មានទំរង់ដូច Flex2 របស់ក្រុមហ៊ុន LG ដែរ ឬ Smartphone ធម្មតា តែអាចពត់បានក្រោមសម្ពាធខ្ពស់ដើម្បីជួយកាត់បន្ថយការខូចខាត ប្រើប្រាស់បានយូរ និងរឹងមាំ៕
អានបន្ត៖ Apple នឹងលុបប៊ូតុង Home ចេញពី iPhone ពេលអនាគត?
ប្រែសម្រួល៖ សំនៀង
ប្រភព៖ technobuffalo