Insurance

728x90

កុំ​មើល​ស្រាល! រដ្ឋ​មន្ត្រី​​ម៉ាំ​ល្ហុង ម៉ៅ បូរ៉ា ​មហិច្ឆតា​​អនាគត​មិន​ធម្មតា

ប្រភព៖ សប្បាយ


“ជិះ​កង់​កញ្ចាស់ ស្លៀក​ពាក់​ខោ​អាវ​ធំ ពាក់​ទ្រនាប់​ជើង​ប៊ូ មាត់​ពពាយនាយ​​ម៉ាំ​អើយ…ម៉ាំ! ម៉ាំ​អើយ​… ក្លែម! រួម​ទាំង​ពាក្យ​សម្ដី កំប្លុកកំប្លែង​បែក​អូ​ហូរ​ស្ទឹង​នោះ គ្មាន​អ្នក​ណា​​​ថា ​ខ្ញុំ​ជា​មនុស្ស​ឡើយ”។ នេះ​ជា​សម្ដី​របស់​រដ្ឋ​មន្ត្រី​​ម៉ាំ​ល្ហុង ម៉ៅ បូរ៉ា។


ទោះបី​មាន​ពាក្យ​សម្ដី​មាក់ងាយ មិន​សមគួរ​​មួយ​ចំនួន​ក្ដី តែ​ពាក្យ​ទាំង​នេះ​កាន់​តែ​ធ្វើ​ឱ្យ​បូរ៉ា​​ខំប្រឹង​ប្រែង​អស់កេរ្តិ៍អស់ខ្មាស រហូត​​​​​ក្លាយ​ជា​អ្នក​លក់​ម៉ាំ​ដ៏​ល្បី​ឈ្មោះ មួយ​រូប​ត្រឹម​តែ​​​មួយ​ពព្រិច​ភ្នែក​។


ទន្ទឹម​នឹង​មុខ​ជំនួញ​ម៉ាំ​ល្ហុង​ទទួល​បាន​ការ​គាំទ្រ លោក បូរ៉ា ​បាន​​វាចា​ថា លោក​មាន​​មហិច្ឆតា​ធំ​ពីរ ក្នុង​ពេល​អនាគត។ តែ​មុន​ចូល​ចំណុច​នេះ Sabay ​សូម​បង្វែរ​អារម្មណ៍​​ប្រិយមិត្ត មក​ស្ដាប់​ប្រវត្តិ​ត្រួសៗ​របស់​លោក​បន្តិច​សិន។


Mam-Bora-Minister-of-Papaya(2)


Mam-Bora-Minister-of-Papaya(3)


-ស្រុក​កំណើត និង ការ​សិក្សា


មាន​ស្រុក​កំណើត​នៅ ភូមិ​ពេជ្រសា ឃុំ​ពេជ្រសា ស្រុក​កោះ​អណ្ដែត ខេត្ត​តាកែវ បូរ៉ា​ ជា​កូន​អ្នក​លក់​បាយ​សម្ល ​និង ​ម៉ាំ​ តាម​បេនឡាន ​និង​ ផ្លូវ​រទេះ​ភ្លើង។ លោក​មាន​បង​ប្អូន​៦នាក់​ប្រុស​បី-​ស្រី​បី ​​ហើយ​លោក​​ជា​កូន​ទី​១។ កុមារា បូរ៉ា បាន​ឈប់​រៀន​ត្រឹម​ថ្នាក់​ទី​៣ ក្រោយ​មួយ​ឆ្នាំ​បន្ទាប់​ពី​ម្ដាយ ​ជួប​គ្រោះថ្នាក់​ចរាចរណ៍ ក្នុង​អំឡុង​​ឆ្នាំ​ ២០០០-២០០១។


មក​ដល់​ឆ្នាំ ​២០០៣ យុវជន​នេះ​បាន​សម្រេច​ចិត្ត​ចូល​រៀន​ជួសជុល​ម៉ូតូ ប៉ុន្តែ​​​ រៀន​​​បាន​មួយ​ឆ្នាំ​​ប៉ុណ្ណោះ​ក៏​ឈប់ ព្រោះ​លោក​គិត​ថា ​​ពុក​ម៉ែ​ក្រីក្រ គ្មាន​ដើមទុន​ដើម្បី​ឱ្យ​លោក​បើក​កន្លែង​រកស៊ី​ខ្លួន​ឯង ហើយក៏​សុំ​ម៉ែ​មក​ធ្វើ​ការ​រោងចក្រនៅ​ភ្នំពេញ។


