លោក មាស សុភិន ប្រកាសជាអធិការស្តីទីនគរបាលស្រុកកំពង់ត្រឡាចលោកអធិការចាស់ត្រូវបានដកបឈ្ឈរជើងទាក់ទងពីបទចោទប្រកាន់ចាប់រំលោភនារីជាសិស្សវិទ្យាល័យម្នាក់
ខេត្តកំពង់ឆ្នាំង៖ ពិធីប្រកាសលិខិតបង្គាប់ការរបស់លោកស្នងការនគរបាលខេត្តកំពង់ឆ្នាំង ត្រូវបានធ្វើ ឡើង នៅក្នុងអធិការដ្ឋាននគរបាលស្រុកកំពង់ត្រឡាច នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៥ ដឹកនាំដោយលោក សុំ សុជាតិ ស្នងការរងនគរបាលខេត្តទទួលផែនធនធានមនុស្ស ដោយបានប្រកាសប្រគល់ភារកិច្ចជូនលោកវរសេនីយ៍ត្រី មាស សុភិន អធិការរងនគរបាលស្រុកកំពង់ត្រឡាចឡើងជាអធិការស្តីទីទទួលដឹកនាំរួមអធិការដ្ឋាននគរបាលស្រុកកំពង់ត្រឡាច។ដោយឡែកលោក ហ៊ុល វាសនា អធិការនគរបាលស្រុកកំពង់ត្រឡាច ត្រូវបានដកបញ្ឈរជើងទៅធ្វើការត្រួតពិនិត្យនៅក្នុងស្នងការដ្ឋាននគរបាលខេត្ត បន្ទាប់ពីសមត្ថកិច្ចជំនាញបានរកឃើញថា លោកមានកំហុសនឹងវិន័យកងកម្លាំងនគរបាលជាតិ និងរកឃើញភស្តុតាងមួយចំនួនដែលអាចពាក់ព័ន្ធនឹងការចោទប្រកាន់ និងការចាប់រំលោភនារីជាសិស្សវិទ្យាល័យម្នាក់នៅក្នុងអធិការដ្ឋានរបស់ខ្លួន។
លោក សុំ សុជាតិ ស្នងការរងនគរបាលខេត្ត ដែលបានមកប្រកាសលិខិតបង្គាប់ការផ្ទេរភារកិច្ចខាង លើនេះបានថ្លែងអោយដឹងថា៖ បន្ទាប់ពីមានពាក្យបណ្តឹងចោទប្រកាន់របស់យុវតីរងគ្រោះម្នាក់លើលោក ហ៊ុល វាសនា ថាបានចាប់រំលោភនាងរួចមក និងបន្ទាប់ពីសមត្ថកិច្ចជំនាញបានធ្វើការស្រាវជ្រាវរកឃើញថា លោកអធិការមានកំហុស២គឺ៖ ១.ខុសវិន័យកងកម្លាំងនគរបាលជាតិយកនារីភេទមកដេកនៅកន្លែងធ្វើការ និងយកម៉ូតូរបស់អង្គភាពនគរបាលដោះផ្លាកលេខចេញ អោយនារីដែលខ្លួនស្រឡាញ់ប្រើប្រាស់ ២.សមត្ថកិច្ចជំនាញរកឃើញភស្តុតាងស្លាកស្នាមរបួសនៅលើចង្កេះខាងស្តាំរបស់លោក ដែលគេសង្ស័យថាអាចមានការពាក់ព័ន្ធនឹងការចាប់បង្ខំនារីរងគ្រោះខាងលើរំលោភ។ហេតុនេះទើបលោក ហ៊ុល វាសនា ត្រូវបានដកចេញពីដំណែងអោយទៅនៅក្នុងស្នងការដ្ឋាននគរបាលខេត្ត ដើម្បីធ្វើការត្រួតពិនិត្យពីការិយាល័យបុគ្គលឹកមិនអោយទៅណាឡើយ រង់ចាំចំណាត់ការតុលាការខេត្ត។ ចំណែកលោក មាសសុភិន អធិការរងស្រុកកំពង់ត្រឡាចត្រូវបានប្រកាសតែងតាំងជាអធិការស្តីទីទទួលការងាររួមរបស់អធិការដ្ឋាននគរបាលស្រុកកំពង់ត្រឡាច។
