អ្នកស្រុកភូមិត្រពាំងអញ្ចាញ ឃុំស្វាយជ្រុំ ធ្វើបុណ្យឡើងអ្នកតាជាប្រពៃណីដូនតាពីបុរាណកាលបន្តទុកអោយកូនចៅជំនាន់ក្រោយ
ខេត្តកំពង់ឆ្នាំង៖ បុណ្យឡើងអ្នកតាគឺជាបុណ្យប្រពៃណីនៅតាមភូមិមួយចំនួន ដែលអ្នកស្រុកធ្វើឡើងជារៀងរាល់ឆ្នាំ ទៅតាមពេលវេលានិងទំនៀមទម្លាប់ដែលអ្នកភូមិនិមួយៗបានកំណត់ទុក ។ ជាក់ស្តែងនៅក្នុងរយះពេល៣ថ្ងៃ ពីថ្ងៃទី១៧ ដល់១៩ ខែមិថុនានេះ អ្នកស្រុកភូមិត្រពាំងអញ្ចាញ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ បាននាំគ្នាធ្វើបុណ្យឡើងអ្នកតា ដោយមានប្រជាពលរដ្ឋ មកពីគ្រប់ទីជិតឆ្ងាយចូលរួមយ៉ាងច្រើនកុះករ ។
លោកតា នង តួ ជាប្រធានគណៈកម្មការបុណ្យ និងជាអាចារ្យប្រចាំភូមិ បាននិយាយអោយដឹងថាៈ បុណ្យឡើងអ្នកតាក្នុងភូមិនេះ គឺមានពីដូនតាយូរយាមកហើយ ប៉ុន្តែបច្ចុប្បន្នបានកែហៅថា បុណ្យទក្ខិណា នុប្បទាន ពូនភ្នំខ្សាច់ ទោះយ៉ាងនេះក្តី ពីធីឡើងអ្នកតា នៅតែប្រារព្វធ្វើ មិនបោះបង់ចោលឡើយ។ នៅក្នុងឆ្នាំនេះពីធីបុណ្យបានធ្វើពីថ្ងៃទី១៧ -១៨- ១៩ ខែមិថុនា ឆ្នាំ២០១៧ ត្រូវនឹងថ្ងៃ ៨-៩-១០រោជ ខែជេស្ឋ ។
នៅក្នុងរយៈពេលបុណ្យ៣ថ្ងៃនេះ អ្នកភូមិបាននិមន្តព្រះសង្ឃសូត្រមន្ត បង្ស័កូល ទាំង៣ថ្ងៃ ដោយបានរៀបចង្ហា ន់សង្ឃពេលព្រឹក និងថ្ងៃត្រង់រាល់ថ្ងៃ ដើម្បីឧទ្ទិសមគ្គផលកុសលផលបុណ្យជូនបុព្វការីជន មានមាតាបិតា ញាតិការទាំង៧សន្តាន ដែលបានរំលាយខន្ត័ទៅកាន់បរិលោក និងសុំអោយលោកជួយកូនចៅអោយបានសេចក្តីសុខទាំងអស់គ្នា។ ដោយឡែកនៅក្នុងពិធីបុណ្យនេះ អ្នកភូមិក៏បានរៀបចំសែនព្រែនបាយសម្លនំចំណីទៅតាមទំនៀមទម្លាប់ជូនលោកយាយព្រីង (អ្នកតាស្រី) ដែលជាអ្នកតាថែរក្សាទឹកដីនៅក្នុងភូមិស្រុកផងដែរ ដើម្បីសុំអោយអ្នកភូមិបានសេចក្តីសុខ កុំអោយមានជម្ងឺដង្កាត់មកបៀតបៀន និងសុំអោយការធ្វើស្រែចំការនៅក្នុងភូមិស្រុកទទួលបានភោគផលល្អ។
ចំណែកថវិការរៀបចំបុណ្យនេះ គឺបានមកពីសទ្ឋាជ្រះថ្លារបស់បងប្អូនក្នុងភូមិ ដោយក្នុង១គ្រួសារចំនួន១ម៉ឺនរៀល និងអង្ករ២កំប៉ុង ប្រាក់និងអង្ករទាំងនេះសម្រាប់យកមករៀបចំចង្ហាន់ប្រគេន ព្រះសង្ឃ ថ្លៃភ្លេងពិណពាទ្យនិងថ្លៃជួលធុងបាស់រាំលេង ជាដើម ។
លោកតាប្រធានគណៈកម្មការបុណ្យបានអោយដឹងទៀតថា៖ ក្រៅពីពិធីបុណ្យខាងលើ នៅពេលរសៀលក្នុងថ្ងៃទាំង៣ មានរៀបចំពីធីល្បែងប្រជាប្រិយ៍ខ្មែរ វាយឆ្នាំង រត់ប្រណាំង រាំវង់ សំរាប់កុមារៗមានកន្លែងជិៈសេះវិល ជិៈពោង និងលោតគ្រែ រឺស័រ នៅក្នុងនោះដែរក៏មានការប្រកួតកីឡាបាល់ទាត់មហាជន មកពីស្រុកនានាក្នុងខេត្ត សរុបក្នុងរយៈពេល៣ថ្ងៃនេះមានចំនួន២០ប្រកួតផងដែរ ។
ចំពោះគោលបំណងនេះការរៀបចំបុណ្យនេះជារៀងរាល់ឆ្នាំ គឺចង់រក្សាវប្បធម៌ប្រពៃណីខ្មែរ ក៍ដូចជាទំនៀមទម្លាប់ដូនតា របស់អ្នកភូមិត្រពាំងអញ្ចាញ ដែលមានតាំងពីបុរាណកាលមក ដើម្បីបន្តវេនដល់កូនចៅក្នុងភូមិជំនាន់ក្រោយៗទៀត កុំអោយបាត់បង់ ។ លោកតាបញ្ជាក់ថា បើនិយាយបុណ្យភូមិ និងបុណ្យឡើងអ្នកតាក្នុងឃុំស្វាយជ្រុំនេះ គ្មានបុណ្យណាធំដុំ និងសប្បាយជាងបុណ្យក្នុងភូមិត្រពាំងអញ្ចាញឡើយ ។ ចំណែកអ្នកដែលបានមកចូលរួមយ៉ាងច្រើនកុះករ សុទ្ឋតែបានសរសើរថា មានការរៀបចំសណ្តាប់ធ្នាប់ និងការពារសន្តិសុខបានល្អ ពុំមានអសន្តិសុខអ្វីកើតឡើងឡើយ ៕ ( ឈៀង ថារិទ្ធ )
http://ift.tt/2tmgRkt