នគរបាលខេត្តព្រះសីហនុ ៖ បុរសម្នាក់ស្លាប់នៅក្បាលស្ពានទឹកសាប មិមិនមែនជាឃាតកម្មទេ!
(ខេត្តព្រះសីហនុ)៖ លោកឧត្តមសេនីយ៍ ទោ ជួន ណារិន ស្នងការនគរបាលខេត្តព្រះសីហនុ ថ្លែងប្រាប់កាលពីរសៀលថ្ងៃទី៤ ខែមិថុនា ឆ្នំា២០១៩នេះថា សមត្ថកិច្ចកំពុងតែធ្វើការងារនេះ ហើយ វាមិនមែនជាករណីឃាតកម្មទេ។ លោកបានបញ្ជាក់ថា “ខ្ញុំកំពុង តែធ្វើការងារ រឿងនេះជារឿងស្មុគស្មាញ វាមិនមែនជាករណីឃាតកម្ម ចឹងបានជារឿងស្មុគស្មាញ ខ្ញុំកំពុងតែធ្វើនីតិវិធី”។
លោកឧត្តមសេនីយ៍ទោ ជួន ណារិន បានបញ្ជាក់ទៀតថា “គ្រាន់តែហៅប្រធានប៉ុស្តិ៍មកធ្វើការងារសួរនាំ នៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ មិនទាន់ឈានដល់ពាក់ព័ន្ធនឹងការឃាត់ខ្លួនទេ ពីព្រោះករណីនេះ មិនមែនជាករណីឃាតកម្ម ដោយចេតនាទេ យើងកំពុងតែសួរនាំហៅមន្ត្រីមកសួរនាំនៅស្នងការនគរបាលខេត្ត”។
មានការចាប់ខ្លួនមេប៉ុស្តិ៍នគរបាលឃុំរាម (គង់ សាម៉ៃ) និងសរុបគ្នីគ្នា ៥នាក់ ពាក់ព័ន្ធករណីឃាតកម្មសម្លាប់បុរសម្នាក់ យកទៅបោះចោលនៅក្បាលស្ពានទឹកសាប និងក្នុងគោលបំណងបំបិទភស្តុតាង។
រឿងហេតុនេះ កើតឡើងកាលពីយប់ថ្ងៃទី៣០ ខែឧសភា ២០១៩ លុះឡើងថ្ងៃទី៣១ ខែឧសភា ទើបគេប្រទះឃើញសាកសព។ សមត្ថកិច្ចចាប់ផ្តើមស្រាវជ្រាវរហូតដល់មានការចាប់ខ្លួនមនុស្សមួយចំនួន។
សេចក្តីរាយការណ៍ពីមន្ត្រីក្រុមប្រឹក្សាឃុំរាម ស្រុកព្រៃនប់មួយរូប ឲ្យដឹងថា ថ្មីៗនេះ នៅជិតស្ពានទឹកសាប មានករណីឃាតកម្មមួយកើតឡើង បណ្តាលឲ្យបុរសម្នាក់ស្លាប់ ហើយសាកសពត្រូវបានគេយកទៅបោះចោលនៅក្បាលស្ពានទឹកសាប ក្នុងគោលបំណងបំបិទដាន។
ប្រភពដដែលបន្តថា ក្រោយកើតហេតុ ក៏មានការស្រាវជ្រាវពីសមត្ថកិច្ច ក៏មានការចាប់ខ្លួនជនសង្ស័យមួយចំនួន ដែលពាក់ព័ន្ធផ្ទាល់ និងអ្នករួមគំនិត ។ ក្នុងនោះជនសង្ស័យ ដែលសមត្ថកិច្ចឃាត់ខ្លួន មានទាំងមេនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំរាម ឈ្មោះ គង់ សាម៉ៃ និងប្រជាការពារភូមិមួយចំនួន រួមនិងម្ចាស់ផ្ទះបង្កហេតុ សរុប៥នាក់។
ប្រភពដដែលប្រាប់ពីសាវតាខ្លះ ដែលឈានដល់ការចាប់ខ្លួនមនុស្សច្រើននាក់នេះ ដើមហេតុថា ចេញពីជម្លោះរវាងជនរងគ្រោះ និងម្ចាស់ផ្ទះលក់ទិញឈើមួយកន្លែង នៅទឹកសាប ម្ចាស់ផ្ទះ មិនស្គាល់ឈ្មោះ ដោយគ្រាន់តែដឹងថា អ្នកស្រុកហៅ ម៉ែអាគៀត ដោយប្រើហិង្សាទៅវិញទៅមក រហូតដល់ជនរងគ្រោះស្លាប់៕


http://bit.ly/2Wa4o0s
