រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន អំពាវនាវអោយពលរដ្ឋប្រញាប់ទៅបើកប្រាក់ធ្វើប័ណ្ណបើកបរម៉ូតូពីមន្ទីរសាធារណៈការវិញ
ខេត្តកំពង់ឆ្នាំង៖ លោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងសាធារណការនិងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកកំពង់លែងរបស់គណៈបក្សប្រជាជនកម្ពុជា បានអំពាវនាវអោយប្រជាពលរដ្ឋក្នុងស្រុកកំពង់លែង និងខេត្តកំពង់ឆ្នាំង ក៍ដូចជាពលរដ្ឋទូទាំងប្រទេស ប្រញាប់ទៅបើកប្រាក់ធ្វើប័ណ្ណបើកបរម៉ូតូពីមន្ទីរសាធារណការវិញ កុំអោយហួសដល់ថ្ងៃទី១ ខែមេសា ឆ្នាំ២០១៦។
លោកប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកកំពង់លែងរបស់គណៈបក្សប្រជាជនកម្ពុជារូបនេះបានអំពាវនាវបែបនេះ នៅក្នុងពិធីប្រកាសផ្សព្វផ្សាយសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៣៩ អាណត្តិទី៥ក្នុងស្រុកកំពង់លែង នាព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៦ ដែលមានការចូលរួមពីថ្នាក់ដឹកនាំក្រុមការងារថ្នាក់ជាតិ និងខេត្តចុះជួយស្រុកំពង់លែង ព្រមទាំងសកម្មជនគណៈបក្សប្រជាជនកម្ពុជាស្រុកកំពង់លែងប្រមាណ៤០០នាក់។
លោកបានថ្លែងបន្តថា៖ គោលនយោបាយរបស់សម្តេចតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រីបានជួយបងប្អូនប្រជាពលរដ្ឋបានមួយចំណែកទៀត ព្រោះថាពីមុនបងប្អូន ប្រជា ពលរដ្ឋដែលមានម៉ូតូជិះ ត្រូវមានប័ណ្ណបើកបរ តែក្រោយពីសម្តេចតេជោបានទទួល ព័ត៌មានផ្ទាល់ពីការលំបាករបស់ប្រជាពលរដ្ឋ ទើបសម្តេចតេជោប្រកាសថា អ្នកមានម៉ូតូ កម្លាំងម៉ាស៊ីនចាប់ពី១២៥CCចុះក្រោមមិនបាច់មានប័ណ្ណបើកបរនោះទេ។
រហូតមកដល់ពេលនេះ តាមរបាយការណ៍ឃើញថា មានបងប្អូនដែលមានប័ណ្ណ បើកបរ ម៉ូតូតែ៤%ប៉ុណ្ណោះ បានមកបើកយកប្រាក់ទៅវិញ ដូច្នេះក្នុងនាមថ្នាក់ដឹកនាំក្រសួង សាធារណៈការ និងដឹកជញ្ជូន ឯកឧត្តមសូមអំពាវនាវអោយប្រជាពលរដ្ឋទាំងអស់ ប្រញាប់ទៅបើកប្រាក់ដែលបងប្អូនបានធ្វើប័ណ្ណបើកបររួចរាល់ហើយនៅតាមមន្ទីរសាធារណការខេត្តក្រុង វិញព្រោះដល់ថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៦ ត្រូវផុតកំណត់ហើយ។
ដោយឡែកផ្លាកលេខ និងប័ណ្ណសំគាល់យានយន្តវិញ លោក ត្រាំ អ៊ីវតឹក បានបន្ថែមថា៖ តម្លៃនៃការធ្វើផ្លាកលេខ និងប័ណ្ណសំគាល់យានយន្តឥឡូវនេះ រាជរដ្ឋាភិបាលបានអោយ បញ្ចុះតម្លៃជូនបងប្អូនប្រជាពលរដ្ឋ៥០% ដូចនេះបងប្អូនណាដែលទិញម៉ូតូថ្មី យកទៅធ្វើ ផ្លាកលេខ ហើយ និងធ្វើប័ណ្ណសំគាល់យានយន្តគឺតម្លៃទាបជាងមុន ដោយមានការបញ្ចុះ តម្លៃ៥០% លោកបានអួតសរសើថារាជរដ្ឋាភិបាលបានជួយកាត់បន្ថយភាពក្រីក្រនៅក្នុងគ្រួសារ។
ចំពោះគ្រប់រថយន្តវិញ សូមបងប្អូនកុំភ្លេច ត្រូវតែចូលទៅត្រួតពិនិត្យបច្ចេក ទេស យានយន្តជាចាំបាច់ ព្រោះអ្នកបច្ចេកទេសគេពិនិត្យទៅលើកង់ ហ្វ្រាំង ភ្លើង ចង្កូត ជាដើម ដើម្បីសុវត្ថិភាពពេលបងប្អូនបើកបរ ហើយតម្លៃត្រួតពិនិត្យបច្ចេកទេសនេះបានថយចុះ អស់៦០%ផងដែរ៕ រិទ្ធិ ជ័យ
http://ift.tt/1SwdSyx