ឡាយអិន ទម្លាយរឿងប្រពន្ធមានប្រុសថ្មី ទើបប្តឹងលែងខ្លួន
ភ្នំពេញៈ បន្ទាប់ពីរៀបមង្គលការយ៉ាងគគ្រឹកគគ្រេង និងរួមរស់ជាមួយគ្នាអស់រយៈពេលជាង៤ឆ្នាំ ស្រាប់តែនៅពេលនេះ ចំណងស្នេហ៍កូន៣នាក់ដែលគេធ្លាប់តែឃើញពីភាពផ្អែមល្ហែមរបស់ពិធីករសម្បូរវោហារលោក ឡាយ អិន និងអ្នកនាង សន សុម៉ាលីនដា បានដើរដល់ផ្លូវបំបែកតាមរយៈការដាក់ពាក្យបណ្តឹងលែងលះរបស់អ្នកនាង សន សុម៉ាលីនដា នៅតុលាការទាំងមិននឹកស្មាន។
ប៉ុន្តែពាក់ព័ន្ធនឹងបណ្តឹងលែងលះនេះ ឌីជេ ឡាយ អិន បានសម្តែងការឈឺចាប់ស្ទើរតែស្លាប់ប្រាណ ដោយសារតែលោកបានបញ្ជាក់ថា ការបែកបាក់នេះបានកើតឡើងដោយសារតែភ្លើងស្នេហាត្រីកោណ។
គួរបញ្ជាក់ថា ពិធីករសម្បូរវោហារស័ព្ទលោក ឡាយ អិន ដែលមានឈ្មោះពិតថា ហែម បូរិទ្ធ បានសម្រេចចិត្តរៀបមង្គលការជាផ្លូវការជាមួយនឹងអ្នកនាង សន សុម៉ាលីនដា ដែលគេដឹងថាជាប្អូនស្រីថ្លៃរបស់លោក សឹង ប៊ុណ្ណា ម្ចាស់ក្រុមហ៊ុនអចលនទ្រព្យល្បីឈ្មោះម្នាក់កាលពីដើមឆ្នាំ២០១១ ហើយនៅពេលនេះ ពួកគេមានកូនចំនួន៣នាក់។
ពាក់ព័ន្ធនឹងចំណងស្នេហាផ្អែមល្ហែមដូចទឹកឃ្មុំគ្រាកន្លងមកត្រូវបានកាត់ផ្តាច់នោះ មូលហេតុនៃការបែកបាក់នេះ ត្រូវបានអ្នកនាង សនសុម៉ាលីនដា ជាភរិយា រៀបរាប់នៅលើពាក្យបណ្តឹងថា៖«នាងខ្ញុំ សន សុម៉ាលីនដា បានរៀបការស្របច្បាប់ជាមួយនឹងឈ្មោះ ហែម បូរិទ្ធ (សំបុត្រអាពាហ៍ពិពាហ៍លេខ ២៦ ចុះថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១១) ដោយនៅក្នុងចំណងអាពាហ៍ពិពាហ៍នេះ គឺមានកូនចំនួន៣នាក់ ឈ្មោះ ហែម វីរៈស័ក្ត ឈ្មោះ ហែម ជុតិរត្ថ និងឈ្មោះ ហែម ចន្ទប្បជោត»។
នៅលើបណ្តឹងនោះ នាងបន្តថា៖«បន្ទាប់ពីបានរស់នៅជាមួយគ្នាអស់រយៈពេលជាង៤ឆ្នាំកន្លងមក គឺគ្មានសល់ទ្រព្យសម្បត្តិរួមនោះទេ មានតែបំណុលធនាគារ ហើយបំណុលទាំងនោះ នាងខ្ញុំសុខចិត្តទទួលខុសត្រូវទាំងអស់។ រីឯអាហារកិច្ចកូន នាងខ្ញុំមិនទាមទារពីឈ្មោះ ហែម បូរិទ្ធ នោះទេ គឺនាងខ្ញុំជាអ្នកទទួលខុសត្រូវទាំងស្រុង»។
អ្នកនាង សុម៉ាលីនដា បញ្ជាក់ថា៖«នាងខ្ញុំសម្រេចលែងលះឈ្មោះ ហែម បូរិទ្ធ ពីព្រោះនាងខ្ញុំអស់មនោសញ្ចេតនាជាមួយឈ្មោះនេះ ហើយមិនសង្ឃឹមថា អាចស្តារឡើងវិញបាននោះទេ»។
នៅពេលផ្តល់បទសម្ភាសជាមួយ កាសែត ភ្នំពេញ ប៉ុស្តិ៍ លោក ហែម បូរិទ្ធ ហៅ ឡាយអិន បានស្រែកទ្រហោយំឈឺចាប់នឹងស្នេហាបែកបាក់នេះ ដោយលោកបានច្រានចោលពីការលើកឡើងរបស់ភរិយាដែលថា ស្នេហាលោកមានតែជំពាក់បំណុលគេ គ្មានទ្រព្យអ្វីនោះ។ ផ្ទុយមកវិញ ឡាយអិន បានបញ្ជាក់ថា ស្នេហាឈានដល់ផ្លូវបំបែកនេះ ក៏ព្រោះតែប្រពន្ធលោកមានស្នេហាត្រីកោណ ពោលគឺភ្លើងស្នេហ៍របស់គេ (ប្រពន្ធ) កាលពី ១០ឆ្នាំបានឆេះឡើងវិញ។
