ស្ពានអ្នកលឿង នឹងបើកឲ្យប្រជាពលរដ្ឋ ឆ្លងកាត់នៅខែមីនា ឆ្នាំ២០១៥
Wednesday 29 /10/2014 Time 03:40pm
ភ្នំពេញ៖ ស្ពានអ្នកលឿង គ្រោងនឹងបើកឲ្យប្រជាពលរដ្ឋ ឆ្លងកាត់នៅខែមីនា ឆ្នាំ២០១៥ ខាងមុខនេះ។
លោក ឈឹម ផល្លា ប្រធានគម្រោង នៃក្រសួងសាធារណការ និងដឹកជញ្ជូនបានមាន ប្រសាសន៍ថា ស្ពានអ្នកលឿង ដែលមានប្រវែង ២.២២០ ម៉ែត្រ ចំណាយថវិកាជាង ៩០ លានដុល្លារ ជាជំនួយឥតសំណង របស់រាជរដ្ឋាភិបាលជប៉ុន រួមនឹងប្រាក់បដិភាគ របស់រាជរដ្ឋាភិបាលកម្ពុជាផង សាងសង់ គិតត្រឹមខែតុលានេះ សម្រេចបាន ៩០ ភាគរយហើយ នឹងបើកឲ្យពលរដ្ឋ ឆ្លងកាត់នៅមុន បុណ្យចូលឆ្នាំខ្មែរ ឆ្នាំ២០១៥ ខាងមុខ ។
ប្រធានគម្រោង នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា ស្ពានអ្នកលឿង នឹងធ្វើពិធីចាក់បេតុងតភ្ជាប់ នៅខែមករា ឆ្នាំ២០១៥ ។ ចំពោះការងារធំៗ ក្នុងគម្រោងសាង់សង់ស្ពាន បានធ្វើរួចហើយ។ ដោយឡែក នាពេលប៉ុន្មានខែខាងមុខ គឺធ្វើការងារ នៅសេសសល់ ដើម្បីធានាអោយ ស្ពានអ្នកលឿង នឹងបើកអោយប្រជាពលរដ្ឋ បានឆ្លងកាត់នៅខែមីនា គឺមុនបុណ្យចូលឆ្នាំខ្មែរ ឆ្នាំ២០១៥។
លោក ឈឹម ផល្លា បានចាត់ទុកថា ស្ពានអ្នកលឿង គឺជាស្ពានវែងជាងគេ នៅកម្ពុជា ដែលមានប្រវែង ២.២២០ ម៉ែត្រ និងចំណាយថវិកាជាង ៩០ លានដុល្លារអាមេរិក រួមនឹងប្រាក់បដិភាគ របស់រាជរដ្ឋាភិបាលកម្ពុជាផង។ ស្ពាននេះ គឺជាស្ពានយោងខ្សែកាប ដែលមាននៅកម្ពុជាដំបូងគេ ។
ស្ពានអ្នកលឿង មានគម្រោងសាងសង់ រយៈពេលបួនឆ្នាំ។ ពិធីសម្ពោធបើកការដ្ឋានសាងសង់ ក្រោមអធិបតីភាព សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីខែកុម្ភៈ ឆ្នាំ២០១១។ ស្ពាននេះ មានគម្រោងសាងសង់បញ្ចប់ នៅដើមឆ្នាំ២០១៥ ប៉ុន្តែ បើតាមមន្ត្រីជំនាញ អះអាងគឺ ការងារជាក់ស្តែង ត្រូវបានអនុវត្តលឿនជាងកម្មវិធី ដួច្នេះស្ពានអ្នកលឿង នឹងជួយធ្វើអោយ ប្រជាពលរដ្ឋ បានធ្វើដំណើរឆ្លងកាត់ទន្លេដ៏ធំមួយនេះ នារយៈពេលបួនប្រាំខែ ខាងមុខ ៕
ដោយៈសូសៀង
រៀបចំដោយៈដារត្ន
By: khmeronlinenews.com
http://ift.tt/eA8V8J