-មក​ភ្នំពេញ​ដើម្បី​រក​លុយ បើក​កន្លែង​ជួសជុល​ម៉ូតូ


ល្បី​ថា​ធ្វើ​ការងារ​រោងចក្រ បាន​ប្រាក់ខែ​ខ្ពស់ បូរ៉ា​បាន​​ចេញ​ពី​ស្រុក​កំណើត មក​ភ្នំពេញ​ក្នុង​​ឆ្នាំ​២០១០ ប៉ុន្តែ​លោក​មិន​ត្រូវ​​បាន​​ជ្រើសរើស​​ជា​កម្មករ​ទេ ព្រោះ​រោងចក្រ​ត្រូវការ​តែ​ស្រីៗ​​ដែល​ចេះ​កាត់​ដេរ​ស្រាប់ប៉ុណ្ណោះ។


“ខ្ញុំ​ខំ​មក​ពី​ស្រុក​ថា​នឹង​បាន​ការងារ​រោងចក្រ​ធ្វើ ទីបំផុត​អត់​ដដែល ខ្ញុំ​ក៏​សុំ​គេ​​ធ្វើ​សំណង់​មួយ​កន្លែង​នៅ​ជាយក្រុង”។


លោក​បញ្ជាក់​ថា ​ការងារ​សំណង់​ពិបាក​ណាស់ ត្រូវ​លីសែង​ធ្ងន់ មាន​សភាព​គ្រោះថ្នាក់ ចំណែក​ប្រាក់​ខែ​​តិច​មិន​អាច​ហូប​គ្រប់គ្រាន់ លោក​​ក៏​សុំ​ឈប់​​ទាំង​ធ្វើការ​​​​ទើប​បាន​​មួយ​អាទិត្យ​។ ​គ្មាន​ការ​ងារ យុវជន​អង្គុយ​សំកុក​ពិបាក​ចិត្ត​​រឿង​ថ្លៃ ផ្ទះ ទឹក ភ្លើង​និង​ ការ​ហូបចុក។


-បើក​មុខរបរ​លក់​ម៉ាំ​ល្ហុង និង បញ្ហាប្រឈម ​

សំណាង​ដូច​ទេវតា​តាម​ជួយ អ្នក​ខេត្ត​តាកែវ​រូប​នេះ អាច​រក​​ការងារ​បាន​ធ្វើ​​ក្នុង​​​រោងចក្រ​ដែក​មួយ ក្នុង​ពេល​ភ្លាមៗ​នោះ​ដែរ។ ជា​ធម្មតា​ការងារ​ប្រើ​កម្លាំង មិន​ស្រួល​​ដូច​ការងារ​ប្រើ​បញ្ញា​ទេ ធ្វើ​ការ​បាន​ប្រាំពីរ​ ប្រាំបី​ថ្ងៃ លោក​ក៏​ដាក់​មេ​ប្រូច​សារ​ជា​ថ្មី។


“ការងារ​សំណង់​ហត់​​នោះ​ហត់ ប្រាក់​ខែ​ចាយ​មិន​គ្រប់ ខ្ញុំ​ក៏​​បែក​គំនិត​​លក់​ម៉ាំ​ល្ហុង។ ខ្ញុំ​ទិញ​របស់​របរ​និង Call សួរ​ម៉ែ​ពី​របៀប​ធ្វើ។ កាល​នោះ​ខ្ញុំ​​ប្រើ​ដើមទុន​អស់​​១៥​ម៉ឺន​រៀល​”។


ចាប់​តាំង​ពី​គ្រា​នោះ សំឡេង​ស្រែក​ពពាយនាយ “ម៉ាំ​អើយ…ម៉ាំ!” ដ៏​ទាក់ទាញ​របស់​បុរស​ជិះកង់​កញ្ចាស់​តឺនុយ​អាវ​ធំ​ម្នាក់​នេះ ចាប់​ផ្ដើម​លាន់​ឮ​​ក្នុង​ទីក្រុង​ភ្នំពេញ។