ទាំងអារម្មណ៍វិលវល់ ឈឺចាប់សម្រក់ទឹកភ្នែកស្ទើរនិយាយលែងចេញ ឡាយ អ៊ិន បាននិយាយទាំងអួលដើមកថា៖«រឿងបែកបាក់នេះ គឺគ្មានពាក់ព័ន្ធនឹងជំពាក់បំណុលធនាគារណាទេ តើជំពាក់អ្នកណា មើលខ្ញុំសួរវិញ ខ្ញុំប្រឹងទាំងយប់ទាំងថ្ងៃ ដើម្បីគ្រួសារប្រពន្ធកូន គ្រាន់តែជួលផ្ទះ ១ខែ ៦០០ ដុល្លារ នៅថ្លៃទឹកភ្លើង ចាយវាយប្រចាំថ្ងៃ ម្ហូបអាហារ ថ្លៃសាំងឡាន និងផ្សេងៗជាច្រើនទៀត តើលុយបានពីណា? ការរកស៊ីរបស់គេមានបានលុយចូលផ្ទះទេ? តែរឿងទាំងអស់មកពីគេនោះមានស្នេហាផ្សេង គេក្បត់យើង…គេថា ក្នុងចិត្តអត់ដែលមានខ្ញុំទេ គេមានតែប្រុសម្នាក់នោះ»។
ឡាយអិនបានបន្តថា៖ «រឿងហ្នឹង (ទំនាក់ទំនងប្រពន្ធជាមួយប្រុសផ្សេង) បានកើតឡើងតាំងពី១០ឆ្នាំមកម្ល៉េះ តែខ្ញុំជាក្របីណាបង វាជ្រុលទៅហើយ ទម្រាំតែដឹងដូចខ្មោច៧ថ្ងៃអ៊ីចឹង ខ្ញុំឈឺចាប់ណាស់បង ខ្ញុំលន់តួបម្រើគេដូចកញ្ចះអ៊ីចឹង ការងារស្ត្រីខ្ញុំធ្វើសព្វបែបយ៉ាង ហើយខ្ញុំព្យាយាមធ្វើគ្រប់យ៉ាងដើម្បីពង្រឹងស្នេហានេះ តែស្នេហ៍មិនឈ្នះស្និទ្ធ ទីបំផុតវាបានផ្តល់ឲ្យខ្ញុំវិញតែភាពឈឺចាប់ គេឲ្យប្រុសគេមើលងាយ ជេរដៀលត្មះខ្ញុំគ្រប់យ៉ាង…»។
ឡាយអិន សុំមិនផ្តល់ព័ត៌មានលម្អិតពីបុរសទី៣ចូលខ្លួនមកជ្រៀតជ្រែកស្នេហាប្តីប្រពន្ធរបស់លោកទេ តែលោកបញ្ជាក់ថា បុរសម្នាក់នោះមិនមានអ្នកណាឆ្ងាយពីរង្វង់សាច់ញាតិប្រពន្ធខ្លួនឯងនោះទេ ហើយលោកអះអាងថា អ្នកស្រុករស់នៅក្នុងភូមិអំពិល ឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ជាកន្លែងកំណើតប្រពន្ធលោកបានដឹងឮគ្រប់គ្នា។
លោកបាននិយាយថា៖ «ខ្ញុំសុំមិននិយាយពីគេច្រើនទេ អ្នកនោះ(ជនទី៣) អត់មានអ្នកណាឆ្ងាយទេ នៅក្នុងរង្វង់គ្រួសារគេហ្នឹងដែរ វាដូចជាត្រីឆ្តោស៊ីកូនឯងអ៊ីចឹង គឺថោកទាបណាស់ ខ្ញុំនឹកស្មានមិនដល់នោះទេ អ្នកស្រុកភូមិគេដឹងឮគ្រប់គ្នា»។
ជាមួយនឹងភាពឈឺចាប់នោះ ឆ្លើយតបនឹងបណ្តឹងលែងលះ លោក ឡាយ អិន បានឲ្យដឹងថា នៅមុខតុលាការលោកបានយល់ព្រមលែងលះ តែលោកមិនព្រមប្រគល់កូនឲ្យទេ ដោយលោកបានបញ្ជាក់ថា គ្រាន់តែខ្លួនប្រាណខ្លួនឯង ការពារមិនបានផង តើការពារកូនយ៉ាងម៉េច?
លោកនិយាយថា៖«គេទាមទារកូនយកទៅចិញ្ចឹម តែខ្ញុំមិនព្រម ព្រោះខ្ញុំមិនអាចឲ្យកូនរបស់ខ្ញុំទៅគេគ្រប់គ្រងក្រៅពីឪពុកម្តាយនោះទេ ខ្លួនគាត់គ្រាន់តែអាប៉ុន…ដៃការពារមិនបានផងហ្នឹង។ គាត់ឲ្យគេជេរដៀលជាន់ឈ្លីប្តីគ្រប់យ៉ាង ចុះទម្រាំកូនទៀតនោះ?»។
ឡាយអិន បញ្ជាក់ថា៖«នៅពេលនេះ ពួកគេកំពុងនៅជាមួយគ្នា រីឯខ្ញុំវិលវល់អស់ហើយ មិនដឹងត្រូវធ្វើយ៉ាងម៉េចទេ គឺមានតែតាមវាសនាចុះ»។
ដោយឡែកអ្នកនាង សន សុម៉ាលីន ភ្នំពេញប៉ុស្តិ៍ នៅមិនទាន់អាចទាក់ទងសុំការបញ្ជាក់ដោយផ្ទាល់បានទេកាលពីម្សិលមិញ៕
from khmer-press.com http://ift.tt/1sekfYy
via IFTTT