សមត្ថកិច្ចនគរបាលចរាចរណ៍ ចាប់រថយន្តដឹកថ្ម ជ្រុះរាយប៉ាយតាមផ្លូវជាតិមកអប់រំ
ខេត្តកំពង់ឆ្នាំង៖ រថយន្តធុនធំ៣គ្រឿង ដឹកថ្មហួសទ្រុង និងលើសទម្ងន់គ្មានគំរប បណ្តាល អោយថ្មជ្រុះរាយប៉ាយតាមផ្លូវជាតិក្នុងក្រុងកំពង់ឆ្នាំង ត្រូវបានសមត្ថកិច្ច នគរ បាល ចរាចរណ៍ខេត្តចាប់យកមកអប់រំ និងធ្វើកិច្ចសន្យា បញ្ឈប់ការដឹកជញ្ជូនថ្មមិនមាន គំរប។ការឃាត់ ចាប់រថយន្តខាងលើនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៤ ស្ថិតនៅចំណុចរង្វង់មូលវិមានឯករាជ្យ ក្រុងកំពង់ឆ្នាំង។
សមត្ថកិច្ចចរាចរណ៍ផ្លូវគោកខេត្តកំពង់ឆ្នាំងបានអោយដឹងថា៖ ក្រោយពីទទួលបញ្ជា ពីលោកស្នងការនគរបាលខេត្តទាក់ទងនឹងករណីខាងលើនេះ សមត្ថកិច្ចនគរបាលចរាចរណ៍ខេត្តបានដាក់កំលាំងស្ទាក់ចាប់រថយន្តដឹកថ្ម គ្មានគំរបបាន៣គ្រឿងរបស់ក្រុមហ៊ុនជី អាយ នាំយកមកកាន់ការិ យាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្ត ដើម្បីធ្វើការ ព្រមាន ណែនាំអប់រំ និងធ្វើកិច្ចសន្យាបញ្ឈប់បាតុភាពខុសប្រក្រតីខាងលើនេះ។ បើពេលក្រោយ ពួកគេនៅតែបំពានច្បាប់ចរាចរណ៍ទៀតនោះ សមត្ថកិច្ចនឹងមិនអត់អោនទៀតឡើយ។
គួរបញ្ជាក់ថាកន្លងមក មានរថយន្តដឹកដី ដឹកថ្ម ដឹកខ្សាច់ជាច្រើនគ្រឿងនៅក្នុងខេត្ត និងក្រៅខេត្តបាននឹងកំពុងធ្វើសកម្មភាពដឹកជញ្ជូនដោយគ្មានការគ្រប ដឹកហៀរទ្រុងលើសទម្ងន់បណ្តាលអោយដីថ្មទាំងនោះកំពប់ជ្រុះរប៉ាត់រប៉ាយនៅតាមផ្លូវក្នុងក្រុង និងផ្លូវជាតិលេខ៥៣ ដែលធ្វើអោយផ្លូវកៅស៊ូពណ៌ខ្មៅក្លាយទៅជាផ្លូវដីពណ៌សដូចផ្លូវដីលំទៅវិញ ដោយមិនទាន់ឃើញសមត្ថកិច្ចនគរបាលចរាចរណ៍ធ្វើការចាប់ឃាត់ និងផាកពិន័យនោះឡើយ ដែលករណីនេះបានធ្វើអោយប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់អ្នកប្រើប្រាស់ផ្លូវ សុខមាល ភាពរបស់ប្រជាពលរដ្ឋដែលរស់នៅតាមសងខាងផ្លូវ ព្រមទាំងធ្វើអោយបាត់នូវសោភ័ណ្ឌភាពផ្លូវនៅក្នុងក្រុងកំពង់ឆ្នាំងទៀតផង។
កន្លងមកករណីរថយន្តដឹកថ្មលើសទម្ងន់របស់ក្រុមហ៊ុន WTG Co,Ltd. បានធ្វើអោយ ផ្លូវកៅស៊ូមួយខ្សែដែលមានប្រវែងជាង២គីឡូម៉ែត្រ ដែលបែកចេញពីផ្លូវជាតិលេខទៅ វត្តភ្នំសន្ទូច បានរងការខូចខាតទាំងស្រុង មកដល់ពេលនេះក្រុមហ៊ុននោះបានគេចខ្លួន មិនទទួលខុសត្រូវក្នុងការជួសជុលផ្លូវតាមកិច្ចសន្យាសងខេត្តវិញឡើយ។
ប្រជាពលរដ្ឋនៅក្នុងក្រុងកំពង់ឆ្នាំង សំណូមលោកអភិបាលខេត្ត ចាត់វិធាមការណ៍អោយបានម៉ឺងម៉ាត់ដល់សមត្ថកិច្ចពាក់ព័ន្ធ ធ្វើការបង្ក្រាបរថយន្តល្មើសទាំងនោះ ដើម្បីការ ពារផ្លូវថ្នល់សាធារណៈរបស់រដ្ឋ,ការពារអាយុជីវិតអ្នកប្រើប្រាស់ផ្លូវ និងសុខមាលភាពរបស់ ប្រជាពលរដ្ឋ អោយមានប្រសិទ្ធិផងចុះ៕ ដោយ រិទ្ធិ ជ័យ