មេបញ្ជាការរងតំបន់សឹករងស្រុកម្នាក់ ស្រវឹង ជិះម៉ូតូដឹកលុយទៅបើកអោយកងទ័ព បានដួលម៉ូតូបោកក្បាលនឹងផ្លូវជាតិស្លាប់ ពេលដឹកទៅពេទ្យភ្នំពេញ
ខេត្តកំពង់ឆ្នាំង៖ លោកមេបញ្ជាការរងតំបន់សឹករងស្រុកទឹកផុសម្នាក់ បានជិះម៉ូតូស្រវឹង ដួលបោកក្បាលនឹង ផ្លូវជាតិស្លាប់ពេលដឹកមកសង្គ្រោះនៅមន្ទីរពេទ្យក្រុងភ្នំពេញ។ ករណីគ្រោះ ថ្នាក់នេះបានកើតឡើងនៅវេលាម៉ោង៨ និង៣០នាទីយប់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៤ លើផ្លូវជាតិលេខ៥៣ ក្នុងភូមិគល់គុប ឃុំស្រែថ្មីស្រុករលាប្អៀរ។
សមត្ថកិច្ចនគរបាលប៉ុស្តិរដ្ឋបាលស្រែថ្មីបានអោយដឹងថា៖ ជនរងគ្រោះខាងលើនេះមានឈ្មោះ ហេង ស្រៀង អាយុ៥១ឆ្នាំ ជាមេបញ្ជារការរងតំបន់សឹករងស្រុកទឹកផុស រស់នៅភូមិស្រែតាជៃ ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស នៅពេលម៉ោងខាងលើគេបានប្រទះឃើញគាត់ដេកដួលសន្លប់នៅកណ្តាលផ្លូវដោយមានរបួសធ្ងន់ធ្ងរនៅលើក្បាលផ្នែកខាងក្រោយ ដោយសារតែដួលម៉ូតូ នៅជាប់ខ្លួនជនរងគ្រោះគេឃើញមានលុយ១កាបូប និងអាវុធខ្លីម៉ាកកា៥៩មួយដើម និងម៉ូតូ១គ្រឿង។
ក្រោយពេលកើតហេតុប្រមាណ១៥នាទីសមត្ថកិច្ចនគរបាលមូលដ្ឋានបានទៅដល់ ហើយ បានហៅរថយន្តសាមុយរបស់មន្ទីរពេទ្យខេត្តមកដឹកជនរងគ្រោះយកទៅសង្គ្រោះក្នុងមន្ទីរពេទ្យ ខេត្ត ចំណែកអាវុធខ្លី កាបូបប្រាក់ និងម៉ូតូជនរងគ្រោះម៉ាកវេវ ពាក់ស្លាកលេខ កំពង់ឆ្នាំង1C-0022 ដែលប្រជាពលរដ្ឋប្រមូលទុកមួយដុំ ត្រូវបានមន្ត្រីនគរបាលប៉ុស្តិរដ្ឋបាលស្រែថ្មីយកទៅរក្សាទុកក្នុងប៉ុស្តិ៍ ដោយបានធ្វើកំណត់ហេតុត្រួតពិនិត្យឃើញលុយក្នុងកាបូបមានចំនួន៣លាន៩២ម៉ឺនរៀល និងឃើញវិក្រ័យប័ត្របើកប្រាក់ខែទ័ពពីតំបន់រឹករងខេត្តចំនួន៣លាន៦៨ម៉ឺន៤ពាន់រៀល។ ចំណែកប្រាក់ដែលបាត់៦៦ម៉ឺន៤ពាន់រៀល គេសន្និដ្ឋានថា ប្រហែលជាជនរងគ្រោះ ចំណាយក្នុងការស៊ីផឹកមុនពេលជួបនិងគ្រោះថ្នាក់ចរាចរណ៍។
នៅក្នុងបន្ទប់លាងរបួសក្នុងមន្ទីរពេទ្យខេត្ត លោកគ្រូពេទ្យខេត្តបានចាប់បើកត្របកភ្នែកមើលគ្រាប់ភ្នែក ហើយបាននិយាយថា អស់សង្ឃឹមហើយគេសង្ឃឹមរស់តិចណាស់ បន្ទាប់មកក្រុម គ្រូ ពេទ្យបានបញ្ជូនជនរងគ្រោះទៅអាគារសង្គ្រោះបន្ទាន់ដើម្បីបញ្ចូលខ្យល់អុកស៊ីហ្សែន ជួយ សង្គ្រោះជីវិត និងបញ្ជូនបន្តទៅមន្ទីរពេទ្យក្រុងភ្នំពេញ ប៉ុន្តែដោយរបួសធ្ងន់ធ្ងរពេកជនរងគ្រោះក៏បានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យក្រុងភ្នំពេញ។
នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៤ សមត្ថកិច្ចនគរបាលចរាចរណ៍ស្រុករលាប្អៀរចុះទៅពិនិត្យ កន្លែងកើតហេតុបានអោយដឹងថា៖ នៅចំណុចកើតហេតុគេបានឃើញស្នាមម៉ូតូដួលត្រឡប់ត្រ ឡិនប្រវែង១៤ម៩០ ទទឹងថ្នល់ចំណុចកើតហេតុប្រវែង៦ម ចំណុចជនរងគ្រោះដួលចម្ងាយ ប្រវែង១ម ៨០ពីចញ្ចើមផ្លូវខាងស្តាំដៃ។ សមត្ថកិច្ចនគរបាលបានបញ្ជាក់ថា៖ លុយប្រាក់ខែកងទ័ព មិនអាចបាត់ក្នុងពេលកើតហេតុទេ ព្រោះសមត្ថកិច្ចទៅដល់ក្រោយពេលកើតហេតុ១៥នាទី កា បូបលុយ កាំភ្លើងខ្លីត្រូវបានប្រជាពលរដ្ឋប្រមូលទុកក្បែរម៉ូតូអស់ទៅហើយ គឺបើមានគេលួចយកគឺ គេលួចបាត់ទាំងអស់ទៅហើយ៕ ដោយ រិទ្ធិ ជ័យ