លោក ហ៊ីវ សុធារិទ្ធ នៅតែបន្តចាត់ចែងឱ្យកូនចៅ កោសរូសទារលុយ ពីអ្នករកស៊ីនាំចូល និងនាំចេញទំនិញ តាមច្រកព្រលានយន្តហោះ អន្តរជាតិភ្នំពេញចាប់តាំងពីជំនួសតំណែងលោក ខៀវ សំអាន
(រាជធានីភ្នំពេញ) ៖ ក្រុមអ្នករត់ការ ទំនិញវិនិយោគ បានលើកឡើងថា ការិយាល័យគយ និងរដ្ឋាករ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ចាប់តាំងពីស្ថិតនៅក្រោមការគ្រប់គ្រង របស់លោក ហ៊ីវ សុធារិទ្ធ ពោរពេញដោយអំពើពុករលួយ ជាលក្ខណៈប្រព័ន្ធ តាមរូបភាពតម្រូវ ឱ្យមានការបង់ប្រាក់ សម្រាប់ឯកសារប្រតិវេទន៍គយ ក្នុងមួយឯកសារៗ ចាប់ពី ៣៥ដុល្លារទៅ ៧៥ដុល្លារ នេះគិតសម្រាប់តែឯកសារ ដែលគ្មានកំហុស ហើយគេមិនទាន់គិតដល់ ទំនិញមួយចំនួន ដែលបង់ពន្ធមិនគ្រប់ ត្រូវឈ្មួញនាំចូល តាមច្រកនេះនៅឡើយទេ។
ក្រុមអ្នករត់ការបានលើកឡើងថា ការិយាល័យគយ និងរដ្ឋាករ អាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ ដែលមានលោក ហ៊ីវ សុធារិទ្ធ ជាប្រធាន ធ្លាប់ឆ្លងកាត់ និងមានបទពិសោធន៍ ប្រព្រឹត្តអំពើពុករលួយ កាលនៅកំពង់ផែស្វយ័តភ្នំពេញ ក៏បន្តប្រព្រឹត្តកំហុសបែបនេះដដែល បើទោះជាមានសេចក្តីណែនាំពីអគ្គនាយកដ្ឋានឱ្យចៀសបញ្ហានេះក៏ដោយ ។ យ៉ាងតិចក្នុងមួយឯកសារ សម្រាប់ទំនិញវិនិយោគនាំចូល ត្រូវបង់ប្រាក់ចំនួន ៧៥ដុល្លារ ក្នុងនោះ អ្នករត់ការ ត្រូវបង្ខំចិត្តបង់ប្រាក់ ឱ្យកូនចៅលោក ហ៊ីវ សុធារិទ្ធ ជាមន្ត្រីគយ ទទួលផ្នែកនីមួយៗ ដូចខាងក្រោម ៖
ទី១-ត្រូវបង់ចំនួន ៥ដុល្លារ សម្រាប់មន្ត្រីគយ ទទួលផែនផ្នែកចុះលេខ ឈ្មោះ ធឿន ។ ទី២-បង់ប្រាក់ចំនួន ២០ដុល្លារ សម្រាប់គណនេយ្យ ។ ទី៣-បង់ប្រាក់ចំនួន១០ដុល្លារសម្រាប់ប្រធានផ្នែកត្រួតពិនិត្យ និងចំនួន ១០ដុល្លារ ទៀតផ្នែកកូនចៅ មន្ត្រីគយខាងពិនិត្យ។ ទី៤-បង់ប្រាក់ចំនួន ២០ដុល្លារ សម្រាប់មន្ត្រីគយផ្នែកកាត់ស្តុក បញ្ចុះ ឯកសារ និងទី៥ ត្រូវបង់ឱ្យ អនុប្រធានការិយាល័យ ជាកិច្ចបង្ហើយឯកសារ ចំនួន៥ដុល្លារ ។ ដោយឡែកចំពោះ ទំនិញវិនិយោគនាំចេញ ក្នុងមួយឯកសារ ក៏ត្រូវបង់ចំនួន ៣៥ដុល្លារ ។
អំពើពុករលួយនេះ គាបសង្កត់ទាំងឯកសារស្របច្បាប់ របស់ផ្នែកទំនិញវិនិយោគ ឧស្សាហកម្ម វាយនភ័ណ្ឌ រោងច្រកកាត់ដេរ ដោយករណីខ្លះ លោក ហ៊ីវ សុធារិទ្ធ បានតម្រូវឱ្យមន្ត្រីរបស់ខ្លួន កេងប្រវ័ញ្ច ក្នុងប្រយោជន៍ទៅលើឯកសារ ខុសបច្ចេកទេសតិចតួច ឬកិច្ចការងារប្រញាប់ ត្រូវទាញយកប្រយោជន៍ លក្ខណៈក្រោមតុ កាន់តែច្រើន និងចង់ទៅស៊ីញ៉េ កន្លែងណាក៏បាន។ ពាក់ព័ន្ធករណីលើកឡើងនេះ សារព័ត៌មានយើងមិនទាន់អាចទាក់ទង សុំការបំភ្លឺ ពីលោក ហ៊ីវ សុធារិទ្ធ ប្រធានការិយាល័យគយ និងរដ្ឋាករ អាកាសយានដ្ឋាន អន្តរជាតិភ្នំពេញបានទេ ៕
លោក ហ៊ីវ សុធារិទ្ធ ប្រធានការិយាល័យគយ និងរដ្ឋាករ អាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ
https://ift.tt/2tUucSr