នៅក្នុងពិធីប្រកាសផ្លាស់ប្តូរភារកិច្ចខាងលើនេះ លោក សុំ សុជាតិ បានធ្វើការណែនាំអប់រំដល់មន្ត្រីនគរបាលទាំងអស់ នៅក្នុងអធិការដ្ឋានស្រុកកំពង់ត្រឡាចថា៖ កំហុសឆ្គងរបស់លោក ហ៊ុល វាសនា ក៍ជាកំហុសរបស់មន្ត្រីនគរបាលរួមនៅក្នុងអធិការដ្ឋានផងដែរ ព្រោះថាពេលឃើញលោក ហ៊ុល វាសនា ប្រព្រឹត្តខុសពីវិន័យរបស់កងកម្លាំង ដូចបានរៀបរាប់ខាងលើ មិនមានមន្ត្រីនគរបាលណាជួយទប់ស្កាត់ ណែនាំ បែរជានាំគ្នាមើលបំណាំ ដែលនេះមកពីការបែកសាមគ្គីភាពនៅក្នុងអង្គភាព មិនហ៊ាននិយាយមិនហ៊ានថា ដែលពេលមានរឿងបានធ្វើអោយអាប់អោនកិត្តិយសដល់មន្ត្រីនគរបាលស្រុក និងនគរបាលខេត្តទាំងមូល។
លោកស្នងការរងបានផ្តាំផ្ញើផងដែរដល់លោក មាស សុភិន អធិការស្តីទី និងមន្ត្រីនគរ បាលក្នុង ស្រុកទាំងអស់ ត្រូវចេះសាមគ្គីគ្នា ទាំងក្នុងការរស់នៅ និងទាំងក្នុងការបំពេញភារកិច្ចតាម តួនាទីជាមួយ គ្នាអោយបានល្អ ត្រូវចេះជួយណែនាំ អប់រំគ្នាក្នុងពេលមានកំហុសឆ្គង។ ត្រូវអនុវត្តអោយបាន ល្អនូវគោល នយោបាយភូមិឃុំមានសុវត្ថិភាព បំរើប្រជាពលរដ្ឋ។ លោកបានបន្តថា មន្ត្រីនគរបាលចាស់ៗ ដែលចូលនិវត្ត គឺជា ឃ្លាំងស្តុកទុកនូវបទពិសោធន៍ល្អនៃការងារ ដូចនេះពេលមានជួបការលំបាកក្នុងការដោះស្រាយកិច្ចការ ងារអ្វីមួយ គួរតែពិភាក្សាផ្លាស់ប្តូរយោបល់ ដើម្បីដោះស្រាយការងារបានល្អប្រសើរ។
លោក មាស សុភិន អធិការនគរបាលស្តីទីបានឡើងធ្វើការប្តេជ្ញាចិត្តថា៖ ទោះបីលោកជិតចូលនិវត្តន៍ លោកប្តេជ្ញាពង្រឹងសាមគ្គីភាពផ្ទៃក្នុងអង្គភាពអោយបានរឹងម៉ាំ ដោយមិនប្រកាន់តួនាទីអ្វីឡើយ លោកក៍ដាក់ខ្លួន ផងដែរ សូមអោយមន្ត្រីនគរបាលទាំងអស់នៅក្នុងអង្គភាពជួយរិះគន់ណែនាំអប់រំនៅពេលលោកមានកំហុស ដើម្បីសហការបំពេញភារកិច្ចជូនអង្គភាពបានល្អប្រសើរ លោកក៍សូមអរគុណចំពោះទំនុកចិត្តរបស់ថ្នាក់លើ ដែល បានប្រគល់តួនាទីជូនលោកជាអធិការនគរបាលស្រុកកំពង់ត្រឡាច៕ ដោយ រិទ្ធិ ជ័យ
លោក មាស សុភិន តែងតាំងជាអធិការស្តីទី
លោក ហ៊ុល វាសនា ត្រូវបានដកចេញពីតំណែង
http://ift.tt/1fp0sU6