មន្ត្រីអាវុធហត្ថខេត្តម្នាក់ជិះម៉ូតូបុកគោយន្តរបួសបាក់ភ្លៅធ្ងន់ធ្ងរបញ្ជូនទៅសង្គ្រោះនៅភ្នំពេញ
ខេត្តកំពង់ឆ្នាំង៖ មន្ត្រីកងរាជអាវុធហត្ថម្នាក់ បានរងរបួសបាក់ភ្លៅម្ខាងធ្ងន់ធ្ងរ ដោយបានជិះម៉ូតូយ៉ាងលឿនបុកជាមួយគោយន្តនៅពេលយប់ ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៦និង ៥០ នាទីយប់ថ្ងៃទី ៥ ខែមេសា ឆ្នាំ ២០១៨ នៅលើជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ៨៩-៩០ មុខផ្ទះសំណាក់ផ្កាយព្រឹកនៅក្នុងភូមិឡទឹកត្រី សង្កាត់កំឆ្នាំង ក្រុងកំពង់ឆ្នាំង។
មន្ត្រីនគរបាលចរាចរណ៍ក្រុងកំពង់ឆ្នាំងបានអោយដឹងថា៖ ជនរងគ្រោះមានឈ្មោះទេព សាវាន់ ភេទប្រុស អាយុ៤៧ឆ្នាំ ជាមន្ត្រីជាកងរាជអាវុធហត្ថ មានទីលំនៅភូមិដំណាក់ពពូល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំងខេត្ត ។ មុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូ ម៉ាកហុងដា RX200 ពណ៌ ក្រហមគ្មានស្លាកលេខ ក្នុងដំណើរពីជើងទៅត្បូង លុះដល់ចំណុចកើតហេតុក៏បានបុកជាមួយគោយន្តកន្ត្រៃមួយគ្រឿងទៀតក្នុងដំណើរច្រាស់ទិសគ្នាបណ្តាលឲ្យជនរងគ្រោះមានរបួសបាក់ភ្លៅខាងឆ្វេងជាទម្ងន់ ហើយត្រូវបានដឹកទៅសង្គ្រោះនៅក្នុងមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង។ ប៉ុន្តែដោយសាររបួសធ្ងន់ធ្ងរពេក ក្រុមគ្រូពេទ្យខេត្តក៏បានបញ្ជូនទៅសង្គ្រោះ បន្តនៅមន្ទីរពេទ្យក្រុងភ្នំពេញ ។ ចំណែកអ្នកបើកបរគោយន្តកន្ត្រៃ បានរត់គេចខ្លួនបាត់ ឯគោយន្តបានខូចខាតដាច់កង់ម្ខាងផងដែរ សមត្ថកិច្ចបានគ្រវីក្បាលដោយមិនដឹងថា ល្បឿនម៉ូតូបើកកុងទ័រប៉ុន្មានទេ ទើបបុកគោយន្តដាច់កង់ម្ខាងយ៉ាងដូច្នេះ ចំណែកម៉ូតូក៏ខូចខាតធ្ងន់ធ្ងរផងដែរ។
ករណីនេះ សមត្ថកិច្ចបានជុំមកវាស់វែងប្លង់កើតហេតុ កសាងសំណុំរឿងតាមនិតិវិធី ចំណែកគោយន្តនិងម៉ូតូ ត្រូវបានសមត្ថកិច្ចអូសយកទៅរក្សាទុកនៅក្នុងអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង ដើម្បីរង់ចាំការដោះស្រាយតាមផ្លូវច្បាប់ ៕ រឹទ្ធិ ជ័យ
https://ift.tt/2qatT3W