មនុស្សក្មេងចាស់ប្រុសស្រីស្លាប់១៦នាក់ និងរបួសធ្ងន់២៣នាក់ បន្ទាប់ពីជិះរថយន្តក្រុងត្រឡប់ពីហែទានវស្សាចូលទៅប្រាសាទតាមាន់ ត្រូវធ្លាក់ជម្រាលភ្នំដងរែកក្រឡាប់ជាច្រើនត្រឡប់
ខេត្តឧត្តរមានជ័យ ៖ រថយន្តក្រុង៣៥កៅអី ១គ្រឿង បានចុះពីលើភ្នំដងរែកច្រកអន្តរជាតិជាំសាងាំ មក ដល់ផ្លូវកោងខ្លាំង ជាន់ប្រាំងមិនស៊ីបានរអិលធ្លាក់ជ្រោះក្រឡាប់ជាច្រើនត្រឡប់ បណ្ដាលឲ្យមនុស្សក្មេង ចាស់ប្រុសស្រីស្លាប់១៦ នាក់ ក្នុងនោះមានស្រី ១១នាក់ និងរបួសយ៉ាងធ្ងន់ធ្ងរ ចំនួន ២៣នាក់ មានស្រី ២នាក់។ ។ ហេតុការណ៍នេះបានកើតឡើងនៅចំណុចចង្កេះភ្នំដងរែក ផ្លូវជាតិលេខ៦៧B ស្ថិតនៅក្នុងភូមិជើងភ្នំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ កាលពីវេលាម៉ោង១១ និង៣០នាទីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៥ ។
តាមសាក្សីនៅកន្លែងកើតហេតុបានអះអាងថា គ្រោះថ្នាក់នេះដោយសារតែអ្នកបើកបររថយន្តបើកជែងនៅចំណុចចំរាក់បត់កែងជើងភ្នំដងរែកហើយក៏ជ្រុលចង្កូតធ្លាក់ទៅក្នុងជ្រោះតែម្តង។ រថយន្តដែលក្រឡាប់ នោះ ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ 3C-4613។ ភ្លាមៗនោះកម្លាំងកងរាជអាវុធ ហត្ថស្រុកអន្លង់វែង ប៉ូលិសការពារព្រំដែនលេខ៩០៥ និងប៉ូលិសស្រុកចុះទៅជួយជនរងគ្រោះ ដឹកបញ្ជូនមកកាន់មន្ទីរពេទ្យបង្អែកស្រុកអន្លង់វែង ហើយសាកសពត្រូវបានអាជា្ញធរយកទៅដង្កល់ទុក្ខនៅវត្តអន្លង់វែង ដើម្បីរងចាំក្រុមគ្រួរសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណីរ។
លោកវរសេនីយ៍ត្រីងួន ទ្ធីរិទ្ធ មេបញ្ជាការអាវុធហត្ថស្រុកបានឲ្យដឹងទៀតថា ប្រជាពលរដ្ឋទាំងនោះ មកពីទីក្រុងភ្នំពេញហែទានវស្សាចូលទៅប្រាសាទតាមាន់ ក្នុងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ លុះព្រឹកឡើងប្រជាពលរដ្ឋទាំងអស់នោះ បានមកដល់ស្រុកអន្លង់វែង ក៏នាំគ្នាឡើងទៅច្រកអន្តរជាតិជាំសាងាំ ទៅក្នុងផ្សារថៃ ដើម្បីទិញរបស់របរនៅក្នុងផ្សារថៃនោះ យកមកប្រើប្រាស់ ហើយក៏បានចុះមកវិញក៏ជួបនឹងហេតុការណ៍ដ៏រន្ធត់ រថយន្តរបស់ពួកគាត់បានធ្លាក់ជ្រោះ បណ្ដាលឲ្យស្លាប់ និងរបួសជាច្រើននាក់តែម្តង។ បច្ចុប្បន្នជនរងគ្រោះបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកអន្លង់វែង ចំណែកសាកសពបានដឹកយកទៅតម្កល់ទុក នៅវត្តអន្លង់វែង ហៅវត្តជ័យទឹកជុំ ឃុំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ៕ សុភា
http://ift.tt/1HIJir9