ផឹកស្រាជុំគ្នាអស់២លីត្រ គងសំដី វាយ១ដែកបំពង់ទីបប៉ុនប៉ងវាយសម្លាប់ តែរបួសធ្ងន់ដេរជាង៣០
ខេត្តកំពង់ឆ្នាំង៖ បុរសម្នាក់រងរបួសលើក្បាលធ្ងន់ធ្ងរដេរ៣០ថ្នេរ ដោយសារតែមិត្តភក្តិលួចវាយនឹងបំពង់ទីប ប៉ុងប៉ងសម្លាប់ក្នុងពេលផឹកស៊ីស្រវឹង តែគេគេចទាន់គ្រាន់តែរបួសធ្ងន់។ ហេតុការណ៍ហិង្សាដោយសារស្រាខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៩និង១០នាទីយប់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៤ ដែលភាគីទាំង២រស់នៅក្នុងភូមិឃ្លៃ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ តែបានកើតរឿងនេះ ពេលបើកម៉ូតូដឹកក្អមឆ្នាំងយកទៅលក់នៅក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល។
សមត្ថកិច្ចបានឲ្យដឹងថា៖ ជនរងគ្រោះឈ្មោះ ចន រាត្រី អាយុ២៤ឆ្នាំ មានទីលំនៅក្នុងភូមិឃ្លៃ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង មានមុខរបរជាអ្នកលក់ក្អមឆ្នាំង តាមរឺម៉ឺកម៉ូតូបាននិយាយអោយដឹងថា៖ នៅយប់កើតហេតុ ជនរងគ្រោះបានដឹកក្អមឆ្នាំងតាមរឺម៉ឹកម៉ូតូដើរលក់ក្នុងក្រុងតាខ្មៅ លុះយប់ឡើងក៏ឈប់រឺម៉ឺកម៉ូតូ ជុំគ្នាជាមួយនឹងរឺម៉ឺកម៉ូតូផ្សេងទៀត ដែលទៅលក់ជាមួយ ដើម្បីសំរាកហូបបាយ និងរកកន្លែងសំរាក។ នៅពេលកំពុងហូបបាយក៏បានទិញស្រាសយកមកហូបជុំគ្នា ពេលនោះជនដៃដល់ឈ្មោះ ជ្រឿន សារៀម អាយុ១៩ឆ្នាំ ដែលជនរស់នៅក្នុងស្រុកភូមិនៅជាមួយគ្នាជាមួយគ្នា ជននេះបានចេញពីស្រុកដឹកក្អមឆ្នាំងមកលក់ តែមិនបានត្រឡប់ទៅផ្ទះវិញគឺគេជិះម៉ូតូដើរតែដេកពេញក្រុងភ្នំពេញ។
សមត្ថកិច្ចបានបន្តថា៖ ពេលឃើញជនរងគ្រោះនិងអ្នកភូមិជាមួយគ្នាកំពុងតែហូបបាយ និងផឹកស្រា ជននេះក៏ចូលមកផឹកជាមួយគ្នា ពេលផឹកអស់ស្រាជាង២លីត ក៏ស្រាប់តែជននេះបានបង្ក ទំនាស់ពាក្យសំដីជាមួយនឹងជនរងគ្រោះ ខណៈដែលកំពុងតែជជែកគ្នាជនរងគ្រោះក៏បានដើរចេញបំរ៉ុងទៅដេកលើរឺម៉ឺករបស់ខ្លួន ក៏ស្រាប់តែជនឈ្មោះ ជ្រឿន សារៀម ខាងលើនេះបានលីបំពង់ទីបដើរតាមពីក្រោយ ហើយវាយទៅលើជនរងគ្រោះបំណងវាយអោយស្លាប់ តែវាយបានតែមួយបំពង់ទីប ក៏ត្រូវបានគេស្រែក និងរត់ទៅជួយទាន់ ជនល្មើសក៏រត់គេចខ្លួនបាត់ទាំងយប់តែម្តង។
ពេលនេះជនរងគ្រោះបានដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលមូលដ្ឋានដែលជនរងគ្រោះរស់នៅរួចរាល់ហើយ និងត្រៀមទៅដាក់បណ្តឹងនៅកន្លែងកើតហេតុឯក្រុងតាខ្មៅជាបន្តទៀតផងដែរ ដើម្បីអោយសមត្ថកិច្ចជួយតាមចាប់ខ្លួនជនដៃដល់យកមក អោយទទួលខុសត្រួវចំ ពោះរឿងហេតុដែលគេបង្កដល់ជនរងគ្រោះ ចំពោះមុខច្បាប់៕ ដោយ រិទ្ធិ ជ័យ
ឈ្មោះ ជ្រឿន សារៀម ជាជនដៃដល់