ល្បឿនអ៊ីនធឺណិតនាយករដ្ឋមន្ត្រីឥណ្ឌាប្រើលឿនជាងប្រជាជនធម្មតា ១៧ ដង
ខុទ្ទកាល័យរបស់នាយករដ្ឋមន្ត្រីឥណ្ឌាគឺមានល្បឿនអ៊ីនធឺណិតលឿនខ្លាំងបើប្រៀបធៀបនឹងល្បឿនអ៊ីនធឺណិតជាមធ្យមដែលប្រជាជនទូទៅប្រើត្រឹម 2Mbps។
ខុទ្ទកាល័យនាយករដ្ឋមន្ត្រីបានឆ្លើយតបនឹងវិទ្យាស្ថានស្រាវជ្រាវ RTI ថា មជ្ឈមណ្ឌលព័ត៌មានវិទ្យាជាតិ (NIC) បានផ្ដល់អ៊ីនធឺណិតដែលមានល្បឿនគិតជាមធ្យម 34Mbps ដល់ស្ថាប័នរបស់ខ្លួន។
“វាគ្មានខុសទាស់អ្វីទេ សម្រាប់នាយករដ្ឋមន្ត្រីរបស់យើងដែលមានអ៊ីនធឺណិតល្បឿន 34Mbps។ ក្នុងនាមជានាយករដ្ឋមន្ត្រី គាត់គួរទទួលបានល្បឿនភ្ជាប់អ៊ីនធឺណិតដ៏ប្រសើរ។ អ៊ីនធឺណិតប្រើខ្សែកាប fibre របស់ Google នៅអាមេរិកផ្ដល់ជូនល្បឿនដល់ទៅ 1Gbps ដល់ប្រជាជនធម្មតា”។ នេះជាសម្ដីរបស់លោក Vinoth Ranganathan សហស្ថាបនិកគេហទំព័រ onlinerti.com។ អ្នកស្រាវជ្រាវដដែលបន្តថា ”នៅឥណ្ឌា ក្រុមហ៊ុន Startup Village (ក្រុមហ៊ុនបច្ចេកវិទ្យាល្បីមួយ) ក្នុងទីក្រុង Kochi មានអ៊ីនធឺណិតល្បឿនដល់ទៅ 1Gbps ដែលស្ទើរស្មើនឹង ៣០ ដងនៃល្បឿនអ៊ីនធឺណិតដែលនាយករដ្ឋមន្ត្រីប្រើ”។
ឥណ្ឌាឈរចំណាត់ថ្នាក់ទី ១១៥ ក្នុងចំណោមប្រទេសដែលមានអ៊ីនធឺណិតលឿន ខណៈកូរ៉េខាងត្បូងឈរកំពូលតារាងដោយមានល្បឿន 24.6Mbps។ នាយករដ្ឋមន្ត្រីឥណ្ឌាក៏ធ្លាប់បានលើកឡើងពីគម្រោងតភ្ជាប់អ៊ីនធឺណិតល្បឿនលឿនដល់គ្រប់ភូមិក្នុងប្រទេសឥណ្ឌាឲ្យបានត្រឹមឆ្នាំ ២០១៩ ដើម្បីកិច្ចការស្រាវជ្រាវ និងវិស័យបច្ចេកវិទ្យាក្នុងប្រទេសដែលខ្លាំងខាងព័ត៌មានវិទ្យាមួយនេះ៕
អាន៖ នរណាខ្លះប្រើកម្មវីធី Flashlight ហ្វ្រី? ប្រយ័ត្នស៊យធំ
ប្រែសម្រួល៖ សីហា
ប្រភព៖ timesofindia
http://ift.tt/1tDuEjA