លោក មួង ដារ៉ា មេគយច្រកជ្រៃធំសប្បាយកើបលុយពីឈ្មួញនាំចូលទំនិញខុសច្បាប់ និងបង់ពន្ធមិនគ្រប់បានដោយសុខស្រួល មិនគួរណាអង្គភាពប្រឆាំងអំពើពុករលួយមើលរំលង
ខេត្តកណ្តាល ៖ សព្វថ្ងៃនេះសកម្មភាព ដឹកជញ្ជូនទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់ ឆ្លងកាត់ច្រកជ្រៃធំ មកពីប្រទេសវៀតណាមប្រព្រឹត្តឡើងយ៉ាងអនាធិបតេយ្យ ក្រោមខ្សែភ្នែក លោក មួង ដារ៉ា ប្រធានការិយាល័យគយប្រចាំច្រកជ្រៃធំ។ ភាពមិនប្រក្រតីក្នុងការប្រមូលពន្ធនោះ គេសង្ស័យថា លោក មួង ដារ៉ា ប្រមូលលុយបង្វែរចូលហោប៉ៅ ក្នុងរូបភាពអំពើពុករលួយនេះបានតាមអំពើចិត្តចាប់តាំងពីឡើងកាន់តំណែងមក។ មានអ្នកខ្សឹបប្រាប់ថា លោក មួង ដារ៉ា ពូកែចាត់ចែងជីវភាពផ្ទះបាយជូនថ្នាក់លើជាប្រចាំទើបគាត់ការពារតំណែងខ្លាញ់នេះតាំងពីជំនាន់ លោកមេគយ ប៉ែន ស៊ីម៉ន រហូតដល់ជំនាន់លោក គុណ ញឹម។
មន្ត្រីគយតូចតាចបានបង្ហើបឲ្យដឹងថា លោក មួង ដារ៉ា បច្ចុប្បន្នស្ទើរក្លាយជាអ្នកមានទ្រព្យដ៏មហាសាលទៅហើយព្រោះតែពូកែកៀងចំណូលច្រកហោប៉ៅសម្បើមណាស់ចាប់តាំងពីគាត់ឡើងកាន់តំណែងមក។ ហើយជាធម្មតា លោក មួង ដារ៉ា ពូកែយកឥទ្ធិពលរបស់ថ្នាក់លើ មកបន្លាចក្រុមឈ្មួញឲ្យបង់លុយទៅតាមការទាមទារ ជាថ្នូរជួយសម្របសម្រួលឲ្យមានការដឹកជញ្ជូនទំនិញឆ្លងកាត់ច្រកជ្រៃធំដោយរលូន មិនចាំបាច់ត្រួតពិនិត្យ ពោលគឺមួយរយៈពេលដែល លោក មួង ដារ៉ា ឡើងធ្វើជាមេគយ ប្រចាំច្រកជ្រៃធំ មិនថាតែមេឈ្មួញមានអំណាចស័ក្តិយសពាក់ផ្កាយធំៗបានលំឱនខ្លួនសុំការយោគយល់ និងចែកផលប្រយោជន៍គ្នា ហើយអ្វីៗចេះស្ងាត់ៗ និងសុខស្រួលរហូតដល់សព្វថ្ងៃ។
មានការបញ្ជាក់ផងដែរថា ឈ្មួញទាំងតូចទាំងធំ ដែលរកស៊ីដឹកទំនិញ ឆ្លងកាត់ច្រកជ្រៃធំ មានទំនាក់ទំនងល្អ ជាមួយលោកមួង ដារ៉ា ដូចជាឧត្តមសេនីយ៍មួយចំនួន ដែលនាំចូល ប្រភេទគ្រឿងសំណង់ ដូចជា ស៊ីម៉ងត៍ ក្បឿង ឥដ្ឋការ៉ូ ដែក ទំនិញចាប់ហួយ និងថ្នាំពេទ្យ មេស្រា ត្រីសាច់ ។ល។ គេដឹងថា មន្ត្រីគយរបស់លោក មួង ដារ៉ា