បុរស​​ខ្មៅ​ស្រអែម​លើក​ឡើង​ថា ដំបូង​គេ​ថា​ លោក​​ឆ្កួត កើត​មិន​សូវ​គ្រប់​ទឹក គេ​ស្អប់​ខ្ពើម​។ ពេល​ឮ​ពាក្យ​នេះ​ម្ដងៗ លោក​ស្ទាក់ស្ទើរ​ចង់​ឈប់​លក់ ប៉ុន្តែ​គិត​ឱ្យ​ដល់​ទៅ​បើ​លោក​ឈប់​មាន​តែ​ដាច់​ពោះ​ស្លាប់។ ពេល​ខ្លះ​លោក​​ត្រូវ​ប្រឈម​មុខ​ជាមួយ​​ក្មេង​ស្ទាវ​​និង​ត្រូវ​ពួកគេ​វាយ​យក​លុយ​ទៀត​ផង។


បញ្ហា​មួយ​ទៀត​នោះ គឺ​សព្វ​ថ្ងៃ​មាន​ជន​ខិលខូច​មួយ​ចំនួន បាន​ប្រើ​ឈ្មោះ​របស់​លោក ដើម្បី​លក់​ម៉ាំ​ល្ហុង​ដែរ។ បើ​ប្រិយមិត្ត​ចង់​ទិញ​មាំ​ល្ហុង សូម​ពិនិត្យ​រូបថត​និង​លេខ​ទូរសព្ទ​របស់​លោក​​ឱ្យ​ច្បាស់​។ បូរ៉ា​​បញ្ជាក់


Mam-Bora-Minister-of-Papaya(5)


-សន្សំ​លុយ​ទិញ​អា​ប្រិមប្រិយ

ជិះកង់​លក់​ម៉ាំ​ល្ហុង​១​កញ្ចប់​២០០៛-៣០០៛ បាន​មួយ​ឆ្នាំ បូរ៉ា​អាច​សល់​លុយ​សម​ល្មម​ទិញ​ម៉ូតូ​តម្លៃ​ជាង​១០០​ដុល្លារ​មួយ​គ្រឿង​ឈ្មោះ​” អា​ប្រិមប្រិយ”។ អា​ប្រិមប្រិយ​ត្រូវ​បូរ៉ា​ដោះ​ខ្ទេចខ្ទី​សល់​តែ​គ្រោងឆ្អឹង និង ​តុបតែង​ដាក់​រូបថត​និង​ធុងបាស​យ៉ាង​​ប្លែក។


បូរ៉ា​និយាយ​​​សរសើរ​ទាំង​សើច​ថា រាល់​ថ្ងៃ​បាន​អា​ប្រិមប្រិយ​នេះ​ហើយ ​ជួយ​ទាក់ទាញ​ប្រជាប្រិយភាព ហើយ​ស្រី​ៗ​មក​​ទិញ​​​ច្រើន​ក៏​ដោយសារ​​វា​ដែរ។ ទោះ​បូរ៉ា​ឡើង​​ស៊េរី​ជិះ​ម៉ូតូ​កង់​បី​មែន តែ​លោក​មិន​ចោល​អា​ប្រិមប្រិយ​ឡើយ។


បច្ចុប្បន្ន​លោក​ធ្វើ​ម៉ាំ​ល្ហុង​ចាប់​ពី​១៦០​ទៅ​១៨០​គីឡូក្រាម​ ហើយ​​វេច​ខ្ចប់​ជា​កញ្ចប់ ក្នុង​១​កញ្ចប់​​​​តម្លៃ​​២០០០៛។ លោក​មាន​គ្នា​៦នាក់ ជិះ​​លក់​ទាល់​តែ​អស់ ចំណែក​រឿង​ប្រាក់​ចំណេញ អ្នក​លក់​ម៉ាំ​វ័យ២៥​ឆ្នាំ​បង្ហើប​ថា​បាន​​សម​ល្មម​​អាច​រស់​ស្រួល។


