ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋាន សំណូមពរបេក្ខជនក្រុមប្រឹក្សាឃុំមកពីគណៈបក្សប្រជាជន យកចិត្តទុកដាក់ ដល់សុខមាលភាពប្រជាពលរដ្ឋ និងសុវត្ថិភាពចំណីអារហារ
កំពង់ឆ្នាំង៖ « បេក្ខជនក្រុមប្រឹក្សាឃុំក្នុងស្រុកកំពង់លែងទាំងអស់ ត្រូវយកចិត្តទុកដាក់លើសុវត្ថិភាពចំណីអារហារ និងសុខមាលភាពរបស់ប្រជាពលរដ្ឋអោយខ្លាំងជាងមុន ដោយកុំអោយមានករណីប្រជាពលរដ្ឋពុលស្រាស្លាប់ដូចនៅក្នុងស្រុកទឹកផុស ដែល១៥នាក់បានស្លាប់ និង៧៣នាក់ផ្សេងទៀតបានរងគ្រោះដោយសារផឹកស្រាពុល » ឯកឧត្តម ត្រាំ អ៊ីវតឹក ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកទឹកផុស និងស្រុកកំពង់លែង បានថ្លែងបែបនេះនៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៦ ក្នុងពិធីសំណេះសំណាលជាមួយបេក្ខភាពក្រុមប្រឹក្សាឃុំគណៈបក្សប្រជាជនស្រុកកំពង់លែង២៤០នាក់ និងស្តាប់ពីគោលនយោបាយអភិវឌ្ឍន៍៥ឆ្នាំរបស់ឃុំនីមួយៗ ក្នុងអណត្តិរបស់ខ្លួន។
ក្រោយពីស្តាប់ការរាយការណ៍ពីគោលនយោបាយអភិវឌ្ឍន៍៥ឆ្នាំកន្លងមក របស់ឃុំទាំង៩នៃស្រុកកំពង់លែងរួចមក ឯកឧត្តមបានថ្លែងថា៖ ក្នុងថ្ងៃនេះ បេក្ខជនក្រុមប្រឹក្សាឃុំទាំង៩មកពីគណៈបក្សប្រជាជនចំនួន២៤០នាក់ ក្នុងនោះមានបេក្ខនារី៤២នាក់ កន្លងមកបានយកចិត្តទុកដាក់ទៅលើសន្តិសុខ សុវត្ថិភាព និងការអភិវឌ្ឍន៍សេដ្ឋកិច្ចនៅក្នុងឃុំនីមួយៗរៀងៗខ្លួន។ ក៍ប៉ុន្តែចាប់ពីពេលនេះតទៅ ឯកឧត្តមសុំអោយបេក្ខជនក្រុមប្រឹក្សាឃុំទាំងអស់ ត្រូវយកចិត្តទុកដាក់បន្ថែមទៅលើសុវត្ថិភាពចំណីអារហារ និងសុខមាលភាពរបស់ប្រជាពលរដ្ឋ ដោយមិនត្រូវធ្វេសប្រហែស និងបណ្តែតបណ្តោយអោយមានវិបត្តធ្ងន់ធ្ងរជាមួយសុខមាលភាពប្រជាពលរដ្ឋ ដូចនៅឃុំក្តុលសែនជ័យ ស្រុកទឹកផុសនោះឡើយ។ បេក្ខជនក្រុមប្រឹក្សាជាង២០០នាក់ដែលមកជួបប្រជុំថ្ងៃនេះ សុទ្ធតែបេក្ខជនបេក្ខភាពគណៈបក្សប្រជាជនកម្ពុជា ដូចនេះយើងទាំងអស់គ្នាតែងតែនៅជិតប្រជាពលរដ្ឋ ដឹងសុខដឹងទុក្ខលំបាករបស់ប្រជាពលរដ្ឋ ជួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈ និងមិនដែលសន្យាខ្យល់ជាមួយប្រជាពលរដ្ឋនោះទេ ។ ពេលមានសភាពជម្ងឺមិនស្រួលកើតឡើងលើពលរដ្ឋ ត្រូវរាយការណ៍មកគណៈបញ្ជាការណឯកភាពរដ្ឋបាលស្រុកនិងខេត្ត អោយបានលឿននោះទើបថ្នាក់លើមានវិធានការណ៍ទប់ស្កាត់ជួយប្រជាពលរដ្ឋបានទាន់ពេលវេលា។
សូមរំលឹកថា៖ ចាប់តាំងពីថ្ងៃទី០៣ រហូតមកដល់ល្ងាចថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៦ ប្រជាពលរដ្ឋ៨៨នាក់នៅក្នុងភូមិក្តុល និងភូមិដំណាក់អំពិល ឃុំក្តុលសែនជ័យ ស្រុកទឹកផុស បានទទួលរងគ្រោះដោយសារពុលស្រា ស ក្នុងនោះបណ្តាលអោយមានអ្នកស្លាប់កើនឡើងដល់១៥នាក់ និង៧៣នាក់ផ្សេងទៀតត្រូវបានអាជ្ញាធរខេត្ត ស្រុក ឃុំ សាខាកាកបាទក្រហមកម្ពុជាខេត្ត សសយក ដឹកមកសង្គ្រោះទាំងយប់ទាំងថ្ងៃនៅមន្ទីរពេទ្យបង្អែកខេត្ត និងទីក្រុងភ្នំពេញ។ នៅក្នុងខ្លួនរបស់ជនរងគ្រោះ ក្រុមគ្រូពេទ្យជំនាញបានអះអាងថា មានសារធាតុមេតាណុលឡើងខ្ពស់ បណ្តាលជនរងគ្រោះថប់ដង្ហើម ឈឺក្បាលខ្លាំង ក្អួតចង្អោរ និងគាំងបេះដូងស្លាប់ភ្លាមៗប្រសិនបើជួយមិនទាន់ពេលវេលា។
ក្នុងករណីនេះ សមត្ថកិច្ចជំនាញ និងតំណាងអយ្យការ ក៍បានដកហូតស្រា ស ពីហាងចំនួន២នៅក្នុងក្រុងកំពង់ឆ្នាំង ដែលគេរកឃើញថាមានសារធាតុអាល់កុលរហូតដល់៩៥% បានចំនួន៥៧កាន ដែលក្នុង១កានស្មើនឹង៣០លីត្រ ដោយឡែកម្ចាស់សមត្ថកិច្ច កំពុងបន្តនីតិវិធីតាមផ្លូវច្បាប់៕( រិទ្ធិជ័យ )
http://ift.tt/2heoENP