បានជួយសម្របសម្រួល ក្រូមេឯកសារ ឲ្យក្រុមឈ្មួញនាំចូលទំនិញ បង់ពន្ធមិនគ្រប់ នាំឲ្យខាតបង់ចំណូលពន្ធ យ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយខែៗ មិនដែលមាននរណាហ៊ានសួរនាំនោះទេ ព្រោះលោក មួង ដារ៉ា បានអួតប្រាប់គេថា គាត់ប្រឹងរកចំណូលបង់ជូនថ្នាក់លើ ហើយជាក់ស្តែងនោះទៀតគេក៏មិនដែលឃើញ លោក មួង ដារ៉ា បង្ក្រាបទំនិញគេចពន្ធម្តងណាឡើយ។
ដោយឡែកបច្ចុប្បន្នកូនចៅ របស់លោក មួង ដារ៉ា បានឃុបឃិតឲ្យ មានការហូរចូលជ្រូកក្រហម ឬជ្រូកត្រចៀកខៀវ មាន់ ទា ត្រីឆ្តោ និងម្ហូបអាហារ មានសារធាតុគីមី មកពីប្រទេសវៀតណាម តាមច្រករបៀងក្នុងស្រុកកោះធំ យ៉ាងប្រសេកប្រសាច ក៏ជាប្រភពចំណូលមិនធម្មតា សម្រាប់ជំនាញគយ របស់លោក មួង ដារ៉ា ដែលអាចប្រមូលលុយ យកទៅធ្វើមានធ្វើបាន តាមរបៀបពុករលួយ មិនខ្វល់ខ្វាយចំពោះកំណែទម្រង់គយ ឬការរិះគន់អ្វីឡើយ ព្រោះគេឮតៗគ្នាថាលោក មួង ដារ៉ា បានបោះទុនទប់មុខតំណែងទំនងរហូតមានប្លង់រឹងទៀតផង ហើយសូម្បីតែ លោក គុណ ញឹម អគ្គនាយកគយក៏មិនហ៊ានក្អកជាមួយលោក មួង ដារ៉ា នោះទេ គឺលោកមួង ដារ៉ា ធ្វើការអាងឥទ្ធពលមេចាស់។
មន្ត្រីតូចតាចមួយចំនួនបានរិះគន់ថា លោក មួង ដារ៉ា មិនដែលខ្វល់ខ្វាយ ចំពោះចំណាត់ការ មួយឡើយ បើទោះជាការសម្រេចប្រមូលពន្ធរបស់គាត់នៅមានបញ្ហាមិនប្រក្រតីក៏ដោយ។ ហើយប្រសិនបើគាត់ប្រមូលពន្ធដោយតម្លាភាពវិញនោះមិនដឹងជាប្រាក់ពន្ធចំណូលរដ្ឋកើនឡើងដល់ថ្នាក់ណានោះទេ។ ករណីនេះគួរតែអង្គភាពប្រឆាំងអំពើពុករលួយកុំមើលរំលងយូរពេក ព្រោះថា លោក គុណ ញឹម និង លោក អូន ព័ន្ធមុន្នីរ័ត្ន មេៗទាំងពីររូបនេះកំពុងតែត្រូវថ្នាំសណ្តំរបស់លោក មួង ដារ៉ា មិនហ៊ានក្អក់នោះទេ។ ហើយមន្ត្រីតូចៗនិយាយតៗគ្នាថា លោក មួង ដារ៉ា ទទួលបានគាំទ្រពីលោក គុណ ញឹម ហាក់ដូចជាចេញប្លង់រឹងក្នុងមុខតំណែងជាមេគយច្រកជ្រៃធំឲ្យរហូតដល់អាយុចូលនិវត្តន៍ទៀតផង៕ (យាយម្លូ)
លោក គុណ ញឹម (សក់ខ្មៅ) និង លោក អូន ព័ន្ធមុន្នីរ័ត្ន
http://ift.tt/2azsFa3