ត្រីប្រហុកចាប់ផ្តើមសម្បូរ ពីថ្ងៃ៦កើតខែបុស្សហើយ និងផុត នៅតែប៉ុន្មានថ្ងៃខាងមុខមន្ត្រីជំនាញអំពាវនាវអោយប្រជាពលរដ្ឋរូសរាន់មកធ្វើត្រីប្រហុក
ខេត្តកំពង់ឆ្នាំង ៖ ត្រីប្រហុកបានចាប់ផ្តើមត្រូវហើយ គឺចាប់ពីថ្ងៃ៥កើត រហូតដល់ថ្ងៃ៩កើត ត្រូវនិងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៤នេះបើទុកណាប្រភេទត្រីធំ រយៈកាល២ខ្នើត គឺក្នុងខែកត្តិក និងខែមិគសិរកន្លងទៅនេះមិនមានត្រូវសំបូរដូចរាល់ឆ្នាំក៏ដោយ។ កាលពីក្នើតខែមុនធ្វើអោយប្រជាពលរដ្ឋមានការព្រួយបានរម្មណ៍ ថាក្នុងក្នើតខែក្រោយប្រហែលជាមិនសំបូរត្រីធ្វើប្រហុកទៀតទេ តែខ្នើតខែបុស្សនេះត្រីចាប់ផ្តើមត្រូវហើយ។
លោក សេង ប៊ុនឈឿន នាយខ័ណ្ឌរដ្ឋបាលជលផល កំពង់ឆ្នាំងបាននិយាយថា៖ ទទួលស្គាល់ ថាខ្នើតខែមុនៗ ដែលជាទម្លាប់ត្រូវត្រីធំ ដូចជាត្រីគ្រុំ ត្រីឆ្កោក និងត្រីក្អែកជាដើមគឺពិតជាគ្មានមែន តែសម្រាប់ខ្នើតខែបុស្សនេះត្រីប្រហុកចាប់ផ្តើមត្រូវហើយ គឺពីថ្ងៃ ៦កើត ត្រូវនិងថ្ងៃទី២៦ ខែធ្នូ ត្រីចាប់ផ្តើមត្រូវជាណ្តើរៗ ហើយនៅថ្ងៃ៧ និង៨កើត ត្រីបានត្រូវខ្លាំងនៅឃុំឆ្នុកទ្រូ រហូតចាប់ផ្តើមធ្លាក់ថ្លៃពី១៥០០រៀលរហូតដល់ ២ទៅ៣រយរៀល ក្នុង១គីឡូក្រាម និងរហូតគ្មានអ្នកទិញត្រីទៀតផង។ មកដល់ថ្ងៃ៩កើត ត្រូវនឹងថ្ងៃទី ២៩ខែធ្នូនេះ បានកើនឡើងពី៥ទៅ៧រយរៀលក្នុង១គីឡូក្រាម វិញនេះត្រីនៅតំបន់ឆ្នុកទ្រូ។
លោកបានបន្តថា៖សម្រាប់នៅចុងកោះ ក្រុងកំពង់ឆ្នាំងវិញ ត្រីប្រហុក នៅចន្លោះពី ១២០០រៀលទៅ១៥០០រៀល ចំណែកនៅកំពង់ប្រសាទ តាជេសនិងកំពង់ត្រឡាចក្រោម ក្នុងស្រុកកំពង់ត្រឡាចវិញ តម្លៃត្រីប្រហាក់ប្រហែលនិងក្រុងកំពង់ឆ្នាំងដែរ ។
លោកបានជូនដំណឹងអំពីត្រីប្រហុកនេះដល់បណ្តាស្រុក ទាំង អស់ពិសេសស្រុកដែលនៅជនបទឆ្ងាយពីដែននេសាទ ដូចជាស្រុកសាមគ្គីមានជ័យ ស្រុកទឹកផុសនិងមួយផ្នែកនៃស្រុករលាប្អៀរ ដើម្បីអោយបងប្អូនដែលមានបំណងធ្វើត្រីប្រហុកត្រីសូមប្រញាប់មកធ្វើត្រីប្រហុកដែលនៅ សល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះផុតហើយចំណែកកន្លែងដែលត្រូវមកធ្វើមាន៥កន្លែងធំៗ មានឆ្នុកទ្រូ ក្នុងស្រុកបរិបូរណ៏ ចុងកោះផ្សារក្រោម ស្ថិតក្នុងក្រុងកំពង់ឆ្នាំង និង កំពង់ប្រាសាទ តាជេស កំពង់ត្រឡាចក្រោម ស្ថិតក្នុងស្រុកកំពង់ត្រឡាច ។
លោកនាយខ័ណ្ឌក៏បានអោយដឹងដែរថា៖ ចំពោះប្រភេទត្រីធំ ថ្វីបើវាមិនត្រូវតាមដំណាក់កាល ពេលវេលាក៏ពិតមែន តែ ខ្នើតខែបុស្សនេះក៏មានត្រូវត្រីធំខ្លះដែរ ដោយប្រភេទត្រីឆ្កោក លេខ១ ថ្លៃ១ម៉ឺន៧ ពាន់រៀល ក្នុង១គីឡូក្រាម លេខ២ ថ្លៃ១ម៉ឺនរៀល ហើយតម្លៃនេះគឺជាតម្លៃដូចរាល់ឆ្នាំផងដែរ ។
លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានអំពាវនាវអោយបណ្តាតាមស្រុក សូមប្រកា សអោយប្រជាពលរដ្ឋបានដឹង និងមកសម្រាកចាំទិញត្រីធ្វើប្រហុកនៅតាមកន្លែងខាងលើ ចំណែកសមត្ថកិច្ចតាមមូលដ្ឋានត្រូវធានារក្សាការពារអោយពួកគាត់ស្នាក់នៅ រហូតពួកគាត់ធ្វើត្រីប្រហុកបានរួចរាល់វិលត្រឡប់ទៅលំនៅដ្ឋានវិញ អោយមានសន្តិសុខ ល្អប្រសើរ៕ ដោយ រិទ្ធិ ជ័យ