-ចូល​សិល្បៈ ​ឆ្នាំ​២០១៣

ត្បិត​ជា​អ្នក​លក់​ម៉ាំ​មែន ប៉ុន្តែ​សម្ដីសំដៅ ការ​តុបតែង​ខ្លួន​និង​ភាព​ក្លាហាន​របស់​បូរ៉ា ​ធ្វើ​ឱ្យ​ម្ចាស់​ផលិតកម្ម​​មួយ​ចំនួន​​​ចាប់​អារម្មណ៍ ហើយ​បាន​ទាក់ទង​លោក​​សម្ដែង​ជា​បណ្ដើរៗ​តាំង​ពី​ឆ្នាំ​២០១៣។ លោក​​សម្ដែង​​កាយវិការ​ក្នុង​បទចម្រៀង​ “ដឹង​ថា​នឹក​តែ​មិន​ហ៊ាន​លះបង់​គេ” របស់​ផលិតកម្ម Bigman បទ”កំពូល​ប្រច័ណ្ឌ” របស់​ផលិតកម្ម Town បទ​ភ្លេង Record “បោក​យក​កូន​ប្រើ” របស់​ផលិតកម្ម​រស្មី​ហង្សមាស និង​ សម្ដែង​​ក្នុង​ស្ពត​ថ្នាំ​បាញ់​ស្រូវ​បញ្ចាំង​លើ​ទូរទស្សន៍ My TV ហង្សមាស ​និង ​បាយ័ន​ជាដើម


-មហិច្ឆតា​​អនាគត​


ក្នុង​ពេល​អនាគត​បុរស​ខេត្ត​តាកែវ ​ចង់​ក្លាយ​ជា​អ្នក​សិល្បៈ ​​និង ​ចង់​ពង្រីក​មុខ​របរ​លក់​ម៉ាំ​ល្ហុង​ឱ្យ​កាន់​តែ​​ធំ។ លោក​ចង់​បោះ​ម៉ូយ​តាម​ផ្សារ​​តាម​បណ្ដា​ខេត្ត ​និង ​ទីក្រុង​ដោយ​មិន​បាច់​ដើរ​លក់ ខណៈ​រឿង​បើក​ហាង​ជួសជុល​ម៉ូតូ​ទុក​មួយ​ឡែក​សិន។


អ្នកលក់​ម៉ាំ​សំបូរ​​វោហារ​​បន្ត​ថា “​ឥលូវ​ខ្ញុំ​​​ប្រកាស​រក​ដៃគូ​សហការ​ដើម្បី​ពង្រីក​មុខ​ជំនួញ ម៉ាំ​ល្ហុង ផ្អក សៀង ឆៃប៉ូវ​ឱ្យ​មាន​លក្ខណៈ​ស្តង់ដារ។ បើ​​បង​ប្អូន​ណា​ចាប់​អារម្មណ៍ អាច​ទាក់ទង​មក​លេខ​ទូរសព្ទ​ខ្ញុំ​បាទ 093 97 97 96 ឬ 0979797011″។


ជាចុង​ក្រោយ ម៉ៅ បូរ៉ា សូម​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ជួយ​គាំទ្រ​ម្ហូប​ខ្មែរ ហើយ​លោក​សូម​អរគុណ​ ចំពោះ​បង​ប្អូន ដែល​គាំទ្រ​ និង​លើក​ទឹកចិត្ត​ដល់​លោក​កន្លង​មក៕






from khmer-press.com http://ift.tt/1qGq7qA

via IFTTT
កុំ​មើល​ស្រាល! រដ្ឋ​មន្ត្រី​​ម៉ាំ​ល្ហុង ម៉ៅ បូរ៉ា ​មហិច្ឆតា​​អនាគត​មិន​ធម្មតា កុំ​មើល​ស្រាល! រដ្ឋ​មន្ត្រី​​ម៉ាំ​ល្ហុង ម៉ៅ បូរ៉ា ​មហិច្ឆតា​​អនាគត​មិន​ធម្មតា Reviewed by yim PH on 1:49 PM Rating: 5

Entertainment

ads
Powered by